ព័ត៌មានទាន់ហេតុការណ៍៖

ប្រជុំផ្សព្វផ្សាយស្តីពី ការបើកឲ្យសហព័ន្ធកីឡាជាតិ ដំណើរការហាត់ហ្វឹកហ្វឺន និងប្រកួតលីគឡើងវិញ

ចែករំលែក៖

ភ្នំពេញ ៖ លោក ស សុខា រដ្ឋលេខាធិការ ក្រសួងអប់រំ យុវជន និងកីឡា នៅព្រឹកថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២០ ជាតំណាងដ៏ខ្ពង់ខ្ពស់ លោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយសេចក្តីប្រកាសព័ត៌មានរបស់គណៈកម្មការជាតិប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ ១៩ និងសេចក្តីជូនដំណឹងរបស់ក្រសួងអប់រំ យុវជន និងកីឡា ស្តីពី ការអនុញ្ញាតឲ្យសហព័ន្ធកីឡាជាតិ បើកដំណើរការហាត់ហ្វឹកហ្វឺន និងប្រកួតលីគ របស់ខ្លួនឡើងវិញជាជំហានៗ ប៉ុន្តែត្រូវមានផែនការច្បាស់លាស់ និងត្រូវគោរពតាមលក្ខខណ្ឌសុវត្ថិភាពមួយចំនួន ។
សូមជម្រាបជូនថា៖ បញ្ហាជំងឺកូវីដ១៩ លោកស្រីវេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាល បានអំពាវនាវដល់ប្រជាពលរដ្ឋឲ្យចូលរួមបង្ការ និងទប់ស្កាត់ជំងឺកូវីដ១៩ ឲ្យបានកាន់តែសកម្មថែមទៀត ដើម្បីកុំឲ្យមានរលកទី២ កើតមានឡើងក្នុងប្រទេសកម្ពុជា។
ការអំពាវនាវរបស់មន្ត្រីជាន់ខ្ពស់ក្រសួងសុខាភិបាលរូបនេះ នៅក្នុងធ្វើសន្និសីទសារព័ត៌មានប្រចាំសប្តាហ៍ ស្តីពីបច្ចុប្បន្នភាពជំងឺកូវីដ១៩ នៅក្នុងប្រទេសកម្ពុជា នាពាក់សប្តាហ៍ទី២ ខែឧសភា ឆ្នាំ២០២០ កន្លងទៅ។
លោកស្រី ឱ វណ្ណឌីន បានបញ្ជាក់យ៉ាងដូច្នេះថា៖ «ការដែលយើងរៀបអាពាហ៍ពិពាហ៍ ឬរៀបចំពិធីផ្សេងៗ ក្រសួងសុខាភិបាល នៅតែអំពាវនាវហើយអំពាវនាវទៀត ប្រសិនបើយើងផ្អាកបាន យើងអាចពន្យារពេលបាន វាគឺជាការល្អ។ ដោយសារយើងបានលឺហើយ អង្គការសុខភាពពិភពលោក ទើបតែបានលើកឡើងអម្បាញ់មិញនេះទេ ព្រះរាជាណាចក្រកម្ពុជា នៅតែស្ថិតមានហានិភ័យនៅឡើយទេ យើងមិនទាន់រួចចាកផុតពីការវាយលុកនៃកូវីដ១៩ នៅឡើយទេ»។
លោកស្រីបានបន្តថា «ថ្វីត្បិតតែ យើងអាចនិយាយបានថារលកទី១របស់យើង យើងគ្រប់គ្រងបានល្អប្រសើរក៏ពិតមែន ហើយយើងមិនមានអ្នកស្លាប់បាត់បង់ជីវិតក៏ដោយ ក៏ប៉ុន្តែមិនមែនមានន័យថា កូវីដ១៩ បានចាកចេញពីកម្ពុជាហើយនោះទេ»៕ដោយ៖សុខ ខេមរា


ចែករំលែក៖