ព័ត៌មានទាន់ហេតុការណ៍៖

អ្នកសារព័ត៌មានជាង៦០នាក់រងការវាយប្រហារនៅអាមេរិក

ចែករំលែក៖

តាមសមាគមអ្នកសារព័ត៌មានអាមេរិក បានប្រកាសឲ្យដឹងថា មានអ្នកសារព័ត៌មានជាង៦០នាក់រងការវាយប្រហារ ឬត្រូវបានចាប់ខ្លួន ពីសំណាក់កម្លាំងសន្តិសុខអាមេរិក ចាប់តាំងពីផ្ទុះបាតុកម្មរហូតមកទល់ពេលនេះ។

សារព័ត៌មាន VOVបានផ្សាយនៅ ថ្ងៃទី២ ខែមិថុនាថា តាមការលើកឡើងរបស់សមាគមអ្នកសារព័ត៌មានអាមេរិក ហេតុការណ៍ខាងលើកើតឡើងក្នុងរយៈពេល២ថ្ងៃចុងក្រោយនេះ ក្នុងពេលអ្នកសារព័ត៌មានកំពុងតែផ្សព្វផ្សាយពីស្ថានភាពបាតុកម្មនៅទូទាំងសហរដ្ឋអាមេរិក ។

ប្រធានសមាគមអ្នកសារព័ត៌មានលោក Dan Shelly បានបង្ហាញក្តីបារម្ភយ៉ាងខ្លាំងពីស្ថានភាពនាពេលបច្ចុប្បន្ន ហើយអ្នកសារព័ត៌មានរងការវាយប្រហារ រារាំង ពីសមត្ថកិច្ច ប៉ះពាល់យ៉ាងខ្លាំងដល់ការផ្សព្វផ្សាយព័ត៌មានពិតពីអ្វីដែលកំពុងកើតឡើងនៅលើទឹកដីអាមេរិក។

ទីតាំងមជ្ឈមណ្ឌលព័ត៌មាន CNN នៅទីក្រុង Atlanta រដ្ឋ Georgia ត្រូវបានក្រុមបាតុករធ្វើឲ្យខូចខាតយ៉ាងខ្លាំងកាលពីចុងសប្តាហ៍កន្លងមក។ ស្ត្រីអ្នកសារព័ត៌មានម្នាក់រងការបាញ់ដោយគ្រាប់កៅស៊ូចំភ្នែក បណ្តាលឲ្យនាងពិការភ្នែកមួយចំហៀងជារៀងរហូត។ ជាមួយគ្នានេះ អ្នកសារព័ត៌មាន៨នាក់របស់បណ្តាញព័ត៌មាន AP ក៏រងរបួស ក្នុងអំពើហិង្សាពាក់ព័ន្ធនឹងបាតុកម្មនោះដែរ។

គណៈកម្មការការពារអ្នកសារព័ត៌មានអាមេរិក បានអំពាវនាវដល់មន្ត្រីក្នុងទីក្រុងនានា ត្រូវណែនាំដល់កម្លាំងប៉ូលិសមិនត្រូវវាយប្រហារសំដៅទៅលើក្រុមអ្នកសារព័ត៌មាននោះឡើយ ពិសេសគឺការបាញ់ដោយគ្រាប់កៅស៊ូជាដើម។ ជាមួយគ្នានោះក៏បានស្នើឲ្យមានវិធានការការពារអ្នកសារព័ត៌មានឱ្យបានល្អបំផុតផងដែរ៕ធី រីណា


ចែករំលែក៖