ខេត្តស្វាយរៀង៖ មានការភ្ញាក់ផ្អើលដល់អ្នកលក់ដូរនិងអ្នកដើរផ្សារខណៈឃើញមានអគ្គិភ័យឆាបឆេះតូបទិញលក់មាសមួយកន្លែង ប៉ុន្តែត្រូវបានសមត្ថកិច្ចមូលដ្ឋានមកធ្វើអន្តរាគមន៍ទាន់មិនឱ្យឆេះរាលដាលដល់តូបផ្សេងៗនៅក្បែរនោះឡើយ។មូលហេតុនៃការឆេះគឺមកពីម្ចាស់តូបដុតរំលាយប្លាទីន ហើយបែកចានរំលាយបណ្ដាលឲ្យខ្ទាតរងើកភ្លើងឆេះតូបខូចខាតប្លាទីនអស់ប្រមាណ៣០តម្លឹង។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១០និង១៥នាទីព្រឹកថ្ងៃទី២៣ខែមិថុនាឆ្នាំ២០២០ស្ថិតនៅផ្សារវាលយន្តកែងខាងជើងក្នុងភូមិវាលយន្តសង្កាត់ស្វាយរៀង ក្រុងស្វាយរៀង។
យោងតាមសមត្ថកិច្ចនគរបាលក្រុងស្វាយរៀងបានឱ្យដឹងថា ម្ចាស់តូបរងគ្រោះមានឈ្មោះ សុខ ហាន់ ភេទប្រុស អាយុ៤៧ឆ្នាំ មុខរបរទិញលក់មាស និងដូរលុយ រស់នៅក្នុងភូមិសង្កាត់ខាងលើ។
ចំពោះសម្ភារដែលខូចខាតរួមមានប្លាទីនប្រមាណ៣០តម្លឹងត្រូវបានហូរទៅតាមទឹកអស់ ប៉ុន្តែមិនបណ្ដាលឱ្យមានគ្រោះថ្នាក់ដល់អាយុជីវិតនោះទេ ខណៈប្រជាពលរដ្ឋបានសហការគ្នាជួយយកទឹកពន្លត់ និងប្រើទុយយោបាញ់ទឹកស្អាតដែលនៅក្បែរនោះរលត់បានទាន់ពេលវេលា។
រដ្ឋបាលក្រុងស្វាយរៀងសូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ អាជីវករទាំងអស់ សូមមានការប្រុងប្រយ័ត្នខ្ពស់ចំពោះចរន្តអគ្គិសនី ភ្លើងទៀន ធូប ចង្ក្រានផ្សេងៗ និងសូមកុំដាក់តាំងទំនិញលក់លើផ្លូវ ឬចិញ្ចើមផ្លូវ ដើម្បីជៀសវាងការកកស្ទះតាមផ្លូវ សម្រួលដល់ការធ្វើដំណើរ មានសោភណភាពល្អ ជាពិសេសពេលកើតមានបញ្ហាជាយថាហេតុ ត្រូវការផ្លូវរថយន្តពន្លត់អគ្គិភ័យដើម្បីបាញ់ទឹកជាដើម៕ យឹម សុថាន