ទីក្រុងញូវដេលី៖ បុគ្គលិកក្រុមហ៊ុនឱសថ២នាក់ ក្នុងនោះម្នាក់បានស្លាប់ និងម្នាក់ទៀតត្រូវបានដឹកបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ បន្ទាប់ពីពួកគេបានសាកល្បងផឹករូបមន្តថ្នាំព្យាបាលជំងឺកូវីដ-១៩ដែលផ្សំឡើងដោយខ្លួនឯង ។
ជនរងគ្រោះដែលផឹកសាកល្បងថ្នាំខុសបច្ចេកទេសនោះ ម្នាក់ឈ្មោះ K Sivanesan អាយុ៤៧ឆ្នាំ បានស្លាប់នៅនឺងកន្លែងតែម្តង ខណៈម្នាក់ទៀតឈ្មោះ Rajkumar ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យទាន់ពេលវេលា ដើម្បីជួយសង្រ្គោះពីការពុល។
បើតាមមេប៉ូលិសឥណ្ឌា ប្រចាំតំបន់កើតហេតុបានបញ្ជាក់ឱ្យដឹងថា ឈ្មោះ Sivanesan បានទិញសារធាតុគីមីនោះពីផ្សារ ហើយបង្កើតរូបមន្តថ្នាំដោយខ្លួនឯងបន្ទាប់ពីបានធ្វើការស្រាវជ្រាវនៅលើប្រព័ន្ធអ៉ីនធើណេត។
តាមការចេញផ្សាយដោយសារព័ត៌មាន CNA នៅថ្ងៃសៅរ៍ ទី០៩ ខែឧសភា ឆ្នាំ២០២០ បាននិយាយថា បុគ្គលិកក្រុមហ៊ុនឱសថ២នាក់ ដើម្បីស្រាវជ្រាវរកវ៉ាក់សាំងប្រឆាំងនឹងកូវីដ-១៩ ពួកគេបានធ្វើតេស្តរូបមន្តថ្នាំខ្លួនឯង ដែលមានលាយឡំនូវ សារធាតុគីមី nitric oxide និងsodium nitrate នៅឯលំនៅឋានមួយកន្លែង ស្ថិតក្នុងទីក្រុង Chennai នៃរដ្ឋ Tamil Nadu ភាគខាងត្បូងប្រទេសឥណ្ឌា។
គួរជម្រាបថា មកទល់ពេលនេះ មិនទាន់មានថ្នាំព្យាបាល ឬមួយក៏វ៉ាក់សាំងផ្លូវការ ដើម្បីប្រឆាំងនឹងកូវីដ-១៩ នៅឡើយទេ។ សម្រាប់នៅក្នុងប្រទេសឥណ្ឌា គឺមានអ្នកឆ្លងជំងឺនេះសរុបជិត៦០,០០០នាក់៕ដោយ៖ស តារា