រុស្សុី៖ នាយករដ្ឋមន្ត្រីរុស្ស៊ីលោកMikhail Mishustin នៅថ្ងៃទី ២ខែមិថុនា បានប្រកាសថា ប្រធានាធិបតីពូទីនបានឡើងគម្រោងចំណាយប្រាក់ដល់ទៅ៥០០០ពាន់លានរ៉ូប (ប្រមាណ៧២ពាន់លានដុល្លារអាមេរិក)ជួយដល់សេដ្ឋកិច្ចប្រទេសនេះដំណើរការល្អឡើងវិញ។
អ្នកសារព័ត៌មានTTXVN ប្រចាំនៅទីក្រុងមូស្គូប្រទេសរុស្ស៊ីបានរាយការណ៍ថា គម្រោងខាងលើគឺដើម្បីបង្កើតសេដ្ឋកិច្ច និងជួយដល់ពលរដ្ឋឲ្យមានការងារធ្វើ ឡើងវិញ។ ទាំងនោះជាគម្រោងចំណាយប្រាក់ ដ៏ច្រើនមិនធ្លាប់មាន ក្នុងពេលសេដ្ឋកិច្ចរងផលប៉ះពាល់ខ្លាំងដោយកូវីដ-១៩។
ជាមួយគ្នានេះដែរ នៅសប្តាហ៍ក្រោយរុស្ស៊ីនឹងដាក់ឲ្យប្រើប្រាស់ថ្នាំប្រឆាំងកូវីដ-១៩ Avifavir សម្រាប់ព្យាបាលអ្នកជំងឺ។ ក្រសួងសុខាភិបាលនឹងចែកចាយថ្នាំនេះនៅថ្ងៃទី១១ខែមិថុនាហើយថ្នាំផលិតបានគ្រប់គ្រាន់សម្រាប់ព្យាបាលដល់អ្នកជំងឺ៦ម៉ឺននាក់ ក្នុងមួយខែៗ។
ថ្នាំព្យាបាលកូវីដ-១៩បានដាក់ឈ្មោះក្នុងបញ្ជីពាណិជ្ជកម្មរុស្ស៊ី ថា Avifavir ជាប្រភេទថ្នាំសម្រាប់ព្យាបាលកូវីដ-១៩ដែលទទួលបានលិខិតអនុញ្ញាតឲ្យប្រើប្រាស់ក្រោយឆ្លងកាត់ការសាកល្បង។ ថ្នាំនេះអាចព្យាបាលអ្នកជំងឺកូវីដ-១៩ជាសះស្បើយក្នុងរយៈពេល៤ថ្ងៃ។ ចំណែកអ្នកជំងឺធ្ងន់អាចព្យាបាលរយៈពេល១០ថ្ងៃ។
មន្ត្រីសុខាភិបាលរុស្ស៊ីបានលើកឡើងថា ថ្នាំព្យាបាលកូវីដ១៩នេះ នឹងក្លាយជាថ្នាំដំបូងគេបង្អស់ ព្យាបាលវីរុសដ៏កាចសហាវ នេះនឹងជាក្តីសង្ឃឹមរបស់ពលរដ្ឋរុស្ស៊ី ក៏ដូចជា នៅជុំវិញពិភពលោក៕
ដោយ៖ធី រីណា