ព័ត៌មានទាន់ហេតុការណ៍៖

តើអ្វីដែលហៅថា គម្លាតសង្គម និងគម្លាតបុគ្គល

ចែករំលែក៖

ភ្នំពេញ៖ លោកវេជ្ជបណ្ឌិត លី សូវ៉ាន់ ប្រធាននាយកដ្ឋានប្រយុទ្ធជំងឺឆ្លង និងជាអ្នកនាំពាក្យក្រសួងសុខាភិបាល បានបកស្រាយអំពីអ្វីដែលហៅថា គម្លាតសង្គម និង គម្លាតបុគ្គល នៅក្នុងអំឡុងពេលអនុវត្តបទបញ្ជា ឬក៏សេចក្តីណែនាំ របស់ប្រមុខរាជរដ្ឋាភិបាល សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងក្រសួងសុខាភិបាលក៏ដូចជាអាជ្ញាធរពាក់ព័ន្ធដែលជាវិធានការដើម្បីការពារការឆ្លងរីករាលដាលនៅក្នុងប្រទេសកម្ពុជា ។
ថ្លែងប្រាប់អ្នកយកព័ត៌មាន នៅព្រឹកថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០២០នេះ លោកវេជ្ជបណ្ឌិត បានពន្យល់ថា៖ “គម្លាតសង្គមគឺជាការដាក់ខ្លួនឱ្យឆ្ងាយពីសង្គម ដូចជាពិធីអាពាហ៍ពិពាហ៍ ខួបកំណើត ពិធីសាសនានានា ឡើងផ្ទះ ជប់លៀង ។ល។ ហើយដែលត្រូវតែអនុវត្តព្រមគ្នាជាមួយនឹងគម្លាតបុគ្គល។ ខ្ញុំសូមបញ្ជាក់បន្ថែមថា គម្លាតបុគ្គលគឺការប្រាស្រ័យទាក់ទងគ្នាពីម្នាក់ទៅម្នាក់ ជួបដោយការងារ ឬគ្រួសារ និងការទិញលក់ទំនិញជាដើម គឺត្រូវរក្សាគម្លាតពីគ្នាយ៉ាងហោចណាស់ ១.៥ម៉ែត្រឡើងទៅ ហើយត្រូវពាក់ម៉ាស និងមានជែល ឬអាល់កុលសម្រាប់សម្អាតដៃ”។

លោកលី សូវ៉ាន់ បានបន្ថែមថា៖ “ក្នុងករណីដែលពុំអាចចៀសវាងបាន តាមរយៈការអនុវត្តគម្លាតសង្គម ឬគម្លាតបុគ្គល សូមបងប្អូនប្រជាពលរដ្ឋទាំងអស់ត្រូវតែមានវិធានអនាម័យជាប់ជានិច្ច ដែលយ៉ាងហោចណាស់ក៏អាចការពារការឆ្លងពីគេមកយើងផងដែរ ព្រោះថាពិតមែនតែពុំមានករណីរកឃើញណាមួយនៃជំងឺកូវីដ១៩ ជាង៣សប្ហាហ៍មកហើយ ក៏ករណីនាំចូលអាចកើតមានឡើងជាយថាហេតុ”។

ដោយឡែកទាក់ទិនទៅនឹងស្ថានភាពអ្នកជំងឺដែលនៅសេសសល់ទាំងពីរនាក់វិញ លោក លី សុវណ្ណបានបញ្ជាក់ថា៖ “គឺនារីអាយុ៣៦ឆ្នាំ ដែលកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តបន្ទាយមានជ័យ និងបុរសអាយុ៧៥ឆ្នាំ ដែលកំពុងសម្រាកព្យាបាលនៅខេត្តកំពង់ឆ្នាំង គឺអ្នកជំងឺទាំងពីរនាក់នេះ បានចូលសម្រាកព្យាបាលជាង១ខែមកហើយដូចគ្នា ប៉ុន្តែបន្ទាប់ពីការពិនិត្យលទ្ធផលវិភាគ ដែលយើងបានធ្វើលើពួកគាត់ជាង១០ដងមកហើយ នៅតែបន្តវិជ្ជមានដដែល បើទោះជាស្ថានភាពរបស់ពួកគាត់ល្អប្រសើរ ដោយពុំមានចេញរោគសញ្ញាណាមួយគួរឱ្យព្រួយបារម្ភនោះទេ។ ដោយមូលហេតុនេះ ទើបធ្វើឱ្យពួកគាត់មានបញ្ហាសុខភាពផ្លូវចិត្តខ្លះៗ ដែលតម្រូវឱ្យគ្រូពេទ្យយើង ពិគ្រោះយោបល់ អំពីសុខភាពផ្លូវចិត្តរបស់ពួកគាត់”។

លោកស្រី វេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការនិងជាអ្នកនាំពាក្យក្រសួងសុខាភិាល បានថ្លែង នៅព្រឹកថ្ងៃនេះថា ក្រសួងសុខាភិបាលបានសម្រេចចិត្តនាំអ្នកជំងឺទាំងពីរនាក់នេះ មកសម្រាកព្យាបាលនៅមន្ទីរពេទ្យមិត្តភាពខ្មែរសូវៀតហើយ។

គួររម្លឹកថា គិតត្រឹមពីការរកឃើញករណីដំបូងកាលពីថ្ងៃទី២៧ ខែមករា លើបុរសជនជាតិចិន អាយុ៦០ឆ្នាំមក ក្រសួងសុខាភិបាលបានធ្វើតេស្តវិភាគ រកមេរោគកូវីដ១៩ បានចំនួន ១៣,០៧៥នាក់ហើយ ដែលក្នុងនោះ វិជ្ជមានចំនួន១២២នាក់ ព្យាបាលជាសះស្បើយ១២០នាក់ និងកំពុងព្យាបាល០២នាក់៕ហេង សូរិយា


ចែករំលែក៖