ព័ត៌មានទាន់ហេតុការណ៍៖

ចិនច្រានចោលព័ត៌មានថា ប្រធានាធិបតី ស៊ី ជីនពីង ជួយលោកត្រាំឲ្យជាប់ឆ្នោតអាណត្តិទីពីរ

ចែករំលែក៖

នៅថ្ងៃទី​១៨ ខែមិថុនា​ អ្នកនាំពាក្យក្រសួងការបរទេសចិន​បានប្រកាសនៅក្នុងសន្និសីទកាសែតថា​ ចិនគោរពទៅតាមគោលការណ៍មិនជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងប្រទេសផ្សេងទៀតនោះឡើយ។
កន្លងមកមានសារព័ត៌មានអាមេរិក បានដកស្រង់ខ្លឹមសារ​នៅក្នុងសៀវភៅរបស់អតីតទីប្រឹក្សាសន្តិសុខជាតិអាមេរិក​ John Bolton ​ដែលបានបញ្ជាក់ថា ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ​បានស្នើដល់ប្រធានាធិបតីចិន លោកស៊ី ជីនពីង ជួយឲ្យលោកជាប់ឆ្នោត​មួយអាណត្តិទៀត សម្រាប់ការបោះឆ្នោតនៅដើមខែវិច្ឆិកា ខាងមុខ។
ចិនបានគោរពទៅតាមច្បាប់មិនជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់ប្រទេសផ្សេងនោះឡើយ​ ហើយចិនក៏គ្មានបំណងលូកដៃចូលកិច្ចការបោះឆ្នោតរបស់អាមេរិកនោះដែរ​ រួមនឹងប្រទេសផ្សេងៗទៀត។
តាមសារព័ត៌មានអាមេរិក នៅក្នុងសៀវភៅ ដែលមានចំណងជើងថា​« “The Room Where It Happened: Memories of the White House” (ក្នុងបន្ទប់ដែលរឿងនោះបានកើតឡើង៖ អនុស្សាវរីយ៍ក្នុងសេតវិមាន ) របស់អតីតទីប្រឹក្សាសន្តិសុខជាតិ​​​ John Bolton ​ក៏បានលើកឡើងពី​ជំនួបរវាងលោកត្រាំ នឹងលោកស៊ី ជីនពីង បានជួបពិភាក្សាគ្នាបន្ទាប់ពីកិច្ចប្រជុំ​G20​នៅទីក្រុង អូសាកា ប្រទេសជប៉ុន កាលពីខែមិថុនា​ឆ្នាំ​២០១៩។ នៅពេលនោះ លោកត្រាំ​បានស្នើដល់ចិន ជួយទិញផលិតផលកសិកម្មអាមេរិក ដើម្បីជួយឲ្យលោកទទួលបានការគាំទ្រ​ពីបណ្តារដ្ឋដែលមានវិស័យកសិកម្មខ្ពស់។ ការដែលចិនជួយទិញសណ្តែក និងស្រូវសាលី គឺជាការជួយដល់លោកត្រាំ ទទួលបានលទ្ធផលល្អក្នុងការបោះឆ្នោត៕ដោយ៖ធី រីណា


ចែករំលែក៖