ព័ត៌មានទាន់ហេតុការណ៍៖

ពលរដ្ឋ​ជិត​៨០លាននាក់នៅលើពិភពលោកចាកចោលផ្ទះសម្បែងដោយអំពើហិង្សាគ្រប់រូបភាព

ចែករំលែក៖

តាមរបាយការណ៍របស់ឧត្តមស្នងការអង្គការសហប្រជាជាតិស្តីពីជនភៀសខ្លន (UNHCR) បានប្រកាសនៅថ្ងៃទី​១៨ ខែមិថុនា​ថា បច្ចុប្បន្ននៅលើពិភពលោក មានពលរដ្ឋជិត​៨០លាននាក់បានចាកចោលផ្ទះសម្បែង ដោយសារតែអំពើហិង្សា ។ចំនួននេះគឺកើនឡើងជិតទ្វេដងបើប្រៀបធៀបនឹងមួយទសវត្សរ៍មុន។
តាមរបាយការណ៍របស់ ​UNHCR បានបញ្ជាក់ថា ក្នុងចំណោមមនុស្ស ៩៧នាក់ នៅលើពិភពលោក​ គឺមានមនុស្សម្នាក់​បានចាកចេញពីផ្ទះសម្បែង​ ដោយសារតែ សង្គ្រាមស៊ីវិល ជម្លោះជាតិសាសន៍​ ភាគច្រើនគឺនៅក្នុងប្រទេសស៊ីរី​ សាធារណរដ្ឋកុងហ្គោ​…។ គិតដល់ចុងឆ្នាំ​២០១៩ នៅលើពិភពលោកមានពលរដ្ឋត្រូវរស់នៅក្នុងស្ថានភាពភៀសខ្លួនមានដល់ទៅ​៧៩,៥ លាននាក់ សុំភៀសខ្លួនឬ​ចាកចេញពីផ្ទះសម្បែង​ទៅរស់នៅកន្លែងផ្សេងទៀត​។
ជាក់ស្តែងពលរដ្ឋ​៤៦លាននាក់ក្នុងចំណោមជិត៨០​លាននាក់បានចាកចេញពីផ្ទះទៅរស់នៅតំបន់ផ្សេងក្នុងប្រទេស​ដែលមិនមានអំពើហិង្សា​។ ជាមួយគ្នានេះមានពលរដ្ឋ​២៩លាននាក់​បានភៀសខ្លួនទៅរស់នៅក្រៅប្រទេស។​ នៅក្នុងឆ្នាំ​២០១៩​មានពលរដ្ឋ​១១លាននាក់​បានបោះបង់ចោលផ្ទះសម្បែង ក្នុងនោះមាននៅក្នុងប្រទេសកើតសង្គ្រាម​ដូចជា​ស៊ីរី លីបង់ ស៊ូដង់ជាដើម។
ប្រធានអង្គការ​UNHCR លោកFilippo Grandi បានឲ្យដឹងថា ពលរដ្ឋ​១ភាគរយនៃពលរដ្ឋទាំងអស់នៅលើពិភពលោកជាង ​៧,៧៩ពាន់លាននាក់មិនអាចវិលត្រឡប់ទៅផ្ទះឬស្រុកកំណើតដោយសារតែសង្គ្រាម​ និងអំពើហិង្សាជាតិសាសន៍​…៕

ដោយ៖ធី រីណា


ចែករំលែក៖