ព័ត៌មានទាន់ហេតុការណ៍៖

បុរស២នាក់ជិះម៉ូតូមកឈប់ក្បែរស្ពាននាគត្រូវជនសង្ស័យមួយក្រុមយកដុំថ្មគប់ប្លន់យកម៉ូតូតែមិនបានសម្រេចត្រូវជនរងគ្រោះឃាត់ខ្លួនបានម្នាក់

ចែករំលែក៖

ភ្នំពេញ៖ បុរស២នាក់ជិះម៉ូតូមកឈប់បត់ជើងតូចជិតស្ពាននាគម្ដុំវត្តភ្នំត្រូវជនសង្ស័យមួយក្រុមមានគ្នា៤នាក់ ធ្វើសកម្មភាពយកដុំថ្មគប់ជនរងគ្រោះឲ្យរត់ ដើម្បីប្លន់យកម៉ូតូ តែជនរងគ្រោះមិនរត់ បានបើកម៉ូតូដេញជនសង្ស័យវិញរត់ចែកជើងគ្នា ហើយចាប់បានម្នាក់ត្រូវប្រជាពលរដ្ឋវាយទ្រមខ្លួន។

ហេតុការណ៍នេះបានកើតឡើងនៅម៉ោង១និង៤០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២០ ស្ថិតក្នុងសង្កាត់វត្តភ្នំ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

ជនសង្ស័យដែលឃាត់ខ្លួនមានឈ្មោះម៉ៅ មុខរបរនិងទីកន្លែងស្នាក់នៅមិនពិតប្រាកដ ។

ប្រភពព័ត៌មានពីជនរងគ្រោះបានឲ្យដឹងថា គាត់នឹងមិត្តភក្តិបានមកឈប់ម៉ូតូបត់ជើងតូចនៅក្បែរស្ពាននាគម្ដុំវត្តភ្នំ ពេលនោះស្រាប់តែមានជនសង្ស័យមួយក្រុមមានគ្នា៤នាក់យកដុំថ្មគប់មកលើគាត់ឲ្យរត់ដើម្បីប្លន់យកម៉ូតូតែគាត់មិនរត់ក៏ដេញជនសង្ស័យវិញរត់ចែកជើងគ្នាបាត់អស់សល់តែម្នាក់រត់រហូតដល់ផ្លូវលេខ៤៧កែងនិឹងផ្លូវលេខ៩០ បម្រុងរត់ចូលឌឿងហែមខាងមុខកាសា ទើបពួកគាត់ជិះម៉ូតូបំបុកបណ្ដាលឲ្យដួលចាប់បានម្នាក់ និងមានប្រជាពលរដ្ឋវាយឡើងទ្រមខ្លួន។

បន្ទាប់ពីកើតហេតុសមត្ថកិចប៉ុស្តិ៍វត្តភ្នំបានមកដល់សួរនាំ តែជនរងគ្រោះមិនបានដាក់ពាក្យបណ្ដឹងអ្វីទេ ព្រោះមិនទាន់បាត់បង់ទ្រព្យសម្បត្តិអ្វីឡើយ និងប្រគល់ជនសង្ស័យឲ្យសមត្ថកិច្ចសួរនាំបន្តតាមនីតិវិធី៕ជ្រោយពេជ្រ


ចែករំលែក៖