ព័ត៌មានទាន់ហេតុការណ៍៖

នគរបាលចោមចៅទី៣ ឃាត់ខ្លួនមហាចោរលួចមិនរើសមុខម្នាក់ក្នុងភូមិព្រៃទា

ចែករំលែក៖

ភ្នំពេញ​៖​ ជនសង្ស័យម្នាក់ ដែលត្រូវប្រជាពលរដ្ឋរស់នៅក្នុងភូមិព្រៃទា ដាក់រហស្សនាមថា មហាចោរលួចមិនរើសមុខ ប្រទះឃើញអីលួចហ្នឹងពេលនេះត្រូវបានកម្លាំងនគរបាលរដ្ឋបាលចោមចៅទី៣ ចុះបង្ក្រាបនិងឃាត់ខ្លួននាំយកទៅធ្វើការសាកសួរ​ កាលពីវេលាម៉ោង៩ព្រឹកថ្ងៃទី២៨​ ខែឧសភា​ ឆ្នាំ២០២០​ នៅក្នុងវត្តសុភាឃួន​ ស្ថិតក្នុងភូមិព្រៃទា​ សង្កាត់ចោចៅទី៣​ ខណ្ឌពោធិ៍សែនជ័យ​  រាជធានីភ្នំពេញ​។

លោក ថេង​ កុសល​ នាយប៉ុស្តិ៍នគរបាលរដ្ឋបាលចោមចៅទី៣​ បានប្រាប់ឱ្យដឹងថា ជនសង្ស័យឈ្មោះ​ ស្រ៊ុន​ ចិត្រា​  ភេទប្រុសអាយុ២០ឆ្នាំ​ មុខរបរនិងស្នាក់នៅមិនពិតប្រាកដ​ មានស្រុកកំណើតនៅខេត្ត ក្រចេះ។

លោកនាយប៉ុស្តិ៍បន្តថា​ មុនឈានទៅដល់ការឃាត់ខ្លួនជនសង្ស័យខាងលើ​ មានប្រជាពលរដ្ឋល្អបានរាយការណ៍ថា​៖​  មានជនសង្ស័យដើរលួចទ្រព្យសម្បត្តិអ្នកភូមិរាល់ថ្ងៃ​ ទោះរបស់មានតម្លៃរឺគ្មានតម្លៃក៏ដោយ ពោលគឺប្រទះឃើញអីលួចហ្នឹង​ ទើបធ្វើឱ្យប្រជាពលរដ្ឋក្តៅក្រហាយផងដែរ ។បន្ទាប់ពីទទួលដំណឹងភ្លាម លោកបានដឹកនាំកម្លាំងចុះទៅឃាត់ខ្លួនយកមកធ្វើការសាងសួរតែម្តង។

លោកបានបន្តថា​ នៅមុខសមត្ថកិច្ចជនសង្ស័យបានសារភាពថាខ្លួនពិតជាធ្លាប់ធ្វើសកម្មភាពលួចពិតប្រាកដមែន​ ហើយធ្លាប់ប្រើប្រាស់ថ្នាំញៀនអស់រយះពេល៦ឆ្នាំ​ និងធ្លាប់សមត្ថកិច្ចឃាត់ខ្លួន៣ដល់មកហេីយ។

បច្ចុប្បន្ន​ជនសង្ស័យ ត្រូវបានសមត្ថកិច្ចកសាងសំណុំរឿងបញ្ជូនទៅអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យ ដើម្បីចាត់ការតាមច្បាប់៕ដោយ​៖សុខា សែនជ័យ​


ចែករំលែក៖