ព័ត៌មានទាន់ហេតុការណ៍៖

អុីតាលីអនុញ្ញាតឲ្យពលរដ្ឋធ្វើដំណើរដោយសេរីនៅក្នុងប្រទេស

ចែករំលែក៖

ប្រទេសអុីតាលី៖ សារព័ត៌មាន TTXVN នៅថ្ងៃ ទី៣ ខែមិថុនា បានផ្សាយថា អុីតាលីបានអនុញ្ញាតឲ្យពលរដ្ឋរបស់ខ្លួនមានសេរីភាពទាំងស្រុងឡើងវិញហើយនៅទូទាំងប្រទេស ចាប់ពីថ្ងៃ ទី៣ ខែមិថុនានេះទៅ ដោយមិនចាំបាច់ប្រាប់ពីមូលហេតុនោះឡើយ។ ជាមួយគ្នានេះ រដ្ឋាភិបាលអុីតាលីក៏បានអនុញ្ញាតឲ្យពលរដ្ឋមកពីប្រទេសផ្សេងៗ ក្នុងតំបន់ចូលមកកម្សាន្តនៅអុីតាលី ដោយមិនចាំបាច់កាត់ផ្តាច់១៤ថ្ងៃឡើយ។
ជាមួយគ្នានេះដែរ ជើងហោះហើរ អន្តរជាតិ នៅអាកាសយានដ្ឋាន ចំនួន៣ ក្នុងប្រទេសអុីតាលី បានបើកដំណើរការឡើងវិញហើយ ក្នុងនោះមាន ទីក្រុងរ៉ូម ទីក្រុងមីឡាន និងទីក្រុង Naples ។ ប៉ុន្តែរដ្ឋាភិបាលអុីតាលីនៅតែបារម្ភខ្លាចគ្មានអ្នកទេសចរមកកាន់ប្រទេសខ្លួននៅពេលនេះឡើយ បើទោះបីការឆ្លងកូវីដ-១៩ បានថយចុះក្តី ។
អុីតាលីបានបិទទ្វារប្រទេសតាំងពីថ្ងៃទី៣ ខែមីនា ដោយសារតែកូវីដ-១៩ ។ មកទល់ពេលនេះវិស័យមួយចំនួន ដូចជា រោងភាពយន្ត មហោស្រព មិនទាន់បើកទ្វារនៅឡើយទេ។ ចំណែកសាលារៀន វិញនៅតែបន្តបិទទ្វាររហូតដល់ខែកញ្ញា ។
ជាមួយគ្នានោះប្រទេសដែលមាន អ្នកឆ្លងកូវីដ-១៩តិច ដូចជា ប្រទេសស្វីស បានព្រមានដល់ពលរដ្ឋរបស់ខ្លួនថា នឹងត្រូវពិនិត្យសុខភាព ក្រោយដំណើរកម្សាន្តទៅកាន់អុីតាលី ។ ប្រទេសស្វីស បានប្រកាសថា បានបើកព្រំដែនទាំងស្រុងក្នុងសហគមន៍អឺរ៉ុប ដោយអ្នកទេសចរ ចូលមកទីនេះ មិនចាំបាច់កាត់ផ្តាច់រយៈពេល ១៤ថ្ងៃនោះឡើយ។ ក្រៅពីនេះ ក៏មានប្រទេសបែលហ្ស៊ិក  អង់គ្លេស នៅតែបន្តហាមប្រាមពលរដ្ឋរបស់ខ្លួនទៅបរទេសនៅឡើយទេ៕ដោយ៖ធី រីណា


ចែករំលែក៖