ខេត្តកណ្ដាល៖ បុរស២នាក់បានស្លាប់បាត់បង់ជីវិតភ្លាមៗ ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍មួយរវាងម៉ូតូនិឹងម៉ូតូបុកគ្នាពេញមួយទំហឹងកាលពីថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២០ វេលាម៉ោង១៤ និង ៥០នាទី ត្រង់ចំណុចខាងមុខផ្ទះសំណាក់មហាលាភ លើផ្លូវលេខ២០១ ស្ថិតក្នុងភូមិកំពង់សំណាញ់ សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ ខេត្តកណ្ដាល ។
មន្រ្ដីនគរបាលចរាចរណ៍ក្រុងតាខ្មៅបានឲ្យដឹងថា ជនរងគ្រោះស្លាប់មានគ្នា២នាក់ ទី១-ឈ្មោះ ស្រ៊ាន ស្រុីម ភេទប្រុស អាយុ៤១ឆ្នាំ មានទីលំនៅភូមិព្រែកតាដុល ឃុំពោធិបាន ស្រុកកោះធំ ខេត្តកណ្ដាល ជាអ្នកបើកបរម៉ូតូម៉ាក HONDA DREAM ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ1AY-4689 និងទី២ពុំទាន់ស្គាល់អត្ដសញ្ញាណ ជាអ្នកបើកបរម៉ូតូម៉ាកHONDA SCOOPY ពណ៌ស ពាក់ស្លាកលេខ កណ្ដាល1S-5766 ។
ប្រភពដដែលបន្ដថា នៅមុនពេលកើតហេតុ សាក្សីបានឃើញជនរងគ្រោះជាអ្នកបើកបរម៉ូតូម៉ាក HONDA DREAM ធ្វើដំណើរតាមបណ្ដោយផ្លូវលេខ២០១ ក្នុងទិសដៅពីជើងទៅត្បូង ដោយល្បឿនលឿន លុះមកដល់ចំណុចកើតហេតុក៏បានបុកម៉ូតូម៉ាក HONDA SCOOPYពេញមួយទំហឹង បណ្ដាលឲ្យជនរងគ្រោះទាំង២នាក់ស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុតែម្ដង ។
ក្រោយពីមានហេតុការណ៍កើតឡើង កម្លាំងនគរបាលចរាចរណ៍ក្រុងតាខ្មៅ បានចុះមកធ្វើការពិនិត្យវាស់វែង រួចកសាងឯកសារដកហូតមធ្យោបាយពាក់ព័ន្ធទាំង២គ្រឿង យកមករក្សាទុកនៅអធិការដ្ឋាននគរបាលក្រុង ដើម្បីកសាងសំណុំរឿងចាត់ការតាមច្បាប់។ ចំណែកសាកសពត្រូវបានសមត្ថកិច្ចប្រគល់ទៅឲ្យក្រុមគ្រួសាងយកទៅចាត់ចែងធ្វើបុណ្យតាមប្រពៃណី ។
តាមការសន្និដ្ឋានរបស់សមត្ថកិច្ចនគរបាលបានឲ្យដឹងថា ករណីនេះ គឺបណ្ដាលមកពីអ្នកបើកម៉ូតូម៉ាកHONDA DREAM បើកចូលចំណែកផ្លូវម៉ូតូHONDA SCOOPY ។ ចំណែកម៉ូតូHONDA SCOOPY បើកក្នុងល្បឿនលឿនខ្វះការប្រុងប្រយ័ត្ន ៕ ស្អាងជ័យ