ព័ត៌មានទាន់ហេតុការណ៍៖

អ្នកនាំពាក្យក្រសួងការងារ៖ រដ្ឋចំណាយជិត ៤លានដុល្លារ ដើម្បីបើកប្រាក់ឧបត្ថម្ភជូនកម្មករ និយោជិតព្យួរការងារលើកទី៧

ចែករំលែក៖

ភ្នំពេញ៖ លោក ហេង សួរ រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ បានបញ្ជាក់នៅថ្ងៃទី២៣ ខែមិថុនាឆ្នាំ២០២០ថាមានកម្មករ និយោជិតសរុបប្រមាណ ១៦៩,១៦១នាក់ ដែលក្រសួងត្រូវបើកប្រាក់ឧបត្ថម្ភជូនក្នុងរយៈពេល៧លើកនេះ ក្នុងនោះមានថវិកាសរុបប្រមាណ ១៥,៩២០,៤៧៥,៥៣០រៀល ឬប្រហែលនឹង ,៩លានដុល្លារអាមេរិក ត្រូវបានរដ្ឋបើកឧបត្ថម្ភជូនកម្មករ និយោជិតដែលត្រូវបានព្យួរការងារ។ លោក ហេង សួរ បន្ថែមថា បើកប្រាក់ឧបត្ថម្ភលើកទី៧ ជូនកម្មករ និយោជិតបម្រើការងារក្នុងវិស័យកាត់ដេរ និងវិស័យទេសចរណ៍ប្រមាណ ១២,៧៦០នាក់ មកពីសហគ្រាសចំនួន៣៤ ដែលត្រូវបានព្យួរការងារ

លោក ហេង សួរ បន្តថា ដោយសារការសុំព្យួរការងារមានរយៈពេលខុសៗគ្នាការទទួលបានក៏ខុសៗគ្នា ការទទួលបានប្រាក់ឧបត្ថម្ភក៏ផ្សេងៗគ្នា អាស្រ័យលើការផ្តល់ឯកសារ និងព័ត៌មានគ្រប់របស់រោងចក្រសហគ្រាសនីមួយៗ ដោយរាជរដ្ឋាភិបាល បានសម្រេចបញ្ចេញកញ្ចប់ថវិកាជាតិ ដើម្បីដោះស្រាយការលំបាករបស់កម្មករ និយោជិតក្នុងវិស័យកាត់ដេរ និងទេសចរណ៍ ដែលត្រូវបានព្យួរការងារដោយសារតែវិបត្តិបណ្តាលមកពីជំងឺកូវីដ១៩។

លោក ហេង សួរ អះអាងទៀតថា ការព្យួរកិច្ចសន្យាការងាររយៈពេល ៧ថ្ងៃដល់ ១០ថ្ងៃ ទទួលបានប្រាក់ឧបត្ថម្ភប្រមាណ ១៥ដុល្លារ, ព្យួរកិច្ចសន្យាការងាររយៈពេល ១១ថ្ងៃ ដល់ ២០ថ្ងៃ ទទួលបានប្រាក់ឧបត្ថប្រមាណ៣០ដុល្លារ ហើយសម្រាប់ការព្យួរកិច្ចសន្យាការងាររយៈពេល២១ថ្ងៃ ដល់១ខែ ទទួលបានប្រាក់ឧបត្ថម្ភ ៤០ដុល្លារ។

ការផ្តល់ប្រាក់ឧបត្ថម្ភនេះ ធ្វើឡើងតាមរយៈធនាគារឯកទេសវីង។ លោកហេង សួរ បានឱ្យដឹងថា កន្លងទៅមានកម្មករ និយោជិតមួយចំនួនមានការផ្លាស់ប្តូរលេខទូរស័ព្ទ បានធ្វើឱ្យខកខានមិនបានទទួលសារពីធនាគារឯកទេសវីង។ ទន្ទឹមនឹងនេះក៏មានអ្នកខ្លះបាត់អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរដែលត្រូវទៅបញ្ជាក់ពីសមត្ថកិច្ច ទើបអាចបើកប្រាក់ឧបត្ថម្ភនេះពីភ្នាក់ងារវីងបាន។

លោក ហេង សួរ បានបញ្ជាក់ថា ករណីខកខាននេះ មានចំនួនតិចតួច ហើយក្រសួងក៏បានសហការគ្នាដោះស្រាយបានដោយរលូនផងដែរ។លោករដ្ឋលេខាធិការរូបនេះ បានអះអាងថា ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នឹងបន្តសហការគ្នាជាមួយភាគីពាក់ព័ន្ធដើម្បីជំរុញការបើកផ្តល់ប្រាក់ឧបត្ថម្ភនេះឱ្យកាន់តែរលូនថែមទៀត។ដោយធនាគារឯកទេសវីង នឹងបង្វិលប្រាក់ឧបត្ថម្ភជូនរាជរដ្ឋាភិបាលវិញប្រសិនជាកម្មករ និយោជិត ខកខានមិនបានទៅបើកប្រាក់ឧបត្ថម្ភនេះក្នុងរយៈពេល ១០ថ្ងៃ បន្ទាប់ពីទទួលបានសារតាមទូរស័ព្ទពីធនាគារឯកទេសវីង។

លោក ហេង សួរ បានរំលឹកថា ដើម្បីបើកប្រាក់ឧបត្ថម្ភនេះ កម្មករ និយោជិតត្រូវយកអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ និងទូរសព្ទដែលទទួលបានសារនោះទៅកាន់ភ្នាក់ងារវីង ដែលនៅជិតបំផុត។ ការបើកប្រាក់ឧបត្ថម្ភនេះ មិនតម្រូវឱ្យបង់ថ្លៃសេវាទៅភ្នាក់ងារវីងឡើយ។ មិនតែប៉ុណ្ណោះលោក បានអំពាវនាវទៅដល់កម្មករ និយោជិត ដែលបម្រើការងារនៅរោងចក្រ សហគ្រាស ដែលមិនបានទទួលសារទូរសព្ទពីធនាគារឯកទេសវីង សូមទាក់ទងសួរព័ត៌មានបន្ថែម ឬធ្វើបច្ចុប្បន្នភាពលេខទូរសព្ទរបស់ខ្លួន ទៅរដ្ឋបាលរោងចក្រសហគ្រាសរបស់ខ្លួន៕ដោយ៖ស តារា


ចែករំលែក៖