ខេត្តឧត្ដរមានជ័យ៖ ថ្ងៃពុធ ៤កើត ខែអាសាឍ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២០វេលាម៉ោង៨៖០០នាទីព្រឹក មានប្រជាពលរដ្ឋមកពីភូមិពោធិវង្ស សង្កាត់បន្សាយរាក់ ក្រុងសំរោង ចំនួន៤១នាក់ក្នុងនោះមានស្រី១៥នាក់ តំណាងឱ្យ៦២គ្រួសារ មធ្យោបាយធ្វើដំណើរមានរថយន្ត១គ្រឿង ម៉ូតូ១៣គ្រឿង គោយន្តកន្ត្រៃ៣គ្រឿង បានមកតវ៉ានៅមុខសួនច្បារសាលាខេត្តឧត្ដរមានជ័យ។ ពេលនោះលោក អភិបាលក្រុងសំរោង បានអញ្ជើញពួកគាត់ឱ្យមកសាលាក្រុងនៅម៉ោង៩៖៤០នាទី លោក អភិបាលក្រុង បានឱ្យតំណាងរបស់លោក គឺលោកវ៉ា រិទ្ធី ជំនាញសុរិយោដីក្រុង សួរនាំអំពីបញ្ហាដែលពួកគាត់ប្តឹង។ពលរដ្ឋបានប្រាប់ថាពួកគាត់មកប្តឺងបុគ្គលមានឈ្មោះដូចខាងក្រោម៖
១.មេភូមិឈ្មោះ គឹម សារុន ដែលបានយកដីពួកគាត់លក់
២.ការមិនចេញប្លង់ឱ្យប្រជាពលរដ្ឋពេលពួកគាត់ធ្វើ ដោយយកលេសថាដីមានការពាក់ព័ន្ធ។
ក្រោយពីស្តាប់ការរៀបរាប់របស់ក្រុមអ្នកតវ៉ាហើយ តំណាងលោកអភិបាលក្រុងបានសន្យាជាមួយប្រជាពលរដ្ឋទាំងអស់ថា៖
១-លោកនឹងស្នើទៅថ្នាក់ដឹកនាំក្រុងសុំកោះអញ្ជើញលោកមេភូមិមកប្រជុំសួរនាំតើហេតុអ្វីបានជាមិនចេញប្លង់ឱ្យប្រជាពលរដ្ឋ។
២-ពាក់ព័ន្ធបញ្ហាយកដីពលរដ្ឋលក់ លោកនឹងស្នើសុំថ្នាក់ដឹកនាំជួបជាមួយមេភូមិផ្ទាល់ តើមូលហេតុអីបានជាយកដីពលរដ្ឋលក់ តើមានការយល់ព្រមពីប្រជាពលរដ្ឋឬអត់?
ជាចុងក្រោយតំណាងលោក អភិបាលក្រុងសន្យាថា នឹងដោះស្រាយឱ្យពួកគាត់ក្នុងពេលឆាប់ៗនេះ ទើបបងប្អូនប្រជាពលរដ្ខយល់ព្រមរំសាយវិលត្រឡប់ទៅលំនៅឋានវិញរៀងៗខ្លួន៕
ដោយ៖ប៉ែន នួន