ទីក្រុងហុងកុង៖ នៅថ្ងៃទី២ ខែមិថុនានេះលោកស្រី ការី ឡាំប្រធានប្រតិបត្តិទីក្រុងហុងកុង បានចោទអាមេរិកថា កំពុងតែប្រើប្រាស់«ស្តង់ដារពីរ» ក្នុងការឆ្លើយតបនឹងបាតុកម្ម។ ការលើកឡើងបែបនេះ បន្ទាប់ពីអាមេរិកឆ្លើយតបនឹងបាតុកម្មនៅហុងកុង ខុសគ្នានឹងបាតុកម្មនៅក្នុងប្រទេសខ្លួន។
លោកស្រីការី ឡាំ បញ្ជាក់បែបនេះដោយសំអាងថា បាតុកម្មនៅក្នុងទីក្រុងហុងកុង ក៏មានលក្ខណៈស្រដៀងនឹងបាតុកម្មនៅក្នុងទឹកដីអាមេរិកដែរ ប៉ុន្តែរដ្ឋាភិបាលអាមេរិក បានអនុម័តវិធានការដកហូតគោលនយោបាយ ដែលផ្តល់សិទ្ធិពិសេសឲ្យហុងកុង។ ដោយឡែកការធ្វើបាតុកម្មនៅក្នុងទឹកដីអាមេរិក រដ្ឋបាលទីក្រុងវ៉ាស៊ីនតោន គឺមានប្រតិកម្មផ្សេង ខុសពីប្រតិកម្មលើបាតុកម្មក្នុងទឹកដីហុងកុង។
ជាការឆ្លើយតបនឹងសេចក្តីសម្រេចរបស់អាមេរិក លោកស្រី ការី ឡាំ ប្រធានប្រតិបត្តិទីក្រុងហុងកុង បានចោទអាមេរិកថា ប្រើប្រាស់«ស្តង់ដារពីរ» ទៅលើបាតុកម្ម។ តាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន AFP ប្រមុខដឹកនាំដែនដីស្វយ័តហុងកុងរូបនេះ បានលើកឡើងថាក្នុងរយៈពេលប៉ុន្មានសប្តាហ៍កន្លងមកនេះ លោកស្រីបានឃើញច្បាស់ណាស់ អាមេរិក កំពុងប្រើប្រាស់ស្តង់ដារពីរ ជុំវិញការរិះគន់លើបាតុកម្មនៅហុងកុង។
ការអនុម័តផែនការលើសេចក្តីស្នើច្បាប់សន្តិសុខជាតិហុងកុងរបស់សភាប្រជាជនចិន បូករួមការពិភាក្សាសេចក្តីស្នើច្បាប់ភ្លេងជាតិចិនលើកទីពីររបស់សភាហុងកុង បានធ្វើឲ្យប្រជាជនហុងកុង ចេញមកធ្វើបាតុកម្មសារជាថ្មី និងទ្រង់ទ្រាយធំ ដើម្បីប្រឆាំងនឹងឥទ្ធិពលរបស់ទីក្រុងប៉េកាំង។ ទាក់ទងនឹងបញ្ហានេះ ប្រធានាធិបតីអាមេរិក លោកដូណាល់ ត្រាំ បានបញ្ជាឲ្យរដ្ឋបាលរបស់លោកចាប់ផ្តើមដំណើរការលុបចោលគោលនយោបាយ ដែលផ្តល់សិទ្ធិ និងឋានៈពិសេសមួយចំនួនឲ្យហុងកុង ។
បន្ទាប់ពីមានករណីស្លាប់របស់ជនជាតិស្បែកខ្មៅ ប្រជាជនអាមេរិកជាច្រើនពាន់នាក់ បានចេញមកធ្វើបាតុកម្មក្នុងលក្ខណៈទ្រង់ទ្រាយធំ នៅតាមទីក្រុងតំបន់ផ្សេងៗ នៅទូទាំងអាមេរិក។ បញ្ហានេះ បានធ្វើឲ្យលោកត្រាំ ពង្រាយយោធាជាច្រើននាក់នៅក្នុងទីក្រុងវ៉ាស៊ីនតោន និងព្រមានពង្រាយយោធានៅទូទាំងប្រទេស ប្រសិនបើអភិបាលរដ្ឋនីមួយៗ មិនអាចទប់ស្កាត់បាតុកម្មបាន។
នាពេលកន្លងមក លោកស្រី ការី ឡាំ បានព្រមានអាមេរិកថា ការដកហូតសិទ្ធិ និងឋានៈពិសេសរបស់ហុងកុង ក៏នឹងធ្វើឲ្យប៉ះពាល់ដល់ផលប្រយោជន៍អាមេរិកផងដែរ ព្រោះមានក្រុមហ៊ុនអាមេរិកមិនតិចទេ ដែលរកស៊ីនៅហុងកុង។
សូមជម្រាបថា សភាប្រជាជនចិន នៅថ្ងៃទី២៨ ខែឧសភា បានអនុម័តលើផែនការសេចក្តីស្នើច្បាប់សន្តិសុខជាតិហុងកុង។ ការអនុម័តនេះ នឹងបើកផ្លូវឲ្យគណៈកម្មការអចិន្ត្រៃយ៍នៃសភាប្រជាជនចិន តាក់តែងច្បាប់សន្តិសុខជាតិហុងកុងឡើង។ ទីក្រុងប៉េកាំងបានបញ្ជាក់ថា សេចក្តីព្រាងច្បាប់ថ្មីនេះ នឹងបង្ការការធ្វើវិទ្ធង្សនា ចលនាផ្ដាច់ខ្លួន អំពើភេរវកម្ម និងការជ្រៀតជ្រៀកពីបរទេសនៅក្នុងទីក្រុង៕ដោយ៖ស តារា