លោក Stanley Ho Hung-sun ជាស្តេចល្បែងគ្រប់គ្រងកាស៊ីណូធំបំផុតនៅទ្វីបអាស៊ី SJM Holdings ជាងកន្លះសតវត្សរ៍ កន្ងងមកនេះ បានទទួលមរណភាពហើយក្នុងជន្មាយុ៩៨ឆ្នាំ ។
បណ្តាញទូរទស្សន័ជាតិចិន CCTV នៅថ្ងៃទី ២៦ខែឧសភាបានផ្សាយថា ស្តេចល្បែងម៉ាកាវ លោក Stanley Ho បានស្លាប់នៅមន្ទីរពេទ្យ Sanatorium នៅហុងកុង។
លោក Stanley Ho បានដឹកនាំក្រុមហ៊ុន SJM Holdings វិនិយោគក្នុងវិស័យកាស៊ីណូ ក្នុងទីក្រុងម៉ាកាវ បានក្លាយជាក្រុមហ៊ុនកាស៊ីណូធំបំផុតលើពិភពលោក។
ស្តេចល្បែងដ៏ឆ្នើម ដែលចូលចិត្តរាំ តែបានណែនាំឱ្យអ្នកដែលនៅជិតស្និទ្ធបំផុតរបស់ខ្លួន និងមនុស្សជាទីស្រឡាញ់ឱ្យចៀសឆ្ងាយពីល្បែងស៊ីសងនោះ បានបង្កើតអាជីវកម្មល្បែងភ្នាល់ ដែលរកប្រាក់ចំណេញបានច្រើនបំផុតនៅលើពិភពលោក តាមរយៈក្រុមហ៊ុនរបស់គាត់ គឺក្រុមហ៊ុន SJM Holdings Ltd ដែលមានតម្លៃប្រហែល ៦ពាន់លានដុល្លារអាមេរិក ។
ប៉ុន្តែកូនៗមួយចំនួនរបស់លោក Stanley Ho បានក្លាយជាអ្នកលេងល្បែង ដែលទទួលបានជោគជ័យ ។ កូនស្រីរបស់គាត់ ឈ្មោះ Pansy គឺជាសហប្រធានក្រុមហ៊ុន MGM Resorts’ Macau ។ រីឯកូនប្រុសឈ្មោះ Lawrence ជាម្ចាស់សណ្ឋាគារ Melco និងទីកម្សាន្តដ៏ល្បីល្បាញផងដែរ។
លោក Stanley Ho កើតនៅទីក្រុងហុងកុង ហើយលោកមានប្រពន្ធ៤នាក់ និងកូន១៧នាក់ (តាមដែលបានដឹង)។ ប្រពន្ធកូនច្រើនបូករួមទាំងមានទ្រព្យសម្បត្តិស្តុកស្តម្ភផងនោះ បាននាំឲ្យមានជម្លោះនៅក្នុងក្រុមគ្រួសារផ្ទុះឡើង កាលពីឆ្នាំ២០១២កន្លងមក ពាក់ព័ន្ធនឹងការបែងចែកកេរមរតក៕ធី រីណា