ខេត្តរតនគិរី៖ ទីស្នាក់ការប៉ុស្តិ៍ឧទ្យានជាតិវរជ័យចំនួន២ខ្នងត្រូវបានប្រជាពលរដ្ឋចំនួន៧៥នាក់បាននាំគ្នាសម្រុកចូលទៅដុតកម្ទេចបំផ្លាញចោលបណ្តាលឱ្យខូចខាតសម្ភារអស់ជាច្រើន។
ហេតុការណ៍ប្រជាពលរដ្ឋនាំគ្នាទៅដុតបំផ្លាញទីស្នាក់ការប៉ុស្តិ៍ឧទ្យានជាតិវរជ័យចំនួន២ខ្នងនោះបានកើតឡើងនៅថ្ងៃទី១០ខែឧសភាឆ្នាំ២០២០ត្រង់ចំណុចអូរឡាប៉ង ស្ថិតក្នុងភូមិតាបូក ឃុំតាវែងលើ ស្រុកតាវែង ខេត្តរតនគិរី។
ក្រោយពីទទួលព័ត៌មានភ្លាមកម្លាំងនគរបាលស្រុកតាវែងបានសហការគ្នាចុះត្រួតពិនិត្យនិងស៊ើបអង្កេតករណីខាងលើនេះភ្លាមដែរ។
តាមប្រភពបង្ហើបថា ដោយសារមន្ត្រីឧទ្យានុរក្សចំនួន៤នាក់ទី១-ឈ្មោះបាន អន ជាមេដឹកនាំ។ទី២-ឈ្មោះទុំ វ័ន,
ទី៣-ឈ្មោះសាយ សំអាន និងទី៤-ឈ្មោះជា ប៊ុនលឿ។
មន្ត្រីឧទ្យានុរក្ស៤នាក់នេះបានចុះទៅដកហូតដីចម្ការរបស់ប្រជាពលរដ្ឋហើយវាយស្លាកសញ្ញាលើដើមឈើដោយសរសេរថាដីនេះត្រូវដកហូត ព្រមទាំងដុតខ្ទមចម្ការរបស់ប្រជាពលរដ្ឋអស់ចំនួន២កន្លែងកាលពីថ្ងៃទី៩ខែឧសភាឆ្នាំ២០២០កន្លងទៅ។
ប្រភពដដែលបន្តថា ដោយសារតែមានគំនុំជាមួយមន្ត្រីឧទ្យានុរក្សនោះហើយទើបពួកគាត់កៀរគរគ្នាជិត១០០នាក់ជិះម៉ូតូ៤០គ្រឿងមកដុតបំផ្លាញទីស្នាក់ការឧទ្យានជាតិវរជ័យនោះចោលតែម្តង។
ការដុតកម្ទេចស្នាក់ការឧទ្យានជាតិវរជ័យនោះបង្កការខូចខាតសម្ភាររួមមាន៖ អង្ករចំនួន១ការុង,ឆ្នាំងចំនួន៦,អង្រឹងចំនួន៤,អាគុយចំនួន១គ្រឿង,កានដាក់ទឹកចំនួន៣,ក្តារងឿប្រភេទឈើកកោះចំនួន២សន្លឹក។
ទាក់ទិននិឹងហេតុការណ៍ប្រជាពលរដ្ឋលើកគ្នាមកដុតបំផ្លាញទីស្នាក់ការចោលនេះដែរលោកផុន ខេមរិន្ទ ប្រធានមន្ទីរបរិស្ថានខេត្តរតនគិរីបានប្រាប់ក្រុមអ្នកយកព័ត៌មាននៅព្រឹកថ្ងៃទី១១ខែឧសភាឆ្នាំ២០២០ថា នេះជាការដុតបំផ្លាញទ្រព្យសម្បត្តិរដ្ឋត្រូវតែប្រឈមមុខចំពោះច្បាប់។
លោកបន្តថាពេលនេះសមត្ថកិច្ចបានកំណត់មុខសញ្ញាមេខ្លោងបានរួចជាស្រេចហើយកំពុងតែរៀបចំឯកសារបញ្ជូនទៅសាលាដំបូងខេត្តរតនគិរីដើម្បីនាំខ្លួនមកផ្តន្ទាទោសតាមផ្លូវច្បាប់៕ដោយ៖ជីវ័ន្ត