ព័ត៌មានទាន់ហេតុការណ៍៖

ក្រសួងការបរទេសកម្ពុជា បង្ហាញពីលទ្ធផលនៃកិច្ចប្រជុំពិសេសរដ្ឋមន្ត្រី​ការ​បរទេស​អាស៊ាន-​រុស្ស៊ី ស្តី​ពី​កិច្ច​សហប្រតិបត្តិការ​ប្រយុទ្ធប្រឆាំង​នឹង​ជម្ងឺ​ឆ្លង​កូវីដ-១៩ តាមរយៈប្រព័ន្ធវីដេអូ (Video Conference)

ចែករំលែក៖

ភ្នំពេញ៖ ក្រសួង​ការ​បរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ  បានចេញសេចក្តីប្រកាសព័ត៌មានរបស់ខ្លួន ស្តីពីលទ្ធផលនៃកិច្ចប្រជុំពិសេសរដ្ឋមន្ត្រី​ការ​បរទេស​អាស៊ាន-​រុស្ស៊ីស្តី​ពី​កិច្ច​សហប្រតិបត្តិការ​ប្រយុទ្ធប្រឆាំង​នឹង​ជម្ងឺ​ឆ្លង​កូវីដ-១៩ តាមរយៈប្រព័ន្ធវីដេអូ (Video Conference) ដែលបានធ្វើឡើងកាលពី ថ្ងៃទី១៧ ខែ​មិថុនា ឆ្នាំ​២០២០ នៅ​ក្រសួង​ការ​បរទេស និង​សហប្រ តិបត្តិការអន្តរជាតិ ។

លោក ប្រាក់​ សុខុន ឧប​នាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ការ​បរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ​ នៃព្រះរាជាណាចក្រកម្ពុជា បាន​អញ្ជើញ​ចូល​រួមក្នុងកិច្ចប្រជុំនេះ។

កិច្ចប្រជុំពិសេសរដ្ឋមន្ត្រីការបរទេស​អាស៊ាន-​រុស្ស៊ី តាម​រយៈ​ប្រព័ន្ធ​វីដេអូ (Video Conference) ស្តី​ពី​ជម្ងឺ​ឆ្លង​កូវីដ-​១៩។

គឺសាធារណរដ្ឋ​ឥណ្ឌូនេស៊ី ដែល​ជា​ប្រទេស​សម្រប​សម្រួល​ទំនាក់​ទំនង​ដៃ​គូ​សន្ទនា​អាស៊ាន​-​រុស្ស៊ី បាន​ធ្វើ​ជា​សហប្រធានដឹក​នាំ​កិច្ច​ប្រជុំ​ពិសេស​នេះ ​ជាមួយ​សហព័ន្ធរុស្ស៊ី​ ។ នេះបើតាម ប្រកាសព័ត៌មាន របស់ក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ កម្ពុជា ដែលអង្គភាព សារព័ត៌មានឧត្តមគតិខ្មែរ ទទួលបាននាយប់ថ្ងៃទី១៧ខែមិថុនាឆ្នាំ២០២០នេះ ។

ក្រសួងការបរទេសនៃកម្ពុជា បានគូសបញ្ជាក់ថា កិច្ចប្រជុំពិសេសនេះ ជាផ្នែកមួយនៃភាពជាដៃគូយុទ្ធសាស្រ្តសាស្រ្ត​អាស៊ាន​-​រុស្ស៊ី និង​ជា​ឱកាស​មួយ​សម្រាប់​  ភាគី​ទាំង​ពីរ​​ពិភាក្សា​គ្នា​លើ​មធ្យោបាយ​នានា ដើម្បី​លើក​កម្ពស់​កិច្ច​សហប្រតិបត្តិការ​លើ​គ្រប់​វិស័យ ​ដែល​ផ្តល់​ផល​ប្រយោជន៍​ឱ្យ​គ្នា​ទៅ​វិញ​ទៅ​មក ជាពិសេស​ក្នុង​វិស័យ​សុខភាព​សាធារណៈ​ ដើម្បី​ទប់​ស្កាត់​ផល​ប៉ះ​​ពាល់លើ​សេដ្ឋកិច្ច​សង្គម ដែល​បណ្តាល​មក​ពី​ការ​​រីក​រាល​ដាល​នៃ​ជម្ងឺ​ឆ្លង​កូវីដ-​១៩ ។

អាស៊ាន​ និង​រុស្ស៊ី​បាន​ជំរុញសហគមន៍អន្តរជាតិ ​ឱ្យ​ដាក់​​របៀប​វារៈ​នយោបាយ​​ដែលខុស​គ្នា​របស់​ពួក​គេ​ដោយឡែក ។ ដោយងាកធ្វើសកម្មភាពរួមគ្នាវិញវិញ ​ក្នុង​ស្មារតី​ទទួល​ខុស​ត្រូវ​ ​សាមគ្គីភាព និង​សហប្រតិបត្តិការគ្នា ​ដើម្បី​គាំ​ទ្រ​គ្នាទៅ​វិញ​ទៅ​មក​​នៅ​ក្នុង​គ្រាដ៏​លំបាក​នេះ។

កិច្ច​ប្រជុំ​ក៏​បាន​គូសបញ្ជាក់អំ​ពី​សារៈសំខាន់​នៃ​មជ្ឈភាព​អាស៊ាន  និង​តួនាទី​ឈាន​មុខ​របស់​អាស៊ាន​ ក្នុង​ការរក្សានិម្មាបនកម្ម​​តំបន់ដែល​មាន​ស្រាប់ ឱ្យ​​ឆ្លើយ​តប​ទៅ​នឹង​ការ​គំរាម​កំហែង​ធំ​ៗ   ​ដូច​ជា​ជម្ងឺ​ឆ្លង ​កូវីដ-​​១៩ ជាដើម ។

កិច្ច​ប្រជុំ​បាន​ស្វាគមន៍​ការ​បង្កើត​មូល​និធិអាស៊ានសម្រាប់ឆ្លើយតបទៅនឹងជម្ងឺកូវីដ-១៩ និងឆន្ទៈរបស់  រុស្ស៊ី​ ក្នុងការចូលរួមចំណែកដល់​មូល​និធិសម្រាប់​ឆ្លើយ​តបទៅនឹងជម្ងឺ​កូវីដ-​១៩នេះ ដោយ​ប្រើប្រាស់​​ធនធាន​​មូល​និធិ​ហិរញ្ញវត្ថុ​នៃ​ភាព​ជា​ដៃ​គូសន្ទនា​អាស៊ាន-​រុស្ស៊ី​ សម្រាប់ការអនុវត្ត​​គម្រោង​រួម​គ្នា ​ក្នុង​គោល​បំណងប្រយុទ្ធប្រឆាំង​​នឹង​គ្រោះ​អាសន្ន​សុខភាព​សាធារណៈ។

ក្នុងអំឡុង​ពេល​នៃ​កិច្ច​ប្រជុំ​ពិសេស​នេះ​ លោក​ឧបនាយករដ្ឋមន្ត្រី បាន​ថ្លែង​អំណរ​គុណ​ដល់​រុស្ស៊ី​ និងបណ្តាប្រទេសសមាជិកអាស៊ាននានា ដែល​​បាន​ផ្តល់​ការព្យាបាលនិងការថែទាំ​ដល់​ប្រជាជន​កម្ពុជា​។ 

ទន្ទឹម នឹងនេះ លោក​ឧបនាយករដ្ឋមន្ត្រី បាន​ចែក​រំលែក​នូវទស្សនៈ​ ដូច​តទៅ៖ ដើម្បីប្រយុទ្ធប្រឆាំងនឹងការគំរាមកំហែងនាពេលអនាគត ដូចជាជម្ងឺ​រាតត្បាតជាដើម ពហុភាគីនិយម​គឺជាអ្វីដែល​មិនអាច​ខ្វះបាន ដោយសារបណ្តាប្រទេសនានាត្រូវការការ​សម្របសម្រួល និងការឆ្លើយតបរួមគ្នាថែមទៀត ដោយផ្អែកលើ​ទិន្នន័យ​វិទ្យាសាស្ត្រ និងភស្តុតាង។​ ​ប្រទេសទាំងអស់​ចាំបាច់ត្រូវទទួលបានទាន់ពេលវេលា និងដោយគ្មានការរារាំង  នូវ​ថ្នាំបង្ការ និង​វ៉ាក់សាំងដែលប្រកបដោយ គុណភាព សុវត្ថិភាព និងមានតម្លៃសមរម្យ ដែល​ជាទំនិញរួមរបស់ពិភពលោក។

ភាគីទាំងពីរ គួរតែបន្តទាញការគាំទ្របន្ថែមទៀតពីដៃគូក្នុងតំបន់ ដើម្បីអនុវត្តប្រកបដោយប្រសិទ្ធភាពនូវផែនការសកម្មភាពទីក្រុង​ម៉ានីល ដើម្បី​ជំរុញសេចក្តីប្រកាសទីក្រុងភ្នំពេញ ស្តីពីគំនិតផ្តួចផ្តើមអភិវឌ្ឍកិច្ចប្រជុំកំពូលអាស៊ីបូព៌ា​​​ ​ឆ្នាំ២០១៨-​២០២២ ដែលផ្តល់អាទិភាពដល់កិច្ចសហប្រតិបត្តិការលើ «បញ្ហាសុខភាពពិភពលោក និងជម្ងឺឆ្លង​រាតត្បាតនានា»។

ដោយទទួលស្គាល់នូវតួនាទីចម្បងរបស់អង្គការសុខភាពពិភពលោក នៅក្នុងការប្រយុទ្ឋប្រឆាំងនឹង ជម្ងឺកូវីដ-១៩ កម្ពុជារីករាយដែលអាស៊ាន និងរុស្ស៊ីបានគាំទ្រការអនុម័តសេចក្តីសម្រេចចិត្តដោយសម័យប្រជុំសភាសុខភាពពិភពលោក កាលពីខែឧសភាកន្លងមក និងបានទទួលស្គាល់សារៈសំខាន់នៃការអនុវត្តវិធានការសុខភាពនានា ស្របតាមសារាចរសុខភាពអន្តរជាតិឆ្នាំ២០០៥។​

អាស៊ាន និងរុស្ស៊ី អាចធ្វើកិច្ចសហប្រតិបត្តិការជាមួយគ្នាបានច្រើនថែមទៀត  ដើម្បីធ្វើឱ្យសេដ្ឋកិច្ច រីកលូតលាស់ឡើងវិញ តាមរយៈការធ្វើលំហូរពាណិជ្ជកម្ម​  វិនិយោគ​ និងទេសចរណ៍ ឲ្យបានខ្លាំងក្លាបំផុត ដែលជាផ្នែកមួយនៃដំណាក់កាលស្តារសេដ្ឋកិច្ចឡើងវិញ បន្ទាប់ពីវិបត្តិជម្ងឺកូវីដ​-​​១៩។

ក្នុងនាមជាប្រទេសសម្របសម្រួលទំនាក់ទំនងដៃគូសន្ទនាអាស៊ាន-រុស្ស៊ី សម្រាប់ឆ្នាំ២០២១-២០២៤ ខាងមុខ កម្ពុជានឹងខិតខំប្រឹងប្រែងឱ្យ​អស់ពីសមត្ថភាព ដើម្បីថែបំប៉ន និងពង្រឹងថែមទៀតនូវទំនាក់-​ទំនងដៃគូ​សន្ទនានេះ ដើម្បីជាប្រយោជន៍ដល់សន្តិភាព​ ស្ថិរភាព និងវិបុលភាពសម្រាប់យើងទាំងអស់ គ្នា។

កិច្ចប្រជុំបានអនុម័តសេចក្តីប្រកាស​នៃកិច្ចប្រជុំពិសេស​រវាង​រដ្ឋមន្រ្តីការបរទេសអាស៊ាន-រុស្ស៊ីស្តីពីជម្ងឺ​ឆ្លង​​កូវីដ-១៩ ហើយទន្ទឹងរង់​ចាំការចូលរួមបន្ថែមទៀតរវាងអាស៊ាន និងរុស្ស៊ី ​ដើម្បី​សម្របសម្រួលការឆ្លើយតបរួមគ្នាចំពោះបញ្ហាសុខភាពពិភពលោក ៕ដោយ៖សូរិយា


ចែករំលែក៖