អន្តរជាតិ៖ បន្ទាប់ពីសហភាពអឺរ៉ុប នៅថ្ងៃទី២ ខែមិថុនាម្សិលមិញនេះ បានព្រមានអាមេរិកថា មិនត្រូវផ្លាស់ប្តូរវិន័យស្រេចតែនឹងចិត្តនឹកឃើញម្នាក់ឯងឡើយ។ ការបដិសេធនេះខណៈដែលលោកដូណាល់ត្រាំ ប្រធានាធិបតីអាមេរិកដែលចង់ពង្រីកកិច្ចប្រជុំបណ្តាប្រទេសដែលមានឧស្សាហកម្មជឿនលឿនទាំង៧ (G7) ដោយបញ្ចូលប្រទេសរុស្ស៊ីឡើងវិញ។ បន្ថែមពីនេះ សហភាពអឺរ៉ុបបានព្រមានអាមេរិក ថា មិនត្រូវផ្លាស់ប្តូរវិន័យស្រេចតែនឹងចិត្តនឹកឃើញម្នាក់ឯងឡើយ។
សូមជម្រាបថា ការនឹកឃើញចង់បញ្ចូលរុស្ស៊ីក្នុងកិច្ចប្រជុំ G7 ឡើងវិញកើតឡើងក្រោយលោកប្រធានាធិបតី ដូណាល់ ត្រាំអះអាងថា G7 ជាបណ្តុំប្រទេសដែលហួសសម័យ និងចង់អញ្ជើញថ្នាក់ដឹកនាំអូស្ត្រាលី រុស្ស៊ី កូរ៉េខាងត្បូង និងឥណ្ឌាឲ្យចូលរួមក្នុងកិច្ចប្រជុំនៅក្នុងខែកញ្ញា ឬពេលវេលាខាងមុខ។ ឆ្នាំនេះ អាមេរិកជាប្រធាននៃកិច្ចប្រជុំ G7 ។
បើតាមទីភ្នាក់ងារព័ត៌មាន Reuters តាមរយៈអ្នកនាំពាក្យសហភាពអឺរ៉ុបបានលើកឡើងថា G7 ជាកិច្ចប្រជុំពហុភាគីយ៉ាងសំខាន់ ហើយដែលមិនអាចកែប្រែជារៀងរហូតតាមតែការនឹកឃើញរបស់ប្រធានផ្លាស់វេនឡើយ។ជុំវិញការបដិសេធការបញ្ចូលរុស្ស៊ីឡើងវិញ សហភាពអឺរ៉ុបបានអះអាងថា៖ «ការចូលរួមរបស់រុស្ស៊ីក្នុងបណ្តាប្រទេសG8 នឹងត្រូវផ្អាក រហូតដល់ពេលដែលរុស្ស៊ីកែប្រែអត្តចរិក ដើម្បីឲ្យកិច្ចប្រជុំ G8 មានន័យសារជាថ្មី។ តែវា មិនមែនជាករណីនៅពេលនេះឡើយ»។
សហភាពអឺរ៉ុប បន្ថែមទៀតថា បើទោះបីវាជាសិទ្ធិរបស់ប្រទេសដែលជាប្រធានកិច្ចប្រជុំ ក្នុងការអញ្ជើញថ្នាក់ដឹកនាំប្រទេសដទៃមកចូលរួមប្រជុំ ដែលបង្ហាញពីអាទិភាពរបស់ប្រទេសនោះ ការផ្លាស់ប្តូរសមាជិកភាព និងទម្រង់មិនមែនជាសិទ្ធិឡើយ។ ការសម្រេចចិត្តទាក់ទងនឹងរឿងនេះ ត្រូវធ្វើឡើងជាឯកច្ឆន្ទក្នុងចំណោមសមាជិកឯទៀត។ អឺរ៉ុបមិនមែនជាសមាជិក G7 ប៉ុន្តែតែងមានមុខក្នុងកិច្ចប្រជុំ។ សមាជិកពេញសិទ្ធិមានអាមេរិក ជប៉ុន កាណាដាអ៊ីតាលី បារាំង អាល្លឺម៉ង់ និងអង់គ្លេស។
អង់គ្លេសដែលជាសមាជិក G7 ក៏បានច្រានចោលគំនិតដែលចង់បញ្ចូលរុស្ស៊ីចូលក្នុងកិច្ចប្រជុំវិញដែរ។ អ្នកនាំពាក្យខុទ្ទកាល័យនាយករដ្ឋមន្ត្រីអង់គ្លេសបានអះអាងថា៖ «អង់គ្លេសនឹងមិនគាំទ្រការត្រឡប់ចូលមកវិញរបស់រុស្ស៊ីក្នុងG7 ឡើយ លុះត្រាតែរុស្ស៊ីបញ្ឈប់សកម្មភាពឈ្លានពាន និងអស្ថិរភាព ដែលគំរាមកំហែងដល់សុវត្ថិភាពពលរដ្ឋអង់គ្លេស និងសន្តិសុខរួមរបស់សម្ព័ន្ធភាពយើង»។ ប៉ុន្តែអង់គ្លេសក៏មិនច្រានចោលការអញ្ជើញលោក វ្ល៉ាឌីមៀ ពូទីនប្រធានាធិបតីរុស្ស៊ីឲ្យចូលរួមក្នុងឋានៈជាភ្ញៀវឡើយ។
ទាក់ទងទៅនឹងការអញ្ជើញនេះ លោកនារិន្ទ្រា ម៉ូឌី នាយករដ្ឋមន្ត្រីឥណ្ឌា ទើបបានទទួលការអញ្ជើញជាផ្លូវការពីអាមេរិក។ និយាយសន្ទនាគ្នាតាមរយៈទូរសព្ទ លោក ម៉ូឌី លើកឡើងថា ឥណ្ឌារីករាយក្នុងការធ្វើការជាមួយអាមេរិកនិងបណ្តាប្រទេសដទៃទៀតក្នុង G7 ដើម្បីធានាឲ្យកិច្ចប្រជុំនេះប្រកបដោយជោគជ័យ។
ចំណែកឯនៅថ្ងៃទី៣ ខែឧសភានេះ គេរំពឹងថា រដ្ឋមន្ត្រីហិរញ្ញវត្ថុប្រទេសG7 និងប្រជុំអនឡាញជាមួយប្រធានធនាគារពិភពលោក និងមូលនិធិរូបិយវត្ថុអន្តរជាតិ ដើម្បីពិភាក្សាពីជំងឺរាតត្បាតCOVID-19 និងកិច្ចខំប្រឹងប្រែងដើម្បីកាត់បន្ថយផលប៉ះពាល់សេដ្ឋកិច្ច ៕ដោយ៖ស តារា