ភ្នំពេញ៖ នៅព្រឹក ថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២០ នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ បានថ្លែងថា៖ ចំពោះ យានយន្តកែច្នៃសម្រាប់ដឹកកសិផលប្រជាពលរដ្ឋ មិន ត្រូវបាន ផាកពិន័យនោះទេ ចំពោះការរឹតបន្តឹងការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក។
លោកបន្តថា៖ សមត្ថកិច្ចនឹងមិនធ្វើការចាប់ផាកពិន័យចំពោះយានយន្តកែច្នៃ សម្រាប់ដឹក កសិផល ប្រជាពលរដ្ឋនោះទេ។
ដោយឡែកជុំវិញបញ្ហាខ្លះ នាយឧត្តមសេនីយ៍ ហ៊ឹម យ៉ាន អគ្គស្នងការរងនគរបាលជាតិបាន ប្រាប់ ក្រុមអ្នកសារព័ត៌មានក្រោយបញ្ចប់កិច្ចប្រជុំផ្សព្វផ្សាយវិធានការ ពង្រឹងការអនុវត្តច្បាប់ស្ដីពី ចរាចរណ៍ផ្លូវគោក នាព្រឹកថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២០នេះថា សមត្ថកិច្ចមិនទាន់អនុវត្តន៍ រឹតបន្ដឹងទៅលើពួកគាត់ទេ គឺទុកពេលឱ្យក្រសួងសាធារណការ និងដឹកជញ្ជូន បន្ដការ សិក្សា និងពិនិត្យលើការធ្វើផ្លាកលេខជូនពួកគាត់សិន។ នាយឧត្តមសេនីយ៍ បានបន្ដថា ដូច្នេះសមត្ថកិច្ចអនុគ្រោះប្រភេទយានយន្ដកែច្នៃដឹកកសិផលរបស់ប្រជាពលរដ្ឋ។
នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ ហាមមន្ត្រីនគរបាលអនុវត្តរឹតបន្តឹងច្បាប់ចរាចរណ៍ទាំងអស់ដាច់ខាតមិនត្រូវឃាត់អ្នកបើកបរ ដើម្បីត្រួតពិនិត្យឯកសារឡើយ លើកលែងតែមានអំពើល្មើសជាក់ស្ដែងប៉ុណ្ណោះ ដូចជាមិនមានស្លាកលេខ មិនពាក់មួកសុវត្ថិភាព មិនពាក់ខ្សែក្រវ៉ាត់ ………។ ល ។
សូមបញ្ជាក់ថា៖ ក្នុងរយៈពេល១សប្តាហ៍កន្លងទៅ សមត្ថកិច្ចនគរបាលចរាចរណ៍ផ្លូវគោក បានត្រួត ពិនិត្យ រកឃើញនូវបទល្មើស និងធ្វើការពិន័យចំពោះយានយន្តល្មើសច្បាប់ សរុបចំនួន ១៣,៩៦៨ ករណី។ ក្នុងនោះ មានទោចក្រយានយន្ត និងត្រីចក្រយានយន្តចំនួន១០,៨១៥ករណី ស្មើនឹង៧៧ភាគរយ និងរថយន្តគ្រប់ប្រភេទចំនួន ៣,១៥៣ករណី ស្មើនឹង២៣ភាគរយ៕ដោយ៖សិលា