ខេត្តសៀមរាប៖ លោក សេង លន នាយសង្កាត់រដ្ឋបាលព្រៃឈើកន្ទួត–ខ្នាក្រៅនៃខេត្តសៀមរាប បានអំពាវនាវឱ្យបញ្ឈប់ការផ្ទេរសិទ្ធិរំលោភលើផ្ទៃដីព្រៃរបស់រដ្ឋដែលគ្រប់គ្រងដោយច្បាប់ ។ លោកបានបន្តថា ការលបលួចចូលកាប់ឈើនៅក្នុងតំបន់នេះ ត្រូវបានកាត់បន្ថយជាច្រើន ក៏ប៉ុន្តែអ្វីដែលជាការព្រួយបារម្ភខ្លាំងបំផុតនោះ គឺតំបន់ដីព្រៃក្រៅពីចម្ការពូជឈើ គ្រញូងនោះ កំពុងទទួលរងនូវគ្រោះថ្នាក់ដ៏ធ្ងន់ធ្ងរ ដោយការកើតឡើងនូវអំពើឃុបឃិតគ្នា រំលោភ វាស់វែងផ្ទេរកម្មសិទ្ធិ លក់ ដូរដីព្រៃរបស់រដ្ឋដែលគ្រប់គ្រងដោយច្បាប់។
លោកនាយសង្កាត់រដ្ឋបាលព្រៃឈើរូបនេះ បានបញ្ជាក់ឱ្យដឹងកាលពីថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០២០ថា ចាប់តាំងពីឆ្នាំ២០០៤រហូតមកដល់ បច្ចុប្បន្ននេះ ក្រោមការផ្តល់កិច្ចសហការដោយកងកម្លាំងកងទ័ពនៃយោធភូមិភាគទី៤ ជាមួយសង្កាត់រដ្ឋបាលព្រៃឈើកន្ទួត–ខ្នាក្រៅ ការងារអភិរក្សព្រៃឈើ ការទប់ស្កាត់ការបរបាញ់សត្វគ្រប់ប្រភេទនៅក្នុងតំបន់ដែលគ្រប់គ្រងដោយសង្កាត់រដ្ឋបាលព្រៃឈើកន្ទួត-ខ្នាក្រៅខេត្តសៀមរាបទទួលបានលទ្ធផលល្អប្រសើរ តាមរយៈនៃការចល័តល្បាតនៅពេលថ្ងៃ និងយាមកាមប្រចាំនៅពេលយប់តាមគោលដៅនានា ជាមួយនឹងការអប់រំបញ្ជ្រាបការយល់ដឹងជូនដល់ប្រជា សហគមន៍ផងដែរស្តីអំពីច្បាប់ព្រៃឈើ ។
សូមជម្រាបថា ដែនដីព្រៃដែលគ្រប់គ្រងដោយសង្កាត់រដ្ឋបាលព្រៃឈើកន្ទួត–ខ្នាក្រៅ មានប្រមាណជាង៨ម៉ឺនហិកតា ស្ថិតនៅក្នុងភូមិសាស្រ្តភូមិត្រពាំងថ្ម ឃុំកន្ទួត ស្រុកស្វាយលើ និងមួយផ្នែកទៀតស្ថិតក្នុងភូមិខ្នាររង្វះ ស្រុកបន្ទាយស្រី ដែលក្នុងនោះ មានដែនដីព្រៃចម្ការពូជឈើគ្រញូង ប្រមាណ ១១.៨៨៨ហិកតា ដែលត្រូវបានចាត់ទុកថា ជាតំបន់ប្រភពផ្តល់គ្រាប់ពូជតែមួយគត់នៅក្នុងប្រទេសកម្ពុជា។
លោកបានបន្ថែមថា ការអភិរក្សព្រៃឈើក្នុងតំបន់នេះ ត្រូវបានគាំទ្រដោយមូលនិធិមេគង្គឡានឆាង ក្រោមគម្រោងស្តារព្រៃឈើនិងលើកកម្ពស់ការប្រើប្រាស់ដោយនិរន្តរភាពនៅអាស៊ីអាគ្នេយ៍ ។
ចុងក្រោយលោក សេង លន បានសំណូមពរសុំឱ្យអាជ្ញាធរស្រុកពាក់ព័ន្ធ សហការចូលរួមដោះស្រាយករណីរំលោភច្បាប់ព្រៃឈើដោយការឃុបឃិតខាងលើ និងសុំឱ្យមានការគាំទ្រពីអាជ្ញាធរខេត្តសៀមរាបផងដែរដើម្បីបញ្ឈប់ជាស្ថាពរការផ្ទេរ ទិញ លក់ ដីព្រៃ របស់រដ្ឋដែលគ្រប់គ្រងដោយច្បាប់៕ដោយ៖សហការី