ព័ត៌មានទាន់ហេតុការណ៍៖

លែងកន្ធាយ​ក្បាល​កង្កែប ឬ​ល្មិច ១០០ក្បាល ទៅក្នុងជម្រកធម្មជាតិ នៃដងទន្លេមេគង្គ

ចែករំលែក៖

ក្រចេះ÷​អង្គការ​សមាគម​អភិរក្ស​សត្វព្រៃ (WCS) សហការ​ជាមួយ​រដ្ឋបាល​ជលផល​ខេត្តក្រចេះ បានលែង​កូន​កន្ធាយ​ក្បាល​កង្កែប ឬ​ល្មិច ចំនួន​១០០​ក្បាល ឲ្យទៅរស់នៅក្នុងជម្រកធម្មជាតិ នៃដងទន្លេមេគង្គវិញកាលពីព្រឹកថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២០នេះស្ថិតក្នុង​ស្រុក​សំបូរ ខេត្តក្រចេះ​។ មន្រ្តីអង្គការ WCS បាននិយាយថាពិធី​លែង​កូន​កន្ធាយ​ក្បាល​កង្កែប​នេះ មានការចូលរួមពី លោកឯកអគ្គរដ្ឋទូត​អាមេរិក​ប្រចាំ​កម្ពុជា អភិបាលរង​ខេត្តក្រចេះ តំណាង​រដ្ឋបាល​ជលផល ខណ្ឌ​ជលផល​ខេត្តក្រចេះ ទីភ្នាក់ងារ​ជំនួយ​អាមេរិក USAID គម្រោង​ព្រៃ​ឡង់​បៃតង សមាជិក​សហគមន៍​នេសាទ ក្រុម​អ្នកការពារ​សំបុក​ល្មិច ឆ្មាំ​ទន្លេ និង​អង្គការ WCSជាច្រើននាក់។​

មន្រ្តីដដែលអះអាងថា​បច្ចុប្បន្ន​អង្គការ WCS កំពុង​អនុវត្ត «​គម្រោង​អភិរក្ស​កន្ធា​យក្បាលកង្កែប» នៅតាម​ដង​ទន្លេមេគង្គ​ស្ថិតក្នុង ខេត្តក្រចេះ និង​ស្ទឹងត្រែង គម្រោង​នេះ​គាំទ្រ​ដោយ​សហភាព​អឺរ៉ុប សួនសត្វ​ព្រៃ​ស៊ី​ង​ហ្គា​ពួរ (WRS), USFWS Margaret A. Cargill Philanthropy Turtle Survival Alliance (TSA) ក្នុង​បំណង​ផ្សព្វផ្សាយ​ឲ្យ​ក្មេងៗ​ជំនាន់​ក្រោយ​យល់ដឹង និង​ស្គាល់​ប្រភេទ​សត្វ​ដែល​ជិត​ផុត​ពូជ​នេះ​។​

​សត្វ​កន្ធាយ​ក្បាល​កង្កែប ឬ​ល្មិច (Pelochelys cantorii) ត្រូវបាន​កំណត់​ក្នុង​បញ្ជី​ក្រហម​របស់ IUCN ថា ជា​ប្រភេទ​សត្វ​ដែល​រង​ការគំរាមកំហែង​ជាស​កល​ដែលយើងទាំអស់គ្នាត្រូវចូលរួមថែរក្សា៕


ចែករំលែក៖