ខេត្តស្ទឹងត្រែង៖ សមត្ថកិច្ចចម្រុះបើកប្រតិបត្តិការទ្រង់ទ្រាយធំចុះស្រាវជ្រាវ អនុវត្តតាមដីកាបង្គាប់ការ របស់រដ្ឋបាលខេត្តស្ទឹងត្រែងដើម្បីស្វែងរកឈ្មួញធំៗកាប់រុករានទន្រ្ទានយកដីរបស់រដ្ឋធ្វើជាកម្មសិទ្ធិផ្ទាល់ខ្លួនដោយខុសច្បាប់។
គណៈកម្មការចម្រុះ សហការគ្នា ជាមួយ កម្លាំងកងរាជអាវុធហត្ថ ជំនាញបរិស្ថាន នគរបាល យោធាស្រុក រដ្ឋបាលព្រៃឈើ ខាងមន្ទីររៀបចំនគរដែនដី អាជ្ញាធរស្រុក ដឹកនាំដោយ លោក ជេត ខេមរា ព្រះរាជអាជ នៃអយ្យការ អមសាលាដំបូងខេត្ត នៅព្រឹកថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២០។
សមត្ថកិច្ចចូលរួមនៅក្នុងប្រតិបត្តិការបានបង្ហើបថា ៖ ក្រោយពីមានការប្រជុំក្រោមការដឹកនាំដោយលោកម៉ុម សារឿនអភិបាលខេត្តស្ទឹងត្រែង ទទួលបានដំណឹងពីសកម្មភាពកាប់រុករានទន្រ្ទានយកដីរដ្ឋ ធ្វើជាកម្មសិទ្ធិ ទើបលោកអភិបាលខេត្តបានចាត់ចែងបង្កើតគណៈកម្មការ ដើម្បីអនុវត្តបង្ក្រាបទៅលើសកម្មភាពទាំងនោនៅចំណុចភ្នំចារ្យភ្លើង ស្ថិតនៅចន្លោះភូមិស្រឡៅ-ភូមិវាលដេញ ឃុំអន្លង់ជ្រៃ ស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង ។
ប្រភពពីសមត្ថកិច្ចចូលរួមបានបង្ហើបទៀតថា៖ ដោយសារភូមិសាស្រ្តឆ្ងាយហើយនៅក្នុងព្រៃលំបាកក្នុងការធ្វើដំណើរជិះម៉ូតូនិងគោយន្តក្រុមការងារបានចុះពិនិត្យមើលទីតាំងមួយកន្លែងមិនទាន់មានចំណាត់ការយ៉ាងណានៅឡើយទេ។
ក្រុមការងារនឹងបន្តចុះធ្វើការតាមដាននឹងស្រាវជ្រាវបន្ត ដល់ទីតាំងជាច្រើនកន្លែងទៀត ដើម្បីមានចំណាត់ការទៅតាមផ្លូវច្បាប់៕
ដោយ៖មាស សុផាត