ព័ត៌មានទាន់ហេតុការណ៍៖

បុរសម្នាក់បើកម៉ូតូបុករថយន្តសណ្តោងទូកុងតឺន័របណ្តាលឲ្យដួលម៉ូតូរងរបួសធ្ងន់

ចែករំលែក៖

ភ្នំពេញ៖ បុរសម្នាក់បើកម៉ូតូក្នុងល្បឿនលឿនជ្រុលទៅបុករថយន្តសណ្តោងទូកុងតឺន័របណ្តាលឲ្យដួលម៉ូតូរងរបួសយ៉ាងធ្ងន់។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតទ្បើងកាលពីវេលាម៉ោង ៦និង២០នាទីព្រឹកថ្ងៃអង្គារ ៦រោច ខែពិសាខ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ត្រូវនឹងថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២០ ស្ថិតនៅតាមបណ្តោយមហាវិថីឈ្នះឈ្នះ ក្នុងភូមិត្រពាំងធ្នង់ សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ។

ប្រភពព័ត៌មាននៅកន្លែងកើតហេតុបានឲ្យដឹងថា មុនកើតហេតុ គេឃើញរថយន្តសណ្តោងទូកុងតឺន័រ ពណ៌ខៀវ ម៉ាកហ៊ីយ៉ាន់ដាយ ពាក់ស្លាកលេខ ភ្នំពេញ 3A-9143 បានធ្វើដំណើរតាមបណ្តោយមហាវិថីឈ្នះ= ឈ្នះ ក្នុងទិសដៅពីជើងទៅត្បូង ខណៈមកដល់ចំណុចកើតហេតុបានបត់ឆ្វេងបំណងបត់ត្រឡប់ក្រោយ ស្រាប់តែជនរងគ្រោះបើកម៉ូតូម៉ាកហុងដា សេ១២៥ ស៊េរីឆ្នាំ២០១៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1FU-9467 បើកលឿនក្នុងទិសដៅពីជើងទៅត្បូង ស្របទិសគ្នា បានជ្រុលទៅបុកពីទទឹងរថយន្ត ចំធុងប្រេង បណ្តាលឲ្យបោកដួលរងរបួសធ្ងន់ធ្ងរ ។

បន្ទាប់ពីកើតហេតុ ជនរងគ្រោះ ត្រូវបានរថយន្តមន្ទីរពេទ្យបង្អែកពោធិចិនតុង ដឹកបញ្ជូនទៅមន្ទីរពេទ្យព្រះកុសុម: រីឯរថយន្តនិងម៉ូតូ នគរបាលវាស់វែងរួចយកទៅរក្សាទុកនៅផ្នែកជំនាញខណ្ឌ ដើម្បីរង់ចាំដោះស្រាយគ្នានៅពេលក្រោយ៕ជ្រោយពេជ្រ

 


ចែករំលែក៖