ប្រទេសស៉ីលី៖ យោងតាមទូរទស្សន៍សិង្ហបុរី Channel News Asia បានចុះផ្សាយថា ស្ថានីយរមណីយដ្ឋានកម្សាន្តស្គីទឹកកកនៃទីក្រុងSantiago ប្រទេសស៊ីលី ជាតំបន់ជួរភ្នំ Andes នៃទ្វីបអាមេរិកខាងត្បូង កាលពីប៉ុន្មានទសវត្សរ៍មុន ធ្លាប់ទទួលកម្រាស់ព្រិលរហូតដល់ទី៤ម៉ែត្រឯណោះដោយពេលខ្លះមិនអាចអនុញ្ញាតឲ្យរថយន្តធ្វើដំណើរបាននៅតាមផ្លូវផង ។ប៉ុន្តែឆ្នាំនេះ បន្ទាប់ពីមានការបម្រែបម្រួលអាកាសធាតុ រមណីយដ្ឋានកម្សាន្តស្គីទឹកកកនេះ បាននឹងកំពុងជួបប្រទះជាមួយបញ្ហាកង្វះបរិមាណព្រិលដែលធ្លាក់ចុះមកតែ៣ដងប៉ុណ្ណោះនិងមិនលើសពី៣០សង់ទីម៉ែត្រនោះទេ នៅតាមជួរភ្នំ ។ ដោយកាលពីមុនមក តំបន់ទាំងនេះតែងទទួលបានបរិមាណព្រិលធម្មតាជានិច្ច។
សាស្ត្រាចារ្យម្នាក់នៅឯសកលវិទ្យាល័យនៃទីក្រុង Santiago លោក Raul Cordero បាននិយាយថា តាំងពីពេលនោះមក កម្រិតព្រិលបានធ្លាក់ចុះពី៥ភាគរយ ទៅ១០ភាគរយជារៀងរាល់១០ឆ្នាំម្តង នៅក្នុងតំបន់ជួរភ្នំ Andes ទាំងមូល។ ក្នុងបរិមាណនេះ ព្រិលដែលមាននៅលើភ្នំAndes នឹងត្រូវបាត់បង់កាន់តែខ្លាំង។
ចំណែកសារធាតុបំពុលដោយមនុស្សមានដូចជា៖ សារធាតុកាបូន និង ស៊ូត(Soot) មាននាទីក្នុងការពន្លឿនសកម្មភាពរលាយនៃទឹកកក។ នេះគឺដោយសារតែសារធាតុខាងលើស្រូបកម្តៅពីព្រះអាទិត្យបានល្អ ដែលធ្វើឲ្យទឹកកករលាយកាន់តែខ្លាំង។ សារធាតុទាំងអស់នោះ ធ្វើដំណើរចេញពីទីក្រុងតាមចរន្តខ្យល់ រហូតដល់វាធ្វើដំណើរទៅក្នុងតំបន់ភ្នំ។
ដោយសារតែម៉ាស៊ីនផលិតព្រិលទាំងនេះហើយ ទើបធ្វើឲ្យរមណីយដ្ឋាននៅតាមជួរភ្នំនេះមួយចំនួនអាចនៅបន្តទទួលភ្ញៀវមកលេងកម្សាន្តបាន ទោះបីព្រិលពីធម្មជាតិធ្លាក់មិនបានគ្រប់គ្រាន់មែនក្តី។ ម៉ាស៊ីនទាំងនោះប្រើប្រាស់សីតុណ្ហភាពទាប និងសំណើមបរិយាកាសខ្ពស់ក្នុងការផលិតគ្រាប់ព្រិលចេញពីទឹក។
អ្នកកីឡាករស្គីម្នាក់ជនជាតិកាណាដា Megan Farrell បាននិយាយថា៖«បើគ្មានព្រិលគ្រប់គ្រាន់នោះទេ តំបន់ស្គីក៏មិនសូវជាមានទូលសម្រាប់ជិះស្គីដែរ។ កីឡាស្គីទាមទារឲ្យមានលក្ខណៈសណ្ឋានដីផ្សេងៗ ដូចជាទីទូល និងរយៈកម្ពស់ផ្សេងៗ»។
ដោយឡែកជនជាតិឈីលីម្នាក់ទៀត ក៏បាននិយាយដែរថា៖«អ្នកអាចដឹងព្រិលទាំងនោះមានលក្ខណៈរឹងជាងធម្មតា និងសម្បូរទៅដោយដុំថ្មនៅពេលដែលព្រិលរលាយ។ ព្រិលដែលផលិតចេញពីម៉ាស៊ីននេះ មិនមានលក្ខណៈពិសេសដូចព្រិលធម្មជាតិនោះទេ»៕ដោយ៖ស តារា