ភ្នំពេញ៖ ក្មេងស្រីចំនួន២នាក់បានស្លាប់យ៉ាងអាណោចអាធ័មនិងក្មេងប្រុសម្នាក់ទៀតបានរួចផុតពីសេចក្តីស្លាប់បន្ទាប់ពីពួកគេចុះទៅលេងទឹកស្រះបង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង១២ថ្ងៃត្រង់ ថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២០ ស្ថិតនៅភូមិតានួន សង្កាត់កំបូល ខណ្ឌកំបូល រាជធានីភ្នំពេញ។
ជនរងគ្រោះដែលស្លាប់ទាំងពីរនាក់ ត្រូវជាបងប្អូនជីដូនមួយនឹងគ្នា
ទី១-ឈ្មោះ សើ កែវរក្សា អាយុ ៩ឆ្នាំ ភេទស្រី ស្នាក់នៅទីតាំងកន្លែងកើតហេតុ។
ទី២-ឈ្មោះ វុទ្ធី វត្តី អាយុ ១១ ឆ្នាំ ភេទស្រី ស្នាក់នៅទីតាំងកន្លែងកើតហេតុ។
តាមប្រភពព័ត៌មានបានឲ្យដឹងថា នៅមុនពេលកើតហេតុក្មេងស្រីពីរនាក់និងក្មេងប្រុសម្នាក់ទៀតត្រូវជាបងប្អូនជីដូនមួយនឹងគ្នាបាននាំគ្នាទៅស្រែដែលនៅក្បែរស្រះទឹកខាងលើ រួចដល់ពេលថ្ងៃបាននាំគ្នាត្រឡប់មកផ្ទះវិញ តែពេលមកដល់ចំណុចស្រះទឹកខាងលើ ក៏បាននាំគ្នាចុះងូតទឹកស្រាប់តែរអិលជើងលិចក្មេងស្រីទាំង២នាក់តែម្តង ចំណែកក្មេងប្រុសម្នាក់ទៀតឃើញដូច្នេះក៏រត់ឡើងគោកវិញរត់ទៅប្រាប់អ្នកផ្ទះនាំគ្នាផ្អើលឆោឡោរត់ទៅស្រង់រួចដឹកយកទៅសង្រ្គោះភ្លាមៗដែរតែអកុសល ក្មេងស្រីទាំង២នាក់បានស្លាប់បាត់ទៅហើយ ទើបរាយការណ៍ទៅសមត្ថកិច្ចឱ្យមកធ្វើកំណត់ហេតុជាក់ស្តែង រួចប្រគល់សពឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕ដោយ ៖សុខាសែនជ័យ