ខេត្តប៉ៃលិន៖នៅព្រឹកថ្ងៃទី ៣០ ខែ ឧសភា ឆ្នាំ២០២០ លោក ស្វាយ សុផាត ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់និងនេសាទខេត្តប៉ៃលិនបានចុះផ្តល់បច្ចេកទេសចិញ្ចឹមមាន់ដែលទទួលបានផលចំណេញច្រើនដល់ប្រជាកសិករ។ បច្ចេកទេសការចិញ្ចឹមមាន់ដែលទទួលបានផលចំណេញច្រើនធ្វើឲ្យប្រជាកសិករនៅក្នុងខេត្តអាចបំពេញតម្រូវការស្បៀងអាហារនិងតម្រូវការហូបចុករបស់ប្រជាពលរដ្ឋបានមួយកម្រិត។
លោក សាយ សុផាត បានមានប្រសាសន៍ប្រាប់ឲ្យដឹងថា មកទល់ពេលនេះមន្រ្តីជំនាញរបស់មន្ទីរបានចុះទៅដល់ផ្ទះរបស់ ប្រជាពលរដ្ឋនៅតាមសហគមន៍តាមគោលដៅមួយចំនួនដើម្បីប្រឹក្សានិងផ្តល់បច្ចេកទេសស្តីពីការចិញ្ចឹមមាន់សាច់និងការភ្ញាស់កូនមាន់លក្ខណៈគ្រួសារឲ្យទទួលបានទិន្នផលខ្ពស់និងមានតម្លៃល្អសម្រាប់ទុកផ្គត់ផ្គង់ទៅកាន់ទីផ្សារក្នុងស្រុក។
លោកបានបន្តថាការផ្តល់បច្ចេកទេសដល់ប្រជាពលរដ្ឋស្តីពីការចិញ្ចឹមមាន់នេះ ពិតជាបានរួមចំណែកយ៉ាងសំខាន់ក្នុងការរកប្រាក់ចំណូលបន្ថែមពីការធ្វើស្រែចម្ការ និងដើម្បីបង្កើនជីវភាពប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋបានមួយកម្រិតថែមទៀត។
លោកបានបន្ថែមទៀតថា សព្វថ្ងៃនេះកសិដ្ឋាននៅក្នុងខេត្តមានការកើនឡើងចំនួន១៧កន្លែងបន្ថែមទៀតសម្រាប់ប្រជាកសិករក្នុងការចិញ្ចឹមជាលក្ខណៈគ្រួសារនិង២កសិដ្ឋានធំៗចិញ្ចឹមមាន់យកពងនិងសាច់។យើងចាត់ឲ្យក្រុមការងារមន្ត្រីជំនាញឲ្យចុះទៅផ្សព្វផ្សាយពីបច្ចេកទេសចិញ្ចឹមមាន់ដោយសារមានការកើនឡើងចំនួន១៧កន្លែងនិងដោយសារមន្ត្រីរបស់យើងទៅផ្សព្វផ្សាយពីបច្ចេកទេសក្នុងការចិញ្ចឹមធ្វើបទបង្ហាញឲ្យគាត់ឃើញថាបច្ចេកទេសហ្នឹងទទួលបានផលដូចជាក្នុងករណីគាត់ចិញ្ចឹមយកមាន់ពង យកមាន់មកភ្ញាស់កសិករចំនួន១៧នឹងគឺជាកសិករដែលគាត់មានទូភ្ញាស់យើងឲ្យទូភ្ញាស់ទៅគាត់ធ្វើលក្ខណៈបង្ហាញហើយពន្យល់ពីបច្ចេកទេសក្នុងការចិញ្ចឹមនិងការថែទាំការឲ្យចំណីឱ្យគាត់យកចិត្តទុកដាក់រឿងហ្នឹង។
លោកក៏បានអំពាវនាវឲ្យប្រជាកសិករទាំងអស់ ផ្ដោតសំខាន់ទៅលើការចិញ្ចឹមមាន់ តាមលក្ខណៈបច្ចេកទេសហើយមុននឹងធ្វើការផលិតអ្វីមួយត្រូវមានផែនការច្បាស់លាស់មិនថាផែនការក្នុងគ្រួសារឬផែនការក្នុងអាជីវកម្មដើម្បីធ្វើយ៉ាងណាឲ្យអាជីវកម្មសម្រេចបានជោគជ័យទទួលបានចំណូលច្រើន៕
ដោយ÷ ស សារ៉េត