ព័ត៌មានទាន់ហេតុការណ៍៖

ការប្រឡងសញ្ញាបត្រទុតិយភូមិអាចធ្វើបានតែលទ្ធផលមានត្រឹមជាប់ ធ្លាក់ មិនមានការដាក់ពិន្ទុទេ

ចែករំលែក៖

ភ្នំពេញ៖ ក្រសួងអប់រំ យុវជននិងកីឡា ប្រកាសលើកទឹកចិត្តគ្រឹះស្ថានសិក្សាឯកជនរៀបចំការប្រឡងមធ្យមសិក្សាបឋមភូមិ និងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិដោយខ្លួនឯង ក្នុងពេលកាលបរិច្ឆេទប្រឡងថ្នាក់ជាតិ នៅតែមិនទាន់កំណត់ពេលច្បាស់លាស់។
លោកហង្ស ជួនណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជននិងកីឡាបញ្ជាក់នៅក្នុងសន្និសីទកាសែតនារសៀលថ្ងៃទី៧ខែឧសភាឆ្នាំ២០២០នេះថា ស្ថានភាពជំងឺកូវីដនៅតែមានភាពស្រួចស្រាលនៅឡើយ ។ ដូច្នេះក្រសួងមិនទាន់កំណត់កាលបរិច្ឆេទ សម្រាប់ការរៀបចំការប្រឡងថ្នាក់ជាតិ តែក្រសួងលើកទឹកចិត្តដល់សាលាឯកជនដំណើរការប្រឡងរៀងៗខ្លួន បើមានការស្នើសុំ ហើយក្រសួងនឹងចុះពិនិត្យមើលដើម្បីធានាគុណភាពការប្រឡង។
លោកបញ្ជាក់ថា ការប្រលងគិតត្រឹមជាប់ធ្លាក់ប៉ុណ្ណោះ មិនមានការដាក់និទ្ទេស A ឬ Bទេ។
លោក ហង់ ជួនណារ៉ុន បានបញ្ជាក់បន្ថែមថា គ្រឹះស្ថានសិក្សាឯកជន អាចចេញសញ្ញាបត្រដោយមានការទទួលស្គាល់ពីក្រសួង ប៉ុន្តែសាម៉ីគ្រឹះស្ថានសិក្សាត្រូវចុះហត្ថលេខាដោយខ្លួនឯង ហើយក្រសួងនឹងចុះអធិការកិច្ចតាមការចាំបាច់ ដើម្បីធានានូវគុណភាពនៃសញ្ញាបត្រ។
ងាកមកការប្រឡងថ្នាក់ជាតិវិញ ក្រសួងរៀបចំសេណារីយ៉ូឆ្លើយតបសភាពការណ៍នេះ នៅពេលណាដែលស្ថានភាពជំងឺកូវិដ១៩ចប់ ហើយស្ថានភាពអាចគ្រប់គ្រងបាន។ ពេលសាលាដំណើរការឡើងវិញ ត្រូវទុកពេលឲ្យសិស្សរៀនបន្ថែម ក្រសួង ធានាខុសត្រូវចំពោះអាណាព្យាបាល ប្រទេសជាតិ មិនត្រូវឲ្យសិស្សស្ថិតក្នុងស្ថានភាពប្រថុយប្រថាននោះទេ។
លោករដ្ឋមន្រ្តីបន្តថា ក្រសួងត្រូវប្រយ័ត្នប្រយែង ត្រូវគោរពស្តង់ដារគម្លាតសង្គម ។ លោកឲ្យដឹងថា ពេលនេះមានតែ ប្រទេស៩ ក្នុងចំណោមជិត ២០០ បានបើកសាលារៀនឡើងវិញ តែមានការគ្រប់គ្រងយ៉ាងតឹងរ៉ឹង។
លោកក៏អំពាវនាវសិស្សានុសិស្ស អាណាព្យាបាល បន្តគិតគូរសុវត្ថិភាពផ្ទាល់ខ្លួន អនុវត្តតាមការណែនាំរបស់សុខាភិបាល។ ការប្រយុទ្ធជំងឺកូវដីដូចស្ថានភាពសង្គ្រាមរវាងមនុស្សនិងមេរោគ មិនដឹងបញ្ចប់នៅពេលណាទេ។ គ្រប់គ្នាត្រូវបង្កើតបរិយាកាសមួយដែលអាចឲ្យសិស្សបន្តរៀនបាន និងបន្តយកចិត្តទុកដាក់សុវត្ថិភាពផ្ទាល់ខ្លួន និងសហគមន៍៕ហេង សូរិយា


ចែករំលែក៖