ព័ត៌មានទាន់ហេតុការណ៍៖

ដល់ក្រុងសៀមរាប បើមិនបានទៅមើលសត្វស្លាបនៅបឹងពារាំងទេ ដូចជាគួរឱ្យស្ដាយពេក

ចែករំលែក៖

ខេត្តសៀមរាប៖ ភូមិសាស្ត្រសៀមរាប-អង្គរ គឺជាទឹកដីដ៏ពិសិដ្ឋដែលបុព្វបុរសខ្មែរបានខិតខំអភិវឌ្ឍកសាងឱ្យរីកចម្រើន និងមានភាពល្បីល្បាញតាំងពីមុនសម័យអង្គរ សម័យអង្គរ និងតមកដល់បច្ចុប្បន្ន ប្រែក្លាយពីមហារាជធានីយសោធរបុរៈជាង ៦០០ ឆ្នាំរបស់កម្វុជទេស មកជាតំបន់ទេសចរណ៍ដ៏ល្បីល្បាញសម្រាប់មនុស្សជាតិទូទាំងពិភពលោក។

ជាមួយគ្នានោះ សៀមរាបក៏បានបង្កប់នូវសហគមន៍អេកូទេសចរណ៍មួយ ដែលស្ថិតនៅប៉ប្រះទឹកបឹងទន្លេសាបជាយក្រុងសៀមរាបបង្កើយពុំឆ្ងាយ នោះគឺសហគមន៍ទេសចរណ៍វប្បធម៌ធម្មជាតិបឹងពារាំង។
ចម្ងាយពីប្រជុំជនក្រុងប្រមាណ១៣គីឡូ
ម៉ែត្រ អមដោយស្រែស្រូវចម្ការដំណាំរបស់ប្រជាកសិករបៃតងស្រស់ខ្ចី គេនឹងបានទៅដល់បឹងពារាំងដែលជុំព័ទ្ធទៅដោយព្រៃរាំងទឹក បប៊ួយ អញ្ចាញ កំផ្នេង ត្អួ និងពពួកព្រៃរនាមជាច្រើនប្រភេទទៀត។

ស្ថិតក្នុងសង្កាត់ជ្រៀវ ខាងត្បូងក្រុងសៀមរាប សហគមន៍ទេសចរណ៍វប្បធម៌ធម្មជាតិបឹងពារាំងមានវិសាលភាពលើផ្ទៃដីប្រមាណ២៥០ហិកតា ពាសពេញទៅដល់ទឹកបឹង ដៃបឹង កោះតូចធំ ព្រៃរនាម ស្រែស្រូវ មច្ឆាជាតិ និងពពួកសត្វស្លាបទឹកជាងរយប្រភេទ។

នាព្រះអរុណោទ័យសន្សឹមរស្មីយាត្រាបំភ្លឺព្រះពសុធា ពន្លឺក្រហមច្រាល់ចាំងចែងពីបូព៌ាទិស ទុង រនាល ក្រសារ ត្រដក់ ក្អែកទឹក ស្មោញ កុក ចង្កៀលខ្យង ក្រៀល ជើងទៀនជាដើមនោះកំពុងឈរត្រៀបត្រាដេរដាសនៅលើផ្ទៃបឹង ហាក់កំពុងរៀបចំបង្វិចមុនចេញដំណើរទៅរកចំណីនៅទីផ្សេងពីជម្រក លុះដល់ពេលល្ងាចពពួកសត្វស្លាបទាំងនោះបានហោះហើរត្រលប់មកជម្រករៀងខ្លួនវិញ ហើយផ្ដុំគ្នានៅទីដដែលនេះមុនត្រាច់ចរចូលសំបុក រំលេចបានជាទិដ្ឋភាពសហគមន៍សត្វស្លាបមួយ ដែលកំពុងរស់នៅយ៉ាងសុខក្សេមក្សាន្តគ្មានជម្លោះទាស់ទែងគ្នានោះឡើយ។

ប្រសិនបើគេជិះកាណូតចេញទៅឆ្ងាយពីទីកំពង់បន្ដិច គេនឹងបានឃើញពពួកព្រៃរនាមហាក់កំពុងប្រជ្រៀតគ្នាដុះលើដីកោះដែលខណ្ឌចែកដោយដៃបឹង ប៉ុន្តែវារីរុក្ខជាតិ ដូចជា កំប្លោក ត្រកួន កំពីងពួយ ព្រលិត រំចង់ ភ្លៅកង្កែបវិញនោះ ហាក់មិនចង់រស់នៅក្បែររុក្ខជាតិធំៗជាងខ្លួននោះឡើយ ដោយពួកវាបានប្រមូលផៅសណ្ដានទៅដុះពពាក់ពពូនលើគ្នានៅកណ្ដាលបឹង ឬផ្នែកផ្សេងៗនៃទឹកបឹងទៅវិញ ដែលនេះក៏ជាជម្រកដ៏គាប់ប្រសើរមួយសម្រាប់ពពួកត្រី ក្ដាម ខ្យល កង្កែប អណ្ដើក និងមច្ឆាជាតិដទៃទៀតឱ្យរស់នៅក្រោមភាពត្រជាក់ត្រជុំក្នុងទឹក មិនភ័យខ្លាចត្រូវកម្ដៅថ្ងៃ គេចផុតពីពពួកមំសាសីនានាផងដែរ។

តើអ្វីដែលកំពុងបះងើបៗនៅក្បែរមាត់ទឹកនោះ មើលទៅដូចជាច្រើនស្អេកស្អះណាស់? ចូលទៅជិតបន្តិចទើបដឹងថា ទាំងនោះគឺជាហ្វូងសត្វរនាល ចង្កៀលខ្យង ត្រដក់តូច ក្រសារយ៉ាងច្រើនសន្ធឹកសន្ធាប់កំពុងដើរឆ្មក់ចាប់ត្រី ក្ដាម ខ្យងយកមកធ្វើជាអាហារ និងបានផ្ញើកូនប្រពន្ធនៅសំបុកខ្លះផង។ នរណាកវែងជាងគេកំពុងអើតង៉ិកង៉ក់ ហើយនរណាត្រដាងស្លាបខ្ពស់ជាងគេ? រួចចុះនរណាស្រែកឮខ្លាំងជាងគេម្ល៉េះ? អីយ៉ា! នៅជិតតែប្រមាណ៥ម៉ែត្រប៉ុណ្ណឹងហើយ នៅតែមិនផ្អើលហើររត់ចេញទៀត! ពិតជាសាំងមែនសត្វអស់នេះ។

ងាកទៅកណ្ដាលបឹងឯណោះវិញ នរណាកំពុងមុជងើបៗទៅនឹងទឹកនោះ? មើលទៅចំពុះវែងហើយធំៗទៀត។ អាគាត់ហ្នឹង ខ្ញុំក៏ធ្លាប់ស្គាល់ដែរ គឺហ្វូងសត្វទុងកំពុងលយសំពៅចាប់ត្រី ព្រោះធ្លាប់អានរឿង «ត្រដក់ជាន់កូនក្រួច» ដែលត្រង់ចំណុចមួយគេសរសេថា ទុងលយសំពៅ ត្លុមទូងស្គរទ្រហឹងអឹងកង ក្អែកទឹកលើកទ័ពសម្រុកចូល ក្រសារហូតដាវខ្វាកៗ។

នៅប៉ប្រះទឹករាក់ៗ សត្វជើងទៀនតូចៗច្រឡឹងកំពុងហក់ចុះឡើងៗឆ្មក់ចឹកចាប់កូនត្រីយ៉ាងមមាញឹក។ ទិដ្ឋភាពបែបនេះ ប្រសិនបើមិត្តនារីៗបានឃើញហើយនោះ ប្រាកដជាលាន់មាត់ថាគួរឱ្យស្រលាញ់ជាក់ជាមិនខាន រីឯកុកសម្បុរសៗធ្វើកង៉ិកង៉ក់ដូចជាកំពុងសម្លឹងមើលចាំចាប់ចំណី មើលទៅមាឌគឺធំធាត់ល្អដល់ហើយ។ មិនត្រឹមតែនៅលើទឹកនិងដីប៉ុណ្ណោះទេ នៅលើអាកាសក៏ឃើញមានពពួកសត្វស្លាបធំៗច្រើនមិនដឹងលើកគ្នាហោះហើរទៅណាខ្លះទេ ក្នុងនោះហ្វូងក្អែកទឹកសម្បុរខ្មៅៗក៏កំពុងបង្រៀនកូនៗឱ្យចេះហើរឆក់ឆាបចាប់ត្រីចុះឡើងៗផងដែរ។

ទិដ្ឋភាពល្អៗសប្បាយៗនៅសហគមន៍បឹងពារាំងនេះ មិនមែនអស់ត្រឹមការរាយរាប់តែបន្តិចបន្តួចប៉ុណ្ណេះនោះទេ គឺមានច្រើនអនេកជាងនេះទៅទៀតដែលភ្ញៀវទេសចរ ក៏ដូចជាប្រជាពលរដ្ឋគួរតែអញ្ជើញមកទស្សនាឱ្យបានយ៉ាងហោចណាស់ក៏ម្ដង ឬពីរដងដែរ ដើម្បីឱ្យស្គាល់ថាជីវភាពរស់នៅរបស់ពពួលសត្វស្លាប រួមផ្សំនឹងទេសភាព ទិដ្ឋភាពនៅទីនោះ ដូចគ្នា ឬខុសគ្នាយ៉ាងណាខ្លះទៅនឹងអ្វីដែលលោកអ្នកធ្លាប់ជួប៕ប្រភព៖ ក្រសួងទេសចរណ៍


ចែករំលែក៖