ភ្នំពេញ៖ ជនសង្ស័យម្នាក់ ដែលត្រូវប្រជាពលរដ្ឋរស់នៅក្នុងភូមិព្រៃទា ដាក់រហស្សនាមថា មហាចោរលួចមិនរើសមុខ ប្រទះឃើញអីលួចហ្នឹងពេលនេះត្រូវបានកម្លាំងនគរបាលរដ្ឋបាលចោមចៅទី៣ ចុះបង្ក្រាបនិងឃាត់ខ្លួននាំយកទៅធ្វើការសាកសួរ កាលពីវេលាម៉ោង៩ព្រឹកថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២០ នៅក្នុងវត្តសុភាឃួន ស្ថិតក្នុងភូមិព្រៃទា សង្កាត់ចោចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
លោក ថេង កុសល នាយប៉ុស្តិ៍នគរបាលរដ្ឋបាលចោមចៅទី៣ បានប្រាប់ឱ្យដឹងថា ជនសង្ស័យឈ្មោះ ស្រ៊ុន ចិត្រា ភេទប្រុសអាយុ២០ឆ្នាំ មុខរបរនិងស្នាក់នៅមិនពិតប្រាកដ មានស្រុកកំណើតនៅខេត្ត ក្រចេះ។
លោកនាយប៉ុស្តិ៍បន្តថា មុនឈានទៅដល់ការឃាត់ខ្លួនជនសង្ស័យខាងលើ មានប្រជាពលរដ្ឋល្អបានរាយការណ៍ថា៖ មានជនសង្ស័យដើរលួចទ្រព្យសម្បត្តិអ្នកភូមិរាល់ថ្ងៃ ទោះរបស់មានតម្លៃរឺគ្មានតម្លៃក៏ដោយ ពោលគឺប្រទះឃើញអីលួចហ្នឹង ទើបធ្វើឱ្យប្រជាពលរដ្ឋក្តៅក្រហាយផងដែរ ។បន្ទាប់ពីទទួលដំណឹងភ្លាម លោកបានដឹកនាំកម្លាំងចុះទៅឃាត់ខ្លួនយកមកធ្វើការសាងសួរតែម្តង។
លោកបានបន្តថា នៅមុខសមត្ថកិច្ចជនសង្ស័យបានសារភាពថាខ្លួនពិតជាធ្លាប់ធ្វើសកម្មភាពលួចពិតប្រាកដមែន ហើយធ្លាប់ប្រើប្រាស់ថ្នាំញៀនអស់រយះពេល៦ឆ្នាំ និងធ្លាប់សមត្ថកិច្ចឃាត់ខ្លួន៣ដល់មកហេីយ។
បច្ចុប្បន្នជនសង្ស័យ ត្រូវបានសមត្ថកិច្ចកសាងសំណុំរឿងបញ្ជូនទៅអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យ ដើម្បីចាត់ការតាមច្បាប់៕ដោយ៖សុខា សែនជ័យ