អាមេរិក៖ ប្រធានាធិបតិ ដូណាល់ ត្រាំ ត្រូវបានគេចាត់ទុកថាកំពុងតែ«លួងចិត្តខ្លួនឯង» ដែលថា ការឆ្លងកូវីដ១៩ច្រើន ជាជោគជ័យ ក្នុងការធ្វើតេស្ត និងជាមោទនភាពរបស់អាមេរិក។
លោកត្រាំបានបញ្ជាក់នៅក្នុង កិច្ចប្រជុំគណៈរដ្ឋមន្ត្រីជាលើកដំបូង ក្រោយការឆ្លងកូវីដ១៩ នៅលើទឹកដីអាមេរិក ថា ការដែលអាមេរិកមានអ្នកឆ្លងកូវីដ១៩ ច្រើនជាងគេ ដោយសារតែ អាមេរិកបានធ្វើតេស្ត ច្រើន និងធ្វើបានល្អជាងគេ។
តាមតួលេខរបស់មជ្ឈមណ្ឌលគ្រប់គ្រងគ្រោះអាសន្ន អាមេរិក CDC បានបញ្ជាក់ថា អាមេរិក បានធ្វើតេស្ត លើពលរដ្ឋ ជាង១២,៦លាននាក់ គិតត្រឹមថ្ងៃទី ១៩ខែឧសភា។ ការធ្វើតេស្តច្រើនជាមូលហេតុធ្វើឲ្យអាមេរិករកឃើញអ្នកឆ្លងច្រើនជាងគេ។
សារព័ត៌មានBBC នៅថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២០ បានផ្សាយថា ប្រធានាធិបតីអាមេរិក លោកដូណាល់ ត្រាំ បានថ្លែងថា ជាកិត្តិយសដែលអាមេរិកមានចំនួនអ្នកឆ្លងវីរុសកូវីដ១៩ ខ្ពស់ជាងគេបំផុតនៅលើពិភពលោក ។
គួរបញ្ជាក់ថា តាមតួលេខ របស់សាកលវិទ្យាល័យ Johns Hopkins អាមេរិកមានអ្នកឆ្លងកូវីដ១៩ រហូតមកដល់ពេលបច្ចុប្បន្ននេះ ជាង១,៥លាននាក់ ក្នុងនោះ ជិត៩២ ០០០ នាក់បាត់បង់ជីវិត ។
លោកបានបញ្ជាក់ថា « យើងមានករណីឆ្លងនេះច្រើន ខ្ញុំមិនចាត់ទុករឿងនោះថាជារឿងអាក្រក់ទេ ខ្ញុំចាត់ទុក ជារឿងមួយដែលល្អ ពីព្រោះវាមានន័យថា ការធ្វើតេស្តរបស់យើងគឺច្រើន និងល្អប្រសើរជាងគេ ។ វាពិតជាកិត្តិយសដ៏អស្ចារ្យចំពោះការធ្វើតេស្តសាកល្បង និងការងារទាំងអស់ដែលអ្នកជំនាញជាច្រើនបានធ្វើឡើង» ៕ដោយ៖ធី រីណា