ភ្នំពេញ៖ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានចេញសេចក្តីប្រកាសព័ត៌មានរបស់ខ្លួន ស្តីពីលទ្ធផលនៃកិច្ចប្រជុំពិសេសរដ្ឋមន្ត្រីការបរទេសអាស៊ាន-រុស្ស៊ីស្តីពីកិច្ចសហប្រតិបត្តិការប្រយុទ្ធប្រឆាំងនឹងជម្ងឺឆ្លងកូវីដ-១៩ តាមរយៈប្រព័ន្ធវីដេអូ (Video Conference) ដែលបានធ្វើឡើងកាលពី ថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២០ នៅក្រសួងការបរទេស និងសហប្រ តិបត្តិការអន្តរជាតិ ។
លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំនេះ។
កិច្ចប្រជុំពិសេសរដ្ឋមន្ត្រីការបរទេសអាស៊ាន-រុស្ស៊ី តាមរយៈប្រព័ន្ធវីដេអូ (Video Conference) ស្តីពីជម្ងឺឆ្លងកូវីដ-១៩។
គឺសាធារណរដ្ឋឥណ្ឌូនេស៊ី ដែលជាប្រទេសសម្របសម្រួលទំនាក់ទំនងដៃគូសន្ទនាអាស៊ាន-រុស្ស៊ី បានធ្វើជាសហប្រធានដឹកនាំកិច្ចប្រជុំពិសេសនេះ ជាមួយសហព័ន្ធរុស្ស៊ី ។ នេះបើតាម ប្រកាសព័ត៌មាន របស់ក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ កម្ពុជា ដែលអង្គភាព សារព័ត៌មានឧត្តមគតិខ្មែរ ទទួលបាននាយប់ថ្ងៃទី១៧ខែមិថុនាឆ្នាំ២០២០នេះ ។
ក្រសួងការបរទេសនៃកម្ពុជា បានគូសបញ្ជាក់ថា កិច្ចប្រជុំពិសេសនេះ ជាផ្នែកមួយនៃភាពជាដៃគូយុទ្ធសាស្រ្តសាស្រ្តអាស៊ាន-រុស្ស៊ី និងជាឱកាសមួយសម្រាប់ ភាគីទាំងពីរពិភាក្សាគ្នាលើមធ្យោបាយនានា ដើម្បីលើកកម្ពស់កិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ ដែលផ្តល់ផលប្រយោជន៍ឱ្យគ្នាទៅវិញទៅមក ជាពិសេសក្នុងវិស័យសុខភាពសាធារណៈ ដើម្បីទប់ស្កាត់ផលប៉ះពាល់លើសេដ្ឋកិច្ចសង្គម ដែលបណ្តាលមកពីការរីករាលដាលនៃជម្ងឺឆ្លងកូវីដ-១៩ ។
អាស៊ាន និងរុស្ស៊ីបានជំរុញសហគមន៍អន្តរជាតិ ឱ្យដាក់របៀបវារៈនយោបាយដែលខុសគ្នារបស់ពួកគេដោយឡែក ។ ដោយងាកធ្វើសកម្មភាពរួមគ្នាវិញវិញ ក្នុងស្មារតីទទួលខុសត្រូវ សាមគ្គីភាព និងសហប្រតិបត្តិការគ្នា ដើម្បីគាំទ្រគ្នាទៅវិញទៅមកនៅក្នុងគ្រាដ៏លំបាកនេះ។
កិច្ចប្រជុំក៏បានគូសបញ្ជាក់អំពីសារៈសំខាន់នៃមជ្ឈភាពអាស៊ាន និងតួនាទីឈានមុខរបស់អាស៊ាន ក្នុងការរក្សានិម្មាបនកម្មតំបន់ដែលមានស្រាប់ ឱ្យឆ្លើយតបទៅនឹងការគំរាមកំហែងធំៗ ដូចជាជម្ងឺឆ្លង កូវីដ-១៩ ជាដើម ។
កិច្ចប្រជុំបានស្វាគមន៍ការបង្កើតមូលនិធិអាស៊ានសម្រាប់ឆ្លើយតបទៅនឹងជម្ងឺកូវីដ-១៩ និងឆន្ទៈរបស់ រុស្ស៊ី ក្នុងការចូលរួមចំណែកដល់មូលនិធិសម្រាប់ឆ្លើយតបទៅនឹងជម្ងឺកូវីដ-១៩នេះ ដោយប្រើប្រាស់ធនធានមូលនិធិហិរញ្ញវត្ថុនៃភាពជាដៃគូសន្ទនាអាស៊ាន-រុស្ស៊ី សម្រាប់ការអនុវត្តគម្រោងរួមគ្នា ក្នុងគោលបំណងប្រយុទ្ធប្រឆាំងនឹងគ្រោះអាសន្នសុខភាពសាធារណៈ។
ក្នុងអំឡុងពេលនៃកិច្ចប្រជុំពិសេសនេះ លោកឧបនាយករដ្ឋមន្ត្រី បានថ្លែងអំណរគុណដល់រុស្ស៊ី និងបណ្តាប្រទេសសមាជិកអាស៊ាននានា ដែលបានផ្តល់ការព្យាបាលនិងការថែទាំដល់ប្រជាជនកម្ពុជា។
ទន្ទឹម នឹងនេះ លោកឧបនាយករដ្ឋមន្ត្រី បានចែករំលែកនូវទស្សនៈ ដូចតទៅ៖ ដើម្បីប្រយុទ្ធប្រឆាំងនឹងការគំរាមកំហែងនាពេលអនាគត ដូចជាជម្ងឺរាតត្បាតជាដើម ពហុភាគីនិយមគឺជាអ្វីដែលមិនអាចខ្វះបាន ដោយសារបណ្តាប្រទេសនានាត្រូវការការសម្របសម្រួល និងការឆ្លើយតបរួមគ្នាថែមទៀត ដោយផ្អែកលើទិន្នន័យវិទ្យាសាស្ត្រ និងភស្តុតាង។ ប្រទេសទាំងអស់ចាំបាច់ត្រូវទទួលបានទាន់ពេលវេលា និងដោយគ្មានការរារាំង នូវថ្នាំបង្ការ និងវ៉ាក់សាំងដែលប្រកបដោយ គុណភាព សុវត្ថិភាព និងមានតម្លៃសមរម្យ ដែលជាទំនិញរួមរបស់ពិភពលោក។
ភាគីទាំងពីរ គួរតែបន្តទាញការគាំទ្របន្ថែមទៀតពីដៃគូក្នុងតំបន់ ដើម្បីអនុវត្តប្រកបដោយប្រសិទ្ធភាពនូវផែនការសកម្មភាពទីក្រុងម៉ានីល ដើម្បីជំរុញសេចក្តីប្រកាសទីក្រុងភ្នំពេញ ស្តីពីគំនិតផ្តួចផ្តើមអភិវឌ្ឍកិច្ចប្រជុំកំពូលអាស៊ីបូព៌ា ឆ្នាំ២០១៨-២០២២ ដែលផ្តល់អាទិភាពដល់កិច្ចសហប្រតិបត្តិការលើ «បញ្ហាសុខភាពពិភពលោក និងជម្ងឺឆ្លងរាតត្បាតនានា»។
ដោយទទួលស្គាល់នូវតួនាទីចម្បងរបស់អង្គការសុខភាពពិភពលោក នៅក្នុងការប្រយុទ្ឋប្រឆាំងនឹង ជម្ងឺកូវីដ-១៩ កម្ពុជារីករាយដែលអាស៊ាន និងរុស្ស៊ីបានគាំទ្រការអនុម័តសេចក្តីសម្រេចចិត្តដោយសម័យប្រជុំសភាសុខភាពពិភពលោក កាលពីខែឧសភាកន្លងមក និងបានទទួលស្គាល់សារៈសំខាន់នៃការអនុវត្តវិធានការសុខភាពនានា ស្របតាមសារាចរសុខភាពអន្តរជាតិឆ្នាំ២០០៥។
អាស៊ាន និងរុស្ស៊ី អាចធ្វើកិច្ចសហប្រតិបត្តិការជាមួយគ្នាបានច្រើនថែមទៀត ដើម្បីធ្វើឱ្យសេដ្ឋកិច្ច រីកលូតលាស់ឡើងវិញ តាមរយៈការធ្វើលំហូរពាណិជ្ជកម្ម វិនិយោគ និងទេសចរណ៍ ឲ្យបានខ្លាំងក្លាបំផុត ដែលជាផ្នែកមួយនៃដំណាក់កាលស្តារសេដ្ឋកិច្ចឡើងវិញ បន្ទាប់ពីវិបត្តិជម្ងឺកូវីដ-១៩។
ក្នុងនាមជាប្រទេសសម្របសម្រួលទំនាក់ទំនងដៃគូសន្ទនាអាស៊ាន-រុស្ស៊ី សម្រាប់ឆ្នាំ២០២១-២០២៤ ខាងមុខ កម្ពុជានឹងខិតខំប្រឹងប្រែងឱ្យអស់ពីសមត្ថភាព ដើម្បីថែបំប៉ន និងពង្រឹងថែមទៀតនូវទំនាក់-ទំនងដៃគូសន្ទនានេះ ដើម្បីជាប្រយោជន៍ដល់សន្តិភាព ស្ថិរភាព និងវិបុលភាពសម្រាប់យើងទាំងអស់ គ្នា។
កិច្ចប្រជុំបានអនុម័តសេចក្តីប្រកាសនៃកិច្ចប្រជុំពិសេសរវាងរដ្ឋមន្រ្តីការបរទេសអាស៊ាន-រុស្ស៊ីស្តីពីជម្ងឺឆ្លងកូវីដ-១៩ ហើយទន្ទឹងរង់ចាំការចូលរួមបន្ថែមទៀតរវាងអាស៊ាន និងរុស្ស៊ី ដើម្បីសម្របសម្រួលការឆ្លើយតបរួមគ្នាចំពោះបញ្ហាសុខភាពពិភពលោក ៕ដោយ៖សូរិយា