ព័ត៌មានទាន់ហេតុការណ៍៖

បុរសម្នាក់ធ្លាក់ពីលើអគារកំពស់៤ជាន់ស្លាប់បន្ទាប់ពីបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ

ចែករំលែក៖

ខេត្តបន្ទាយមានជ័យ៖ បុរសម្នាក់ជាកម្មករបានរងរបួសធ្ងន់ដោយធ្លាក់ពីលើអគារកំពស់៤ជាន់នៅវេលាម៉ោង៦និង៣០នាទីព្រឹកថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២០ ក្នុងការដ្ឋានសំណង់ក្រុមហ៊ុន ស្តាហ្គោល ស្ថិតនៅក្នុង ភូមិសាមគ្គីមានជ័យ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ហើយត្រូវបានកម្មករដូចគ្នានាំយកទៅសង្រ្គោះជាបន្ទាន់ផងដែរ តែជាអកុសលបានបាត់បង់ជីវិតនៅមន្ទីរពេទ្យ ។ 

  ជនរងគ្រោះ ឈ្មោះ ឆន ឆេន អាយុ៥១ ឆ្នាំ ភេទប្រុស  រស់នៅភូមិបំណាក់ ឃុំឈើតុំ ស្រុកក្រគរ ខេត្តពោធិ៍សាត់ មុខរបរកម្មករសំណង់ ស្នាក់នៅបន្ទប់កម្មករក្នុងការដ្ឋានសំណង់របស់ក្រុមហ៊ុន ស្តាហ្គោល ស្ថិតនៅក្នុងភូមិសាមគ្គីមានជ័យ សង្កាត់ប៉ោយប៉ែត ។ 

លោកអធិការនគរបាលក្រុងប៉ោយប៉ែតលោក ធិន ស៊ិនដេតបញ្ជាក់ថា៖នៅវេលាម៉ោង៦និង៣០នាទីព្រឹកជនរងគ្រោះ បានឡើងធ្វើការនៅលើអគារជាន់ទី ៤ស្រាប់តែធ្លាក់ពីអគារ បណ្តាលអោយរបួសបាក់ជើងឆ្វេង និងគ្រាំក្នុងខ្លួន ហើយត្រូវបានកម្មករធ្វើការជាមួយបានដឹកទៅកាន់មន្ទីរពេទ្យបង្អែកក្រុងប៉ោយប៉ែតឲ្យគ្រូពេទ្យជួយសង្គ្រោះ តែមិនអាចសង្គ្រោះបាន លុះដល់ម៉ោង៨ព្រឹកថ្ងៃដដែលទើបស្លាប់ ។សាកជនរងគ្រោះពេលនេះតម្កល់ទុកនៅមន្ទីរពេទ្យបង្អែកក្រុងប៉ោយប៉ែត ដើម្បីរងចាំសាច់ញាតិមកទទួលយកទៅចាត់ចែងធ្វើបុណ្យតាមប្រពៃណី៕ដោយ៖វណ្ណា


ចែករំលែក៖