ខេត្តកណ្ដាល៖ ក្មេងប្រុសស្រី២នាក់តាមឪពុកទៅបង់សំណាញ់នៅក្នុងត្រពាំងទឹកមួយកន្លែង ពេលឪពុករវល់តែបង់សំណាញ់ភ្លេចមើលកូនមួយភ្លែតសោះ បណ្ដាលឲ្យកូននិងក្មួយដែលមកជាមួយនោះធ្លាក់ចូលក្នុងត្រពាំងលង់ទឹកស្លាប់គួរឲ្យសង្វេគ ។ករណីនេះបានកើតឡើង នៅវេលាម៉ោង១៦និង៣០នាទីល្ងាច ថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២០ ត្រង់ចំណុចត្រពាំងអង្គ ស្ថិតក្នុងភូមិតានូ ឃុំស្អាងភ្នំ ស្រុកស្អាង ខេត្តកណ្តាល ។
មន្រ្ដីនគរបាលផ្នែកកោសល្យវិច័យស្រុកស្អាងបានឲ្យដឹងថា ក្មេងរងគ្រោះមាន២នាក់ ទី១-ឈ្មោះ ខុំ វ៉ាន់ ភេទប្រុស អាយុ៩ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅក្នុងភូមិតានូ ឃុំស្អាងភ្នំ ស្រុកស្អាង។ ឪពុកឈ្មោះ ញ៉ សុខុម អាយុ៣៦ឆ្នាំ ជនជាតិខ្មែរ មុខរបរ កម្មករសំណង់ និងម្ដាយឈ្មោះ នាង ជ្រឿន អាយុ៣១ឆ្នាំ ជនជាតិខ្មែរ មុខរបរ កម្មការិនីរោងចក្រ និងទី២-ឈ្មោះ ធូ ណារី ភេទស្រី អាយុ៩ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិតានូ ឃុំស្អាងភ្នំ ស្រុកស្អាង មានឪពុកឈ្មោះ ធី ចាន់ធូ អាយុ៣១ឆ្នាំ ជនជាតិខ្មែរ មុខរបរជាងដែក និងម្ដាយឈ្មោះ ញ៉ គៀង អាយុ៣១ឆ្នាំ ជនជាតិខ្មែរ មុខរបរ កម្មការិនីរោងចក្រ ។
ប្រភពដដែលបន្ដថា នៅថ្ងៃកើតហេតុ ថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២០វេលាម៉ោង១៦និង១៤នាទី ឪពុកបង្កើតរបស់ជនរងគ្រោះ បានយកសំណាញ់ទៅបង់ត្រីនៅត្រពាំងអង្គ ហើយកូនប្រុស និងក្មួយស្រីបង្កើតក៏ទៅតាមដែរ ។ លុះដល់ត្រពាំងអង្គ ឪពុកជនរងគ្រោះក៏បានបង់សំណាញ់នៅខាងជើងត្រពាំងអង្គ ហើយកូនប្រុស និងក្មួយស្រីលេងទឹកនៅខាងត្បូង ។ លុះបានមួយសន្ទុះក្រោយមក ក្មេងប្រុសស្រីរងគ្រោះទាំង២នាក់បានធ្លាក់ចូលក្នុងទឹកត្រពាំងហើយហៅឪពុកឲ្យជួយ ភ្លាមនោះឪពុកបានឮក៏ក្រឡេកមើលខាងត្បូងឃើញកូនលង់ទឹកក៏រត់មកជួយកូន ប៉ុន្តែទំរាំមកដល់ឪពុកទន់ជើងស្លុតស្មារតីបានឈរមើលហើយស្រែកយំហៅគេឲ្យជួយកូនប្រុសនិងក្មួយស្រី។រហូតសន្ទុះក្រោយមក ទើបមានប្រជាពលរដ្ឋនៅក្បែរនោះរត់មកជួយហើយប្រហែលជាកន្លះម៉ោងទើបរកឃើញក្មេងទាំងពីរនាក់ តែជាអកុសលក្មេងទាំង២នាក់នោះលង់ទឹកស្លាប់បាត់ទៅហើយ។
ក្រោយពីសមត្ថកិច្ចទទួលបានព័ត៌មានខាងលើភ្លាមក៏ចុះមកពិនិត្យសាកសព ដោយបញ្ជាក់ថា ក្មេងប្រុសស្រីទាំង២នាក់ពិតជាស្លាប់ដោយសារលង់ទឹកប្រាកដមែន រួចប្រគល់សាកសពទៅឲ្យក្រុមគ្រួសារយកទៅចាត់ចែងធ្វើបុណ្យតាមប្រពៃណី ៕ ស្អាង ជ័យ