ព័ត៌មានទាន់ហេតុការណ៍៖

បុរសម្នាក់បើកម៉ូតូជែងមិនប្រយ័ត្នប៉ះដួលចូលក្រោមរថយន្ដត្រូវរថយន្ដកិនស្លាប់យ៉ាងអាណោចអាធ័ម

ចែករំលែក៖

ខេត្តកណ្ដាល៖ បុរសម្នាក់បើកម៉ូតូបោះពួយជែងរថយន្ដមួយគ្រឿងនៅខាងមុខបណ្ដាលឲ្យប៉ះដៃចង្កូតដួល ត្រូវរថយន្ដមួយគ្រឿងទៀតដែលបើកច្រាសទិសគ្នាកិនស្លាប់យ៉ាងអាណោចអាធ័ម កាលពីវេលាម៉ោង១៥និង៣០នាទីល្ងាច ថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២០ តាមបណ្ដោយផ្លូវជាតិលេខ២ ចន្លោះគីឡូម៉ែត្រ២៣-២៤ ស្ថិតក្នុងភូមិជ័យជម្នះ ឃុំសៀមរាប ស្រុកកណ្តាលស្ទឹង ។

 មន្រ្ដីនគរបាលចរាចរណ៍ស្រុកកណ្ដាលស្ទឹងបានឲ្យដឹងថា ជនរងគ្រោះស្លាប់ពុំទាន់ស្គាល់អត្ដសញ្ញាណនៅឡើយទេ បើកបរម៉ូតូម៉ាក ហុងដាឃ្លីក (Click) ធុនសេ១២៥ ពណ៌សលាយទឹកក្រូច ពាក់ស្លាកលេខ កណ្តាល1AH-6989 ។ ចំណែករថយន្ដម៉ាកព្រូស  ពណ៌ទឹកមាស ពាក់ស្លាកលេខភ្នំពេញ2AZ-0065  បើកបរដោយជនមិនស្គាល់អត្ដសញ្ញាណ(រត់គេចខ្លួន) ។

 ប្រភពដដែលបន្ដថា នៅមុនពេលកើតហេតុ សាក្សីបានឃើញជនរងគ្រោះជាអ្នកបើកម៉ូតូខាងលើបានធ្វើដំណើរតាមបណ្ដោយផ្លូវជាតិលេខ២ ក្នុងទិសដៅពីជើងទៅត្បូង លុះមកជិតដល់កន្លែងកើតហេតុ ជនរងគ្រោះបានបន្ថែមល្បឿនម៉ូតូដើម្បីជែងរថយន្ដមួយគ្រឿងទៀតនៅខាងមុខ តែប៉ះដៃចង្កូតធ្វើឲ្យជនរងគ្រោះដួលខ្ទាតចូលទៅក្នុងចំណែកផ្លូវម្ខាងទៀត ធ្វើឲ្យរថយន្ដព្រូស ដែលបើកបរច្រាសទិសគ្នាឈប់មិនទាន់ក៏កិនជនរងគ្រោះបណ្ដាលឲ្យស្លាប់បាត់បង់ជីវិតតែម្ដង ។

 ក្រោយពីមានហេតុការណ៍កើតឡើង កម្លាំងនគរបាលចរាចរណ៍ស្រុក បានចុះធ្វើការពិនិត្យវាស់វែង កសាងសំណុំរឿងយកមធ្យោបាយពាក់ព័ន្ធទាំង២គ្រឿងទៅអធិការដ្ឋាននគរបាលស្រុកដើម្បីចាត់ការតាមនីតិវិធីច្បាប់ ។ ចំណែកសាកសពជនរងគ្រោះ សមត្ថកិច្ចកំពុងធ្វើការស្រាវជ្រាវរកសាច់ញាតិដើម្បីប្រគល់ឱ្យយកទៅធ្វើបុណ្យតាមប្រពៃណី ៕ស្អាង ជ័យ


ចែករំលែក៖