ខេត្តក្រចេះ៖ រថយន្តសាំយ៉ុងក្បាលសមួយគ្រឿង សរសេរអក្សរOK<>OK ជាសម្គាល់និងដឹកឈើសម្ញែងលានចេញក្រៅត្រូវសមត្ថកិច្ចកងរាជអាវុធហត្ថស្រុកស្នួលបង្ក្រាបបានភ្លាមៗខណៈដែលអ្នកបើកបរកំពុងធ្វើសកម្មភាពដឹកជញ្ជូនយ៉ាងគឃ្លើន។
ប្រតិបត្តិការនេះធ្វើឡើង នៅចំណុចភូមិផ្អាក ឃុំស្នួល ស្រុកស្នួល ខេត្តក្រចេះ នាវេលាម៉ោង៥និង៥៣នាទីល្ងាច ថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២០។
ការបង្ក្រាបរថយន្តដឹកឈើខាងលើ ដឹកនាំដោយលោកម៉ៅ សុផុន មេបញ្ជាការរងកងរាជអាវុធហត្ថស្រុកស្នួល ហើយលោកបានឲ្យដឹងថា ដោយមានការបញ្ជាផ្ទាល់ពីលោក អ៊ុល ឆាយ មេបញ្ជាការកងរាជអាវុធហត្ថស្រុកស្នួល បញ្ជាឲ្យលោកដឹកនាំកម្លាំងចេញប្រតិបត្តិការ បង្ក្រាបរថយន្តដឹកឈើខាងលើ ដែលជាការដឹកជញ្ជូនផលអនុផលព្រៃឈើ ខុសច្បាប់គ្មានច្បាប់អនុញ្ញាត ទើបឈានដល់ការបង្ក្រាបតែម្តង។
លោកបន្តថា ក្រោយការបង្ក្រាបរថយន្តខាងលើ កម្លាំងកងរាជអាវុធហត្ថស្រុក បានធ្វើរបាយការណ៍ផ្ទេរប្រគល់ទៅឱ្យរដ្ឋបាលព្រៃឈើស្រុកស្នួលដើម្បីចាត់ការតាមនិីតិវិធីបន្ត។ ឈើដែលបង្ក្រាបបាននោះជាប្រភេទឈើលេខ២គ្រឿងផ្ទះ ជាក់ស្តែងឈើខាងលើនេះសមត្ថកិច្ចមិនទាន់បញ្ជាក់ពីប្រវែងប៉ុន្មានម៉ែត្រ និងប៉ុន្មានម៉ែត្រគូបនោះនៅឡើយទេ៕ដោយ៖មាស សុផាត