បាតុកម្មក្លាយជាអំពើហិង្សារាលដាលជាង៤០ទីក្រុងនៅអាមេរិកប្រកាសអាសន្ន
បាតុកម្មនៅអាមេរិកក្លាយជាហិង្សារាលដាលដល់ទីក្រុងជាច្រើនដែល មកទល់ពេលនេះមានទីក្រុងជាង៤០ ក្នុងនោះមានទីក្រុងវ៉ាស៊ីនតោនបានចេញបញ្ជាអនុវត្តច្បាប់គ្រាអាសន្ន ដើម្បីគ្រប់គ្រងស្ថានភាព ។
ក្រោយការស្លាប់របស់លោកGeorge Floyd ដោយសារស្នាដៃប៉ូលិសអាមេរិកស្បែកស បានជំរុញឲ្យមានបាតុកម្មទ្រង់ទ្រាយធំកើតឡើងទូទាំងអាមេរិក ហើយក្លាយទៅជាអំពើហិង្សា។នៅពេលនេះកម្លាំងសន្តិសុខជាង៥ពាន់នាក់ ត្រូវបានដាក់ពង្រាយការពារទីក្រុងវ៉ាស៊ីនតោន និងរដ្ឋចំនួន១៧ផ្សេងទៀតនៅអាមេរិក។ ជាមួយគ្នានេះដែរមានទីក្រុង ជាង៤០ត្រូវបានប្រកាសអាសន្ន។ ចាប់តាំងពីថ្ងៃទី២៨ ខែឧសភា មកទល់ពេលនេះ ប៉ូលិសបានចាប់ខ្លួនបាតុករចំនួន២៥០០នាក់ហើយ។
កន្លងមក ក្រុមបាតុករបានឡោមព័ទ្ធសេតវិមានធ្វើឲ្យប្រធានាធិបតី ដូណាល់ ត្រាំ ត្រូវភៀសខ្លួនទៅកាន់រូងក្រោមដីដើម្បីមានសុវត្ថិភាព ។
សារព័ត៌មានCNN បានផ្សាយថា ប្រធានាធិបតីដូណាល់ ត្រាំ ត្រូវបានជម្លៀសចូលទៅកាន់រូងក្រោមដីក្នុងរយៈពេលខ្លី ក្រោយពីបាតុករឡោមព័ទ្ធសេតវិមាន។ ប្រធានាធិបតីដូណាល់ ត្រាំបានស្នាក់នៅរូងក្រោមដី រយៈពេល ១ម៉ោង ប៉ុន្តែគេមិនបានដឹងថា ភរិយារបស់លោក Melania Trump និងកូនប្រុសបានបញ្ជូនទៅកាន់រូងក្រោយដីដែរឬក៏យ៉ាងណានោះទេ។
នៅពេលនេះចលនាបាតុកម្មរបស់ក្រុមជនជាតិស្បែកខ្មៅ ដែលមានឈ្មោះថា«ខ្ញុំមិនអាចដកដង្ហើមបាន» បានរាលដាលដល់ប្រទេសអង់គ្លេសហើយ ។
កាលពីថ្ងៃទី៣១ ខែឧសភា ទីក្រុងឡុងដុង ប៉ូលិសបានចាប់ខ្លួនមនុស្ស២៣នាក់ដែលចូលរួមធ្វើបាតុកម្មប្រឆាំងសកម្មភាពប្រើហិង្សាលើជនជាតិស្បែកខ្មៅឈ្មោះ George Floyd នៅអាមេរិក។ សារព័ត៌មាន Daily Mail បានផ្សាយថា មានបាតុករ២៣នាក់ ត្រូវបានចាប់ខ្លួនព្រោះតែបានបំពានច្បាប់ហាមប្រាម ក្នុងនោះមានទាំងគម្លាតសង្គមទប់ស្កាត់ការឆ្លងកូវីដ-១៩។
ប៉ូលិសទីក្រុងឡុងដុង បានឲ្យដឹងថា បាតុករដែលបានចាប់ខ្លួនត្រូវបានឃុំខ្លួនជាបណ្តោះអាសន្ន ចំណែកក្រុមបាតុករត្រូវបានបំបែក ។ កាលពីថ្ងៃទី៣១ ខែឧសភា ចាប់ពីវេលាម៉ោង ៨ព្រឹក ក្រុមជនជាតិស្បែកខ្មៅនៅអង់គ្លេស បានបង្ហាញពីការសាមគ្គីជាមួយក្រុមជនជាតិស្បែកខ្មៅនៅអាមរិក ប្រឆាំងការរើសអើងជាតិសាសន៍។
បាតុកម្ម នៅអាមេរិកក៏ដូចជានៅមុខស្ថានទូតអាមេរិកនៅអង់គ្លេស ដោយបានលើកស្លាកបដាធំៗដោយមានសរសេរអក្សរថា«ខ្ញុំមិនអាចដកដង្ហើមបាន» នោះជាពាក្យដែលលោក George Floyd និយាយទៅកាន់ប៉ូលិសស្បែកស ក្នុងពេលប៉ូលិសរូបនោះសង្កត់កជាប់ ធ្វើឲ្យគាត់មិនអាចដកដង្ហើមបាន៕ធី រីណា