ភ្នំពេញ៖នារសៀលថ្ងៃចន្ទ ៥រោច ខែពិសាខ ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២០នេះ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញទទួលព្រះរាជដំណើរយាងមាតុភូមិនិវត្តន៍ ព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត និងសម្ដេចព្រះមហាក្សត្រីព្រះវររាជមាតាជាតិ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត បន្ទាប់ពីព្រះអង្គទាំងទ្វេ ស្ដេចបានយាងពិនិត្យព្រះរាជសុខភាពតាមកាលបរិច្ឆេទថ្វាយដោយក្រុមវេជ្ជបណ្ឌិតចំណានៗ របស់រដ្ឋាភិបាលសាធារណរដ្ឋប្រជាមានិតចិន។
យាង និងអញ្ជើញទទួលព្រះរាជដំណើរមាតុភូមិនិវត្តន៍របស់ព្រះមហាក្សត្រ និងសម្ដេចព្រះវររាជមាតា នៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ នៅរសៀលថ្ងៃចន្ទនេះ រួមមានសម្ដេចវិបុលសេនាភក្ដី សាយ ឈុំ ប្រធានព្រឹទ្ធសភា, សម្ដេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា, សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី, ព្រះញាតិវង្សានុវង្ស, ឥស្សរជនថ្នាក់ដឹកនាំមន្ត្រីព្រះបរមរាជវាំង, ឥស្សរជនថ្នាក់ដឹកនាំមន្ត្រីរាជការ និងកងកម្លាំងនៃក្រសួងស្ថាប័នជាតិសំខាន់ៗ ព្រមទាំងថ្នាក់ដឹកនាំស្ថានទូតសាធារណរដ្ឋប្រជាមានិតចិន ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា។
ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង និងសម្ដេចព្រះមហាក្សត្រី ស្ដេចបានយាងពិនិត្យព្រះរាជសុខភាព នៅទីក្រុងប៉េកាំងសាធារណរដ្ឋប្រជាមានិតចិន កាលពីថ្ងៃទី១ ខែមេសា ឆ្នាំ២០២០កន្លងទៅ ។ ក្នុងកំឡុងពេលនោះ ព្រះអង្គស្ដេចបានទទួលនូវគ្រឿងដង្វាយ ថ្វាយដោយឯកឧត្តម ស៊ី ជីនពីង ប្រធានាធិបតីនៃសាធារណរដ្ឋប្រជាមានិតចិន នាឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ។ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ក៏បានសព្វព្រះរាជហឬទ័យ ទទួលជួបសវនាការជាមួយឯកឧត្តម វ៉ាង យ៉ី ទីប្រឹក្សារដ្ឋ និងជារដ្ឋមន្ត្រីក្រសួងការបរទេសចិនដែរ ៕