ភ្នំពេញ ៖ បុរសមិនស្គាល់អត្តសញ្ញាណម្នាក់ បានបញ្ចប់ជីវិតដោយលោតសម្លាប់ខ្លួនពីលើសណ្ឋាគារឡាក់គីស្ដារ២ ជាន់ទី៧ បណ្តាលឱ្យស្លាប់ក្រោយពីបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យកាល់ម៉ែត។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១១យប់ ថ្ងៃទី១០ខែឧសភាឆ្នាំ២០២០ នៅចំណុច សណ្ឋាគារឡាក់គីស្តារ២ស្ថិតនៅតាមបណ្ដោយផ្លូវ លេខ៣៣៦ ក្រុមទី២០ ភូមិ៤ សង្កាត់ផ្សារដើមគ ខណ្ឌទួលគោក។
សពគេមិនទាន់ស្គាល់អត្តសញ្ញាណនៅឡើយ មានអាយុប្រហែល ២៨ទៅ៣០ឆ្នាំ ជនជាតិខ្មែរ មានភិនភាគ សម្បុរសល្មម , សក់ស្លូតវែង , ពាក់អាវសាច់ក្រណាត់ពណ៌ទឹកក្រូចដៃខ្លី , ស្លៀកខោខូវប៊យពណ៌ទឹកប៊ិច និងពាក់ស្បែកជើងប៉ាតា ពណ៌ស ។
យោងតាមរបាយការណ៍របស់នគរបាលបានឱ្យដឹងថា តាមការបំភ្លឺរបស់ឈ្មោះ ថុក ថារី ភេទស្រី អាយុ២៧ឆ្នាំ ជនជាតិខ្មែរ មុខរបរជាអ្នកគ្រប់គ្រងផ្នែកសម្អាតបន្ទប់បានអះអាងថា៖ នៅថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២០ វេលាម៉ោងប្រហែល៣និង៤០នាទី ខ្លួនកំពុងធ្វើការស្រាប់តែបុគ្គលិកផ្នែកគិតលុយបានឆាតមកប្រាប់ខ្លួនថា មានភ្ញៀវប្រុសម្នាក់អាយុប្រហែល២៨ទៅ៣០ឆ្នាំ ជនជាតិខ្មែរ បានមកជួលបន្ទប់លេខ៧០៩ ជាន់ទី៧ នៃសណ្ឋាគារឡាក់គីស្ដារ២ ស្នាក់នៅមួយយប់តម្លៃ១៨ដុល្លារ រួចហើយក៏ជួលឲ្យភ្ញៀវនោះសម្រាកទៅ ដោយខាងអ្នកគិតលុយមិនបានយកអត្តសញ្ញាណសម្គាល់របស់ភ្ញៀវនោះទេ រហូតដល់ម៉ោងប្រហែល ១០និង៤៥នាទីយប់ ថ្ងៃដដែល អ្នកគិតលុយបានឆាតមកប្រាប់ខ្លួនថា ភ្ញៀវបន្ទប់លេខ៧០៩ បានលោតពីលើបន្ទប់ជាន់ទី៧ ធ្លាក់មកខាងក្រោមរបួសធ្ងន់ ត្រូវបាន ដឹកយកទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យកាល់ម៉ែត។ លុះមកដល់ម៉ោងប្រហែល ២រំលងអធ្រាត្រឈានចូលថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២០ ជនរងគ្រោះខាងលើបានស្លាប់បាត់ហើយ ។
សពតម្កល់ទុកនៅកន្លែងតម្កល់សព ក្នុងមន្ទីរពេទ្យកាល់ម៉ែត រង់ចាំការិយាល័យជំនាញ និងគ្រូពេទ្យកោសល្យវិច័យ ពិនិត្យ និងរង់ចាំក្រុមគ្រួសារមកទទួលយកទៅធ្វើបុណ្យតាមប្រពៃណី ៕
ជ្រោយពេជ្រ