ប្រទេសថៃ៖ នាយករដ្ឋមន្រ្តីថៃលោក ប្រាយុទ្ធ ចាន់អូចា បានបញ្ជាក់ថាបន្ទាប់ពីគណៈរដ្ឋមន្រ្តី បានសម្រេចចិត្តបោះបង់ចោលការផ្តល់ហិរញ្ញវត្ថុដល់ក្រុមហ៊ុនអាកាសចរណ៍ Thai Airways International Plc ព្រោះត្រូវតែសន្សំប្រាក់សម្រាប់គម្រោងផ្តល់ជំនួយដែលចាំបាច់ដើម្បីកាត់បន្ថយវិបត្តិCovid-19 និងពង្រឹងសេដ្ឋកិច្ចឡើងវិញ។ លោកបានលើកឡើងដូច្នេះថា៖«ថ្ងៃនេះខ្ញុំត្រូវធ្វើការសម្រេចចិត្តដ៏ពិបាកទាក់ទងនឹង Thai Airways ប៉ុន្តែវាគឺជារឿងមួយដែលខ្ញុំដឹងថាជាផលប្រយោជន៍ល្អបំផុតសម្រាប់សាធារណជននិងប្រទេសរបស់យើង »។
គួរបញ្ជាក់ថា កាលពីថ្ងៃអង្គារទី១៩ ខែឧសភា ឆ្នាំ២០២០ ម្សិលមិញនេះគណៈរដ្ឋមន្រ្តីថៃ បានធ្វើការសម្រេចចិត្តថា ក្រុមហ៊ុនអាកាសចរណ៍Thai Airways International Plc ត្រូវឆ្លងកាត់ការស្ដារនីតិសម្បទាតាមរយៈតុលាការក្ស័យធននៅក្នុងសេចក្ដីសម្រេច «ពិបាក ប៉ុន្តែចាំបាច់» ដែលអាចបង្កើតជំហានស្មុគស្មាញ និងកាន់តែពិបាកដល់ក្រុមហ៊ុនអាកាសចរណ៍ជាតិនេះ ។
រដ្ឋាភិបាលបានដាក់ចេញនូវជម្រើសបី សម្រាប់ស្ដារឡើងវិញនៃ Thai Airways ដោយទី១.រកប្រាក់បន្ថែមដើម្បីឱ្យក្រុមហ៊ុនអាកាសចរណ៍នៅតែបន្តប្រតិបត្តិការ ទី២.អនុញ្ញាតឱ្យក្រុមហ៊ុនក្ស័យធន និងទី៣.ទុកឱ្យតុលាការក្ស័យធនជាអ្នកស្ដារក្រុមហ៊ុនឡើងវិញ ដោយលោកនាយករដ្ឋមន្រ្តីមានប្រសាសន៍ថា “ យើងបានសម្រេចចិត្តលើជម្រើសទី ៣”។ យោងតាមក្រសួងដឹកជញ្ជូនពាក្យបណ្តឹងក្ស័យធនដើម្បីធ្វើឱ្យមានការស្តារឡើងវិញនឹងត្រូវដាក់ទៅតុលាការទាំងនៅក្នុងប្រទេសថៃ និងសហរដ្ឋអាមេរិក ដោយសារប្រហែល ៣៥% នៃម្ចាស់បំណុលរបស់ក្រុមហ៊ុនអាកាសចរណ៍នេះមានមូលដ្ឋាននៅសហរដ្ឋអាមេរិក។
ជាមួយគ្នានេះដែរការស្តារឡើងវិញដោយតុលាការនឹងពាក់ព័ន្ធទៅលើការកាត់បន្ថយភាគហ៊ុនភាគច្រើនរបស់ក្រសួងហិរញ្ញវត្ថុនៅក្នុងក្រុមហ៊ុនThai Airways និងធ្វើឱ្យក្រុមហ៊ុនអាកាសចរណ៍បាត់បង់ភាពជាសហគ្រាសរបស់រដ្ឋ។
លោកប្រាយុទ្ធ បន្តថា ក្រុមហ៊ុន Thai Airways គួរតែត្រូវបានអនុញ្ញាតឱ្យបន្តប្រតិបត្តិការ ដើម្បីបង្កើតប្រាក់ចំណូលដូច្នេះក្រុមហ៊ុនអាចមានកម្លាំងជំរុញអាជីវកម្មឡើងវិញ។ លោកនាយករដ្ឋមន្រ្តីបន្ថែមថា តុលាការក្ស័យធននឹងចាត់តាំងអ្នកជំនាញដើម្បីប្រតិបត្តិការស្ដារក្រុមហ៊ុនThai Airways ដែលនឹងបង្វែរក្រុមហ៊ុនអាកាសចរណ៍នេះមកវិញ៕ដោយ៖ស តារា