ប៉ូលិសអាមេរិក៥៧នាក់បានសុំឈប់ពីការងារ ក្រោយពីមិត្តរួមក្រុមត្រូវគេដកតំណែងដោយអយុត្តិធម៌។ អ្វីដែលប៉ូលិសបានធ្វើគឺអនុវត្តទៅតាមបទបញ្ជា ដូច្នេះមិនត្រូវទទួលរងការពិន័យបែបនេះឡើយ។
សារព័ត៌មាន CNN នៅថ្ងៃទី ៦ខែមិថុនា បានផ្សាយថា ប៉ូលិស៥៧នាក់នៅទីក្រុង Buffalo រដ្ឋញូវយ៉កអាមេរិក បានសម្រេចចិត្តដកខ្លួនចេញពីក្រុមប្រតិកម្មរហ័ស (ERT) ដើម្បីប្រឆាំងនិឹងការផ្អាកការងារដល់មិត្តរួមក្រុម២នាក់ ដោយសារតែរុញមនុស្សចាស់ម្នាក់ធ្វើឱ្យដួលបែកក្បាលហូរឈាម។
ប្រធានការិយាល័យទីក្រុងBuffalo បាននិយាយទៅកាន់សារព័ត៌មាន CNN ថា ប៉ូលិស៥៧នាក់ បានសុំឈប់ធ្វើការនៅក្នុងជួរកម្លាំងប្រតិកម្មរហ័ស (ERT) មិនមែនសុំចេញពីស្ថាប័នប៉ូលិសឡើយ។ ដោយក្រុមប្រតិកម្មរហ័ស (ERT) នឹងត្រូវប្រឈមដោយផ្ទាល់ជាមួយហ្វូងបាតុករ ។
តាមសារព័ត៌មានBuffalo News បានផ្សាយថា មន្ត្រីគ្រប់គ្រងក្នុងតំបន់លោក Poloncarz បាននិយាយថា សកម្មភាពខាងលើនិឹងធ្វើឲ្យប៉ះពាល់យ៉ាងខ្លាំងដល់ មុខមាត់ទីក្រុង។ លោកក៏បានបង្ហាញការខកចិត្តយ៉ាងខ្លាំងក្រោយប៉ូលិសក្នុងក្រុមពិសេស ៥៧នាក់ បានស្នើសុំចាកចេញពីក្រុម(ERT) ក្នុងពេលដែលកំពុងមានបាតុកម្មកើតឡើង។
នៅពេលនេះដែរ ប៉ូលិសទីក្រុងញូវយ៉ក បានប្រកាសថា និឹងបញ្ជូនកម្លាំងប៉ូលិសមកកាន់ទីក្រុង Buffalo ដើម្បីជួយដល់មន្ត្រីក្នុងតំបន់រក្សាសន្តិសុខសណ្តាប់ធ្នាប់ ក្រោយប៉ូលិស ៥៧នាក់ លាចេញពីក្រុមការងារពិសេសនេះ៕ធី រីណា