ព័ត៌មានទាន់ហេតុការណ៍៖

លោក តាន់ ផាន់ណារ៉ា៖ ខ្ញុំអោយមន្ត្រីចុះមើលហើយ ទីតាំង​ទីសត្ដឃាត ​នៅ​បឹង​ក្រពើ​ កំពុង​​បង្ក​ផល​ប៉ះពាល់ ​និង​ជះ​ក្លិនស្អុយ លើប្រជាពលរដ្ឋ

ចែករំលែក៖

ភ្នំពេញ៖ ខ្ញុំបានអោយមន្ត្រីជំនាញចុះពិនិត្យហើយ ចំពោះទីតាំងទីសត្តឃាត(កុងសុីកាប់ជ្រូក) កំពុង​​បង្ក​ផល​ប៉ះពាល់ ​និង​ជះ​ក្លិនស្អុយ លើប្រជាពលរដ្ឋ រស់នៅជុំវិញ បន្ទាប់ពីមានការសំណូមពរអោយប្តូរទីតាំង។ លោក តាន់ ផាន់ណារ៉ា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ ក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ បានថ្លែងបែបនេះ នៅពីព្រឹកថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២០។
តាមទូរស័ព្ទជាមួយអង្គភាព «នគរវត្ត» លោក តាន់ ផាន់ណារ៉ា បានបញ្ជាក់ថា៖ «បន្ទាប់ពីមានការសំណូមពរពីប្រជាពលរដ្ឋ និងឃើញប្រព័ន្ធផ្សព្វផ្សាយ លើកឡើងក្នុងករណីហ្នឹង ខ្ញុំបានចាត់ចែងអោយមន្ត្រីចុះទៅពិនិត្យធ្វើការហើយ តាមរយៈលិខិតបេសកកម្មផ្លូវការ ទៅលើទីតាំងកុងសុីកាប់ជ្រូកនោះ»។ លោកបន្តថា៖ «ខ្ញុំរងចាំតែរបាយការណ៍ ពីមន្ត្រីជំនាញរបស់ខ្ញុំ ធ្វើរាយការណ៍មកវិញតែប៉ុណ្ណោះ ដើម្បីមានវិធានការជាក់ស្តែង តាមការចុះពិនិត្យ។

សូមបញ្ជាក់ថា៖ យោងទៅតាមតថភាពជាក់ស្តែង ឃើញថា ប្រជាពលរដ្ឋជាច្រើន រងគ្រោះធ្ងន់ធ្ងរ ពីផលប៉ៈពាល់បរិស្ថាន សម្រាប់ការរស់នៅប្រចាំ នូវបញ្ហាសុខភាព ជះដោយក្លិន ឆ្អេះ ឆ្អាប ស្អុយ ហុយ រំពងសម្លេង ចេញពីកុងសុីកាប់ជ្រូក ដ៏ធំនៅបឹងក្រពើ នោះ ឈានដល់ លោក តាន់ ផាន់ណារ៉ា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ ក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ បានឯកភាព​​ចំពោះ​កង្វល់​​ពលរដ្ឋ ​ក្នុងការដោះដូរ​​ទីតាំង​ទីសត្ដឃាត ​នៅ​បឹង​ក្រពើ​ ទៅតំបន់ផ្សេងពីកន្លែងពួកគាត់រស់នៅ។
ប្រជាពលរដ្ឋ​ជាច្រើន បាន​សម្ដែង​ការ​ថ្នាំង​ថ្នាក់​ចំពោះ​ម្ចាស់​អាជីវកម្ម​ទី​សត្តឃាត​ដ៏​ធំ​មួ​យ​កន្លែង​នៅ បឹងក្រពើ​ ​ហៅ​ថា (កុងស៊ី​កាប់​ជ្រូក​) ដែល​កំពុង​បង្ក​ផល​ប៉ះពាល់​យ៉ាង​ធ្ងន់ធ្ងរ ​លើ​បញ្ហា​អនាម័យ​បរិស្ថាន​ ជា​ពិសេស​ជះ​ក្លិនស្អុយ​កំពុង​សាយភាយ​ពេញបន្ទុក។
ជុំវិញបញ្ហា​នេះ កាលព្រឹក​ថ្ងៃ​ទី​១០ ខែឧសភា​ ឆ្នាំ​២០២០ ប្រជាពលរដ្ឋ រស់នៅ​ភូមិ​ដំណាក់​ធំ សង្កាត់​ស្ទឹង​មាន​ជ័យ ​ខណ្ឌមានជ័យ​ ​និយាយក្នុងល័ក្ខខ័ណ្ឌសុំ​មិន​បញ្ចេញ​ឈ្មោះ ខណៈខ្លាចអំណាចម្ចាស់កុងសុីកាប់ជ្រូក បាន​​​ប្រាប់​ក្រុម​​អ្នក​ព័ត៌​មានថា ​៖ ការ​រស់នៅ​ជុំវិញ​ទី​តាំង​ទីសត្តឃាត​ កំពុង​រង​ផល​ប៉ះពាល់​​បរិស្ថាន ​និង​ជះ​​ក្លិនស្អុយ​អាសោច​ ពួកគាត់ងាយគ្រោះដល់សុខភាព។ ដូច្នេះ ​ស្នើ​ដល់​​​ដល់​អាជ្ញាធរ​ពាក់ព័ន្ធ ​ក៏​ដូច​អាជ្ញាធរ​រាជ​ធានី​ភ្នំពេញ ​សុំ​ឲ្យ​ទី​សត្ដឃាត​មួយ​កន្លែង​នេះ ​ទៅ​បង្កើត​ឲ្យ​ឆ្ងាយ​ពី​ទី​ប្រជុំជន ​ឫ ​អាច​ទៅ​បង្កើត​នៅ​ជាយក្រុង​ ​ដើម្បី​ជៀសវាង​ផល​ប៉ះពាល់​ ដល់​ប្រជាពលរដ្ឋ​ ក៏​ដូច​ជា​ក្រុម​កម្មករ​ជាដើម​ ដែលកំពុងរស់នៅដ៏ច្រើនកុះករ។
អ្នកខ្លះមានទម្លាយថា៖ ចំពោះការដឹកជញ្ជូនជ្រូកវិញ នៅទីតាំងទីសត្តឃាត នេះ ហាក់ពុំមានការពិនិត្យសុខភាពសត្វ អោយបានត្រឹមត្រូវ ដែលងាយធ្វើអោយប៉ៈពាល់សុខភាព ដល់ប្រជាពលរដ្ឋ ជាអ្នកជាវទៅធ្វើម្ហូបអាហារ ខណៈបន្លំនាំចូលជ្រូកមានសុខភាពមិនល្អ ជ្រូកក្រហម ជ្រូកប្រើចំណីដាក់ ច្រើនបង្ខំអោយធំមុនការកំណត់ ។ ជ្រូកប្រភេទនេះងាយធ្វើអោយស្ត្រីមានអាការៈមិនល្អ ដូចជាជំងឺមហារីកស្បូន មហារីសុដន់ នេះជាដើម។ បញ្ហានេះតម្រូវអោយជំនាញពេទ្យសត្វ ជួយពិនិត្យសុខភាពសត្វជ្រូក អោយបានម៉ត់ចត់ផង មុនដឹកចូល ឬធ្វើឃាត ក្នុងទីសត្តឃាត នៅបឹងក្រពើនេះ។
យ៉ាងតិចក៏មានជ្រូកមានសុខភាពមិនល្អ ប្រមាណជាជាង៣០ ភាគរយ ត្រូវបានកាប់ធ្វើអាជីវកម្ម ចែកចាយលក់ក្នុងរាជធានីភ្នំពេញ ប្រសិនបើខាងជំនាញពេទ្យសត្វ កាន់ផែននៅទីនោះធ្វើការនៅមានកម្រិត។ ម្យ៉ាងវិញទៀត ករណីប៉ៈពាល់ បរិស្ថាន សុខភាព ពលរដ្ឋ ការជៈក្លិនស្អុយ ឆ្អេះ ឆ្អាប កំពុងកើតមានពេញបន្ទុក។
ពាក់ព័ន្ធ​បញ្ហា​ខាងលើ​នេះ ​លោក តាន់ ផាន់ណារ៉ា​ តាន់ ផាន់ណារ៉ា ប្រតិ​​ភូរាជ​រដ្ឋាភិបាល​ទទួល​បន្ទុក​ជាអគ្គនាយក ​នៃ​អគ្គ​នាយកដ្ឋាន​សុខភាព​សត្វ ​និង​ផលិត​កម្មសត្វ ​លោកបានឯកភាព ចំពោះ​កង្វល់​​របស់​ប្រជា​ពលរដ្ឋ។ ដោយលោកបញ្ជាក់ថា៖ ​​​​បញ្ហា​ហ្នឹង​ យើង​​ក៏ធ្លាប់​បាន​ធ្វើការ​ណែនាំ​ដល់​ម្ចាស់​ទីសត្ដឃាត​ ​ឲ្យ​រក​កន្លែង​ផ្សេង​ផងដែរ​ តែ​ខាង ​ម្ចាស់​ទីសត្ដឃាត សុំ​ពេល​វេលា ​ដោយ​មិនបាន​បញ្ជាក់​ពេល​វេលាច្បាស់លាស់​នោះឡើយ​ ។​
លោកបាន​បញ្ជាក់​ទៀត​ថា៖ បច្ចុប្បន្នយើង​ ក៏​កំពុងតែ​ធ្វើ​ការ​ងារ​ហ្នឹង​ជាមួយ​ម្ចាស់​ទីសត្ដឃាត​ផងដែរ ​។
គួរបញ្ជាក់ថា កុងស៊ី​កាប់​ជ្រូក​មួយ​នេះ ​មានអាយុកាល រាប់​សិបឆ្នាំ​មកហើយ ​​​ចាប់​តាំងពី​តំបន់​នោះ ​មិនទាន់​មានការ​អភិវឌ្ឍន៍​មក​ម្ល៉េះ ​និង​មិនសូវ​មាន​ប្រជាពលរដ្ឋ​រស់នៅ​ តែ​បច្ចុប្បន្ន​​ប្រទេស​មានការ​អភិវឌ្ឍ​ជា​បន្ដ​បន្ទាប់​ និង​រោង​ចក្រ​កើត​ឡើង​ ព្រោងព្រាត​​ ធ្វើឲ្យ​កំណើន​មនុស្ស​នៅ​តំបន់​រស់​នៅ​យ៉ាងច្រើនកុះករ​ ។ ចំណែក​ទីសត្ដឃាត ​ ​ឫហៅ​ថា​កុងស៊ី​កាប់​ជ្រូក​ ​​​ជា​របស់​ក្រុមហ៊ុន ​«ដានីដេង​ »​ ​ស្ថិត​នៅកែង ស្តុបលូ៥ ម្ដុំបឹងក្រពើ ​ផ្លូវវេងស្រេង ​​ក្នុងមួយថ្ងៃៗ ​កាប់​ជ្រូក​ចំនួន​២ដង ​ក្នុង​ចន្លោះ​ម៉ោង ៤ទៅ​៥ ល្ងាច-ព្រឹក​ ​រថយន្ដ​ធំៗ​តទ្រុង​ដឹក​ជញ្ជូន​ជ្រូក​ក្នុងមួយថ្ងៃៗ​ រាប់​រយ​ក្បាល ​បង្ក​ការ​ស្ទះ​ចរាចរណ៍ ​​​​​ជះ​ក្លិន​ស្អុយ​អាចម៍​ជ្រូក​រាប់​ខែ ​រាប់​ឆ្នាំ​មក​ហើយ​ ប្រជាពលរដ្ឋ​ស្ទើរតែ​ទ្រាំ​លែង​បាន​ទៅ​​ហើយ ។ ​ជាមួយ ​នឹង​បញ្ហា​នេះ​ ​អង្គភាព «នគរវត្ត» មិន​អាច​សុំ​ការ​​ការ​ពន្យល់​បក​ស្រាយ​​​ពី​ម្ចាស់​ក្រុមហ៊ុន ​ដានីដេង​ បាននៅ​ឡើយ​ទេ ​ជុំវិញ​បាតុភាព​រស់នៅ​​របស់​​ពលរដ្ឋ​ក្នុង​តំបន់​នោះ នៅរសៀលថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២០ ដោយគ្មានលេខទូរស័ព្ទ។
សូមរម្លឹកថា៖ ថ្មីៗនេះ ខាងអគ្គ​នាយកដ្ឋាន​សុខភាព​សត្វ​ និងផលិតកម្មសត្វ របស់​ក្រសួង​កសិកម្មរុក្ខាប្រមាញ់ និងនេសាទ បានចុះ​ចាប់​ឡាន​​​ដឹក​ជ្រូក​«ក្រុម​ហ៊ុនដានីដេង»​ នាំ​ចូល​ពី​ថៃ ​​​រំលោភ​លើ​ច្បាប់​ដឹកជ​ញ្ជូន​ ។ មន្ត្រី​ជំនាញ​បានបញ្ជាក់ថា៖ ​ចុះចាប់​​​​រថយន្ដ​​ដឹក​ជញ្ជូន​សត្វ​ជ្រូក​ ​នាំ​ចូល​ពី​ប្រទេស​ថៃ​របស់​លោក ខូវ ហេង នៃ​«ក្រុមហ៊ុនដានីដេង» ​តាម​​ច្រកអន្តរជាតិ​អូរស្មាច់ ​ក្នុង​សង្កាត់អូរស្មាច់ ​ក្រុង​សំរោង​ ខេត្តឧត្តរមានជ័យ ​សង្ស័យ​មាន​ភាព​ខុសប្រក្រតី​ ​ និង​មិន​គោរព​តាមច្បាប់​ដឹកញ្ជូន​ ។
ប្រតិបត្តិការនេះ ធ្វើឡើង ​នៅ​វេលាម៉ោង ៥ និង ៤៣នាទីល្ងាច ថ្ងៃទី​០៥ ខែឧសភា ឆ្នាំ ​២០២០ នៅ​លើផ្លូវជាតិលេខ៦៦ ​ត្រង់ចំណុចបង្គោលគីឡូលេខ១២១ ស្ថិត​នៅឃុំអន្លង់វែង ​ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ ​ដោយ​កម្លាំង​អគ្គ​នាយក​ដ្ឋាន​សុខ​ភាព​សត្វ ​និង​ផលិត​កម្ម​សត្វ​របស់​ក្រសួង​៕សុខ ខេមរា


ចែករំលែក៖