ខេត្តសៀមរាប៖ ស្ត្រីរកស៊ីផ្លូវភេទ៤នាក់ត្រូវបានកម្លាំងនគរបាលការិយាល័យប្រឆាំងការជួញដូរមនុស្សនិងការពារអនីតិជននៃស្នងការដ្ឋាននគរបាលខេត្តសៀមរាបបញ្ជូនទៅមន្ទីរសង្គមកិច្ច អតីតយុទ្ធជននិងយុវនីតិសម្បទាខេត្ត ខណ:មេបនម្នាក់ត្រូវបានបញ្ជូនទៅតុលាការដែរ កាលពីរសៀលថ្ងៃទី១៣ ខែឧសភានេះ។
មន្ត្ត្រីនគរបាលការិយាល័យប្រឆាំងការជួញដូរមនុស្សនិងការពារអនីតិជនខេត្តសៀមរាបបានឲ្យដឹងថា កាលពីព្រលប់ថ្ងៃទី១២ខែឧសភា ឆ្នំា២០២០ កម្លាំងការិយាល័យមួយនេះបានចុះបង្ក្រាបករណីបម្រើសេវាផ្លូវភេទជ្រកក្រោមស្លាកម៉ាស្សា ដោយឃាត់ខ្លួនថៅកែហាងម្នាក់ និងរំដោះនារីបម្រើសេវាផ្លូវភេទ៤នាក់ នៅទីតាំងហាងម៉ាស្សាយីហោ រស្មីរត្ន័១៦៨ ដែលបានចុះបង្ក្រាប ស្ថិតនៅភូមិវត្តបូព៌ សង្កាត់សាលាកំរើក ក្រុងសៀមរាប។ ហាងម៉ាស្សាមួយនេះបានរកស៊ីបង្កប់សេវាផ្លូវភេទជ្រកក្រោមស្លាកម៉ាស្សា។ ស្រ្តីរកស៊ីផ្លូវភេទ៤នាក់នោះមានអនីតិជន អាយុ ១៧ ឆ្នាំម្នាក់ និង ចាប់បានថៅកែម្នាក់ឈ្មោះ ទន់ សារត្ន័ ភេទស្រី អាយុ ៣២ ឆ្នាំ ។
ប្រភពដដែលបានឲ្យដឹងទៀតថាជាមួយគ្នានោះ ក៏ឆែកឆេររកឃើញវត្ថុតាងមានស្រោម អនាម័យប្រើរួច និងមិនទាន់ប្រើមួយចំនួនធំ។ ជនសង្ស័យត្រូវបានឃាត់ខ្លួនតាមបញ្ជាលោក កើត វណ្ណារ៉េត ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តសៀមរាប។
តាមចម្លើយសារភាពរបស់ជនសង្ស័យជាមេបន បានសារភាពថាខ្លួនពិតជាបានអនុញ្ញាតឲ្យស្រីៗ រកស៊ីផ្លូវភេទនៅក្នុង ហាង ម៉ាស្សារបស់ខ្លួន ដោយបម្រើផ្លូវភេទជាមួយភ្ញៀវម្តងតម្លៃចាប់ពី២៥ ដុល្លារទៅ៣០ដុល្លារ ហើយខ្លួនដែលជាមេបនយកតែ ១០០០០ រៀលប៉ុណ្ណោះ។ ក្រោយពេលសាកសួរ ស្ត្រីរកស៊ីផ្លូវភេទទាំង៤ នាក់គឺបានបញ្ជូនទៅមន្ទីរសង្គមកិច្ចខេត្ត ។ ចំណែកស្ត្រីថៅកែហាងជាមេបន បានបញ្ជូនទៅតុលាការ ដោយចោទប្រកាន់ពីបទសញ្ចារកម្ម៕ដោយ÷ប្រាថ្នា