កញ្ញាឯក អាស៊ីប៉ាស៊ីហ្វិក២០១៩ កញ្ញា ប៉ូ គឹមថេងសុធីតា នឹងប៉ះតារាប្រុសស្រស់សង្ហា មីយ៉ាន់ម៉ា លោក Paing Takhon ក្នុងតំណែងតួឯកក្នុងភាពយន្តរឿង The Clock: Red Wall របស់ផលិតកម្ម LD Pictutre។ មុនពេលចេញថតតារាស្រីរូបនេះបានត្រៀមហ្វឹកហាត់រៀនភាសភូមាមួយចំនួនដើម្បីឲ្យការសន្ទនាក្នុងភាពយន្តកាន់តែល្អ។
កញ្ញាឯកអាស៊ីប៉ាស៊ីហ្វិក២០១៩ រយៈពេលចុងក្រោយនេះ កំពុងមានយីអ៊ុនខ្លាំងក្រោយក្តាប់បានតំណែងជាតួឯកស្រីខ្សែភាពយន្តខ្នាតអន្តរជាតិរបស់ផលិតកម្ម អិលឌី។ក្នុងរឿងនេះ ស្រីស្រស់សម្បុរស្រអែម ត្រូវចាប់ដៃគូរជាមួយ តួឯកប្រុសវ័យ២៤ឆ្នាំ លោក Paing Takhon។ តាមព័ត៌មាន លោកគឺជាតារាម៉ូឌែល តារាសម្តែង និងជាអ្នកចម្រៀងល្បីឈ្មោះ ជនជាតិមីយ៉ាន់ម៉ា។ ទន្ទឹមនឹងការចាប់ដៃគូរជាមួយកម្លោះសង្ហាជនជាតិមីយ៉ាន់ម៉ា សុធីតា រៀបរាប់ឲ្យដឹងថា ខ្លួនពិតជាជួបផលលំបាកច្រើន ពិសេសគឺភាសាប្រាស្រ័យទាក់ទងគ្នាតែម្តង។ ដើម្បីថតរឿងនេះ ពន្លកថ្មីក្នុងវិស័យភាពយន្ត បានចំណាយពេលអស់១ខែក្នុងការសិក្សា រៀនសូត្រពីភាសាភូមាដើម្បីសម្រួលក្នុងការទំនាក់ទំនងខ្លះ និងមានពាក្យសន្ទនាមួយចំនួន ហើយនាងបានប្រឹងប្រែងខ្លាំងចាប់ពីចំណុចមិនចេះអ្វីសោះ។ នាងថាទោះជាលំបាកច្រើនប៉ុន្តែនាងត្រូវតែប្រឹងប្រែងដើម្បីឲ្យការសម្តែងភាពយន្តខ្នាតធំមួយនេះទទួលបានផ្លែផ្កាល្អ។
បើទោះបីជាចាប់ផ្តើមមញាញឹកនឹងការថតភាពយន្តប៉ុន្តែតារាស្រីរូបនេះថាមិនបោះបង់ការងារជាតារាបង្ហាញម៉ូតចោលនោះទេពោលគឺមានតែបន្ថែមការងារថ្មី ដែលនាងមានបំណងហ្វឹកហាត់ច្រៀងបន្ថែមទៀតផងដែរ៕ដោយ៖វឌ្ឍនា