ព័ត៌មានទាន់ហេតុការណ៍៖

រថយន្ត​ដឹកឥដ្ឋបុករថយន្តដឹកទំនិញ រុញទៅបុករថយន្តហាយឡេនឌ័រខូចខាតមួយចំហៀង

ចែករំលែក៖

ភ្នំពេញ៖  រថយន្ត​ដឹកឥដ្ឋបើកបុករថយន្តដឹកទំនិញរួចរុញទៅបុករថយន្តហាយឡេនឌ័រវិលជាច្រេីនជុំខូចខាតមួយចំហៀង។

ហេតុការណ៍នេះបានកេីតឡេីងកាលពីម៉ោង១និង៤៥នាទី​រសៀល​ថ្ងៃ​ទី​២៦ ខែឧសភា​ ឆ្នាំ​២០២០ ស្ថិត​នៅតាម​បណ្ដោយ​ផ្លូវ​ជាតិ​លេខ​៦ ខាងមុខបុរីឌឹផ្លរ៉ា ក្នុងភូមិក្តីចាស់ សង្កាត់បាក់ខែង ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ​។ 

រថយន្ត​បង្កដឹកឥដ្ឋម៉ាកហុីយ៉ាន់ដាយពណ៌ស ពាក់ស្លាកលេខភ្នំពេញ3B-1932 បេីកដោយបុរសម្នាក់មិនស្គាល់អត្តសញ្ញាណ។ចំណែករថយន្ត​រងគ្រោះទី១ម៉ាកហុីយ៉ាន់ដាយដឹកទំនិញពណ៌ខៀវពាក់ស្លាកលេខភ្នំពេញ3B-5470 បេីកដោយបុរសម្នាក់រួមដំណេីរជាមួយប្រពន្ធ។ រថយន្តរងគ្រោះទី២ម៉ាកតូយ៉ូតាហាយឡេនឌ័រ ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ2AM-2441បេីកដោយបុរសម្នាក់រួមដំណេីរដោយភ្ញៀវជិះ៦នាក់។ 

ប្រភពព័ត៌មាននៅ​កន្លែង​កើត​ហេតុ​បានឲ្យដឹងថា ​នៅមុនពេល​កើត​ហេតុ​ រថយន្ត​បង្កហេតុ និងរថយន្តហុីយ៉ាន់ដាយរងគ្រោះបេីកស្របទិសគ្នាតាមបណ្តោយផ្លូវជាតិលេខ៦ ក្នុងទិសដៅពីត្បូងទៅជេីងដោយរថយន្តរងគ្រោះបេីកខាងមុខ ខណៈមកដល់ជិតចំណុចកេីតហេតុរថយន្តរងគ្រោះសុីញ៉ូបត់ឆ្វេងស្រាប់តែរថយន្តបង្កបេីកលឿនជ្រុលទៅបុកពីក្រោយបណ្តាលឲ្យរុញទៅមុខជ្រុលទៅបុករថយន្តហាយឡេនឌ័រដែលមកពីជេីងទៅត្បូងបណ្តាលឲ្យខូចខាតមួយចំហៀងខាងឆ្វេង។ 

បន្ទាប់ពីកេីតហេតុភាគីទាំងបីបាននិយាយសម្រួលគ្នាបញ្ចប់រឿងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលបាក់ខែង៕ដោយ៖ជ្រោយ ពេជ្រ


ចែករំលែក៖