ប្រធានាធិបតីកូរ៉េខាងត្បូងលោកមូន ជេអុីន អាចប្រឈមនឹងការដាក់ទណ្ឌកម្ម ប្រសិនបើលោកទៅចូលរួមកិច្ចប្រជុំ G-7 (បើកទូលាយ)តាមការអញ្ជើញរបស់ប្រធានាធិបតី ត្រាំ ។ ការដាក់ទណ្ឌកម្មដូចដែលចិនបានអនុវត្តក្រោយប្រទេសនេះអនុញ្ញាតឲ្យអាមេរិកដាក់ប្រព័ន្ធមីស៊ីលការពារ THAAD នៅកូរ៉េខាងត្បូង។
កូរ៉េខាងត្បូងគឺជាប្រទេសមួយក្នុងចំណោម៤ប្រទេសដែលប្រធានាធិបតីដូណាល់ ត្រាំ បានអញ្ជើញទៅចូលរួមកិច្ចប្រជុំ G-7 បើកទូលាយនៅចុងឆ្នាំនេះ ដោយមានទាំងប្រទេសឥណ្ឌា អូស្ត្រាលី និងរុស្ស៊ី។ សកម្មភាពខាងលើរបស់លោកត្រាំ ត្រូវបានគេចាត់ទុកថាជាសកម្មភាពដើម្បីបង្កើតសម្ពន្ធមិត្តសេដ្ឋកិច្ចកាន់តែច្រើនដើម្បីប្រឆាំងចិន។
សារព័ត៌មាន South china morning post បានដកស្រង់សម្តីលោក Ji-Young Lee អ្នកឯកទេសវិភាគស្តីពីបញ្ហាឧបទ្វីបកូរ៉េ មាកពីមជ្ឈមណ្ឌល Rand Corporation បានបញ្ជាក់ថា « សកម្មភាពខាងលើរបស់លោកត្រាំ ក្នុងការអញ្ជើញមេដឹកនាំកូរ៉េខាងត្បូងទៅចូលរួមកិច្ចប្រជុំនៅទីក្រុងវ៉ាស៊ីនតោន គឺដើម្បីបញ្ជាក់ប្រាប់ចិនថា កូរ៉េខាងត្បូងក៏ជាសមាជិកក្នុងសម្ពន្ធមិត្តអន្តរជាតិ ដឹកនាំដោយអាមេរិក ក្នុងការរៀបចំសន្តិសុខសណា្តប់ធ្នាប់ នយោបាយសេដ្ឋកិច្ចនៅលើពិភពលោកដែរ។ សកម្មភាពរបស់ប្រធានាធិបតីដូណាល់ ត្រាំ កើតឡើងក្នុងពេលដែលចិន និងអាមេរិក កំពុងប្រឈមមុខតានតឹងដាក់គ្នាកាន់តែខ្លាំង ។
កូរ៉េខាងត្បូង គឺជាសម្ពន្ធមិត្តយោធា ដ៏សំខាន់ជាមួយអាមេរិក។ ប៉ុន្តែប្រទេសនេះគឺជាសម្ពន្ធមិត្តសេដ្ឋកិច្ច ធំបំផុតមិនអាចខ្វះបានជាមួយចិន។ ក្នុងវិស័យពាណិជ្ជកម្មទ្វេភាគីនាពេលកន្លងមក មានដល់ទៅ ២៤៤,៣ ពាន់លានដុល្លារ ក្នុងឆ្នាំ ២០១៩៕
ដោយ៖ធី រីណា