ខេត្តស្វាយរៀង៖ បុរសសង្ស័យម្នាក់ត្រូវបានសមត្ថកិច្ចនគរបាលឃាត់ខ្លួនបន្ទាប់ពីបានប្រើហឹង្សាវាយទៅលើប្អូនស្រីបង្កើតបណ្ដាលឱ្យរបួសធ្ងន់សន្លប់នឹងកន្លែងគ្រាន់តែមានទំនាស់ព្រំប្រទល់ដីប៉ុណ្ណោះ។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១០និង២៥នាទីព្រឹកថ្ងៃទី១៩ខែឧសភាឆ្នាំ ២០២០ស្ថិតនៅត្រង់ចំណុចភូមិបុសតូច ឃុំពងទឹក ស្រុករំដួលខេត្តស្វាយរៀង។
បើតាមសមត្ថកិច្ចនគរបាលស្រុកបានឱ្យដឹងថាបុរសសង្ស័យមានឈ្មោះគុយ ភាក អាយុ៦៤ឆ្នាំ មុខរបរ កសិករ រស់ក្នុងភូមិឃុំកើតហេតុខាងលើ។
ចំណែកស្ត្រីរងគ្រោះជាប្អូនស្រីបង្កើតមានឈ្មោះខៅ ញាតិ
អាយុ៥០ឆ្នាំ មុខរបរ កសិករដោយរងរបួសត្រូវមួយព្រនង់ត្រូវចំកំភួនដៃឆ្វេងបណ្តាលឲ្យបាក់ដៃខាងឆ្វេង ។
តាមអ្នកភូមិបានបញ្ជាក់ថាមុនកើតហេតុគ្រួសារខាងលើមានផ្ទុះជម្លោះពាក្យសំដីនឹងគ្នាយ៉ាងខ្លាំងរឿងទំនាស់ព្រំប្រទល់ដីរបងជាច្រើនឆ្នាំមកហើយ ស្រាប់តែជនសង្ស័យបានស្ទុះយកដំបងឬស្សីប៉ុនករដៃវាយត្រូវមួយព្រនង់ត្រូវចំកំភួនដៃខាងឆ្វេងបណ្តាលឱ្យបាក់ដៃខាងឆ្វេងសន្លប់ស្ដូកស្ដឹងបង្កការភ្ញាក់ផ្អើលតែម្ដង។
បច្ចុប្បន្នស្ត្រីរងគ្រោះត្រូវបានបងប្អូនក្រុមគ្រួសារបញ្ជូនមកសំរាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តស្វាយរៀង។
ចំណែកជនសង្ស័យសមត្ថកិច្ចឃាត់ខ្លួននៅប៉ុស្តិ៍រដ្ឋបាលពងទឹកកសាងសុំណុំរឿងចាត់ការបន្តតាមច្បាប់៕យឹម សុថាន