ព័ត៌មានទាន់ហេតុការណ៍៖

លេចធ្លោរលើការសម្តែង ប្រុស​ខួច ចាប់ការងារជាអ្នកបង្ហាញម៉ូតអាជីពវិញម្តង

ចែករំលែក៖

ភ្នំពេញ៖ រយៈពេល២ឆ្នាំចុងក្រោយនេះតារាសម្តែងស្រស់សង្ហា ប្រុសខួច​ ទទួលបាន​ឱកាស​ការងារសិល្បៈផ្នែកសម្តែងជាច្រើនបន្តបន្ទាប់ ដែលសុទ្ធសឹងជាតំណែងតួឯក។ លេចធ្លោរលើ​វិស័យសម្តែងកាន់តែខ្លាំង តារារូបនេះក៏ចាប់ផ្តើមបង្កើនការចាប់យកឱកាសការងារថ្មីមួយ​បន្ថែម​​ទៀតគឺការងារជាតារាបង្ហាញម៉ូត។

​អាជីពថ្មីមិនមែនត្រឹមតែជាការបង្កើនប្រាក់ចំណូល ប៉ុណ្ណោះទេ ប៉ុន្តែជាការងារដែល​ស្ថិតក្នុងក្តីស្រម៉ៃរបស់លោក និងអាចបង្កើនបទពិសោធន៍កាន់តែសម្បូរបែបស្ថិតក្នុងចង្កោម​សិល្បៈ។ លោកថាកន្លងមកក៏មានឱកាសហុចឲ្យដែរប៉ុន្តែដោយសារមិនអាចដកឃ្លារួច​ទើប​ចេះ​តែរំលង។ ទោះជាយ៉ាងណាពេលនេះលោកសម្រេចចិត្តចែករំលែកពេលវេលាពីការងារ​សម្តែង​មកចាប់ការងារជាអ្នកបង្ហាញម៉ូតខ្លះដើម្បីទទួលឱកាសនិងបទពិសោធថ្មីៗបន្ថែម។ សម្រាប់ការងារជាតារាសម្តែងវិញ លោកបញ្ជាក់ថានៅតែមមាញឹកដដែល ហើយលោកនឹង​ទទួលយកការសម្តែងវិញក្រោយពីស្ថានភាពជំងឺកូវីដ១៩ បានប្រសើរឡើងវិញបន្តិច។

​គួរបញ្ជាក់ដែរថា តារាសម្តែង ប្រុសខួច ចាប់ផ្តើមទទួលបានការគាំទ្រ​ច្រើនក្រោយពី​លោកហក់ចូលវិស័យសម្តែង តាមរយៈភាពយន្តជាច្រើនពិសេសភាពយន្តភាគដូចជារឿង “មនុស្សស្រី” រឿង”និស្ស័យបងប្អូន” រឿង”ដៃគូជីវិត” រឿង”មុខកាំបិតមុខស្នេហ៍”ជាដើម  ហើយ​ពេលនេះភាពយន្តភាគដែលកំពុងចាក់ផ្សាយ៣រឿងព្រមគ្នាលើកកញ្ចក់ទូរទស្សន៍បាយ័ន គឺរឿង “កុងត្រាស្នេហ៍” លើកញ្ចក់ទូរទស្សន៍ ហង្សមាស រឿង “កូនប្រសាអ្នកមាន” និងលើទូរទស្សន៍ PNN គឺរឿង”សង្គ្រាមមរតក”៕ ដោយ ៖វឌ្ឍនា

 


ចែករំលែក៖