ព័ត៌មានទាន់ហេតុការណ៍៖

២នាក់បងប្អូនជីដូនមួយជិះម៉ូតូឈប់ភ្លើងស្តុបត្រូវរថយន្តដឹកខ្សាច់បុកពីក្រោយស្លាប់ម្នាក់

ចែករំលែក៖

ភ្នំពេញ៖ រថយន្តដឹកខ្សាច់របស់ក្រុមហ៊ុនឯកជនមួយបានបើកលឿនជ្រុលចង្កូតទៅបុកម៉ូតូដែលជិះ២នាក់បងប្អូនជីដូនមួយឈប់ចាំភ្លើងស្តុបបណ្ដាលឲ្យកិនបុរសម្នាក់បែកក្បាលស្លាប់ភ្លាមនៅនឹងកន្លែងកើតហេតុ និងម្នាក់ទៀតរងរបួសស្រាល។

ក្រោយកើតហេតុអ្នកបើកបររថយន្តត្រូវបានសមត្ថកិច្ចឃាត់ខ្លួន។

ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង៤រសៀល ថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២០ ស្ថិតនៅតាមបណ្ដោយផ្លូវជាតិលេខ៦ ត្រង់ចំណុចភ្លើងស្តុបបំបែកជាបី បត់ចូលក្នុងទីក្រុង OCIC  ភូមិព្រែកលៀប សង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ។

សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះដែលស្លាប់មានឈ្មោះ ទុយ បាន អាយុ៣១ឆ្នាំ មុខរបរជាងពិតាន ស្នាក់នៅខណ្ឌច្បារអំពៅ ចំណែកអ្នករងរបួសស្រាលមានឈ្មោះមាស វុទ្ធី អាយុ៣២ឆ្នាំ មានមុខរបរជាងពិតានដែរ ស្នាក់នៅជាមួយគ្នា។

ប្រភពព័ត៌មានពីប្រជាពលរដ្ឋបានឱ្យដឹងថា នៅមុនពេលកើតហេតុគេបានឃើញបុរស ២នាក់ជិះម៉ូតូមួយគ្រឿងម៉ាក ហុងដា សេ១២៥ ស៊េរីឆ្នាំ២០១៤ ពណ៌ខ្មៅ ពាក់ស្លាកលេខ ព្រៃវែង ១E-២៤៦០ ធ្វើដំណើរតាមបណ្ដោយផ្លូវជាតិលេខ៦ ក្នុងទិសដៅពីជើងទៅត្បូង ខណៈមកដល់ចំណុចកើតហេតុក៏បានឈប់ម៉ូតូរង់ចាំភ្លើងខៀវ ដើម្បីធ្វើដំណើរទៅមុខបន្ត ស្របពេលនោះស្រាប់តែមានរថយន្តធុនធំដឹកខ្សាច់មួយគ្រឿង ម៉ាក Mitsubishi មិនមានស្លាកលេខមុខក្រោយ ប៉ុន្តែមានស្លាកលេខនៅលើ ពន្ធផ្លូវ ដែលបិទនៅកញ្ចក់រថយន្ត ពាក់ស្លាកលេខ ភ្នំពេញ 3D-7699 ដែលបានធ្វើដំណើរតាមបណ្ដោយផ្លូវជាតិលេខ៦ ស្របទិសដៅគ្នា បានបុកម៉ូតូពីក្រោយពេញទំហឹង អូសជាង១០ម៉ែត្រ បណ្ដាលឲ្យកិនក្បាលបុរសអ្នកជិះម៉ូតូពីក្រោយម្នាក់ស្លាប់ភ្លាមៗ ចំណែកអ្នកបើកម៉ូតូរងរបួសស្រាល។

បន្ទាប់ពីកើតហេតុសមត្ថកិច្ចមូលដ្ឋានបានទំនាក់ទំនងទៅសមត្ថកិច្ចជំនាញចុះមកវាស់វែងយករថយន្ត និងម៉ូតូទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋានរាជធានីភ្នំពេញរង់ចាំដោះស្រាយគ្នានៅពេលក្រោយ។ចំណែកសពជនរងគ្រោះសមត្ថកិច្ចធ្វើកំណត់ហេតុរួចប្រគល់ជូនសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណីនៅឯស្រុកកំណើត៕ជ្រោយពេជ្រ


ចែករំលែក៖