ព័ត៌មានទាន់ហេតុការណ៍៖

លោកសាស្ដ្រាចារ្យ ម៉ម ប៊ុនហេង៖ អ្នកធ្វើតេស្ដរកមេរោគកូវីដ១៩ សរុបប្រមាណជាង៣ម៉ឺននាក់ គិតត្រឹមខែមិថុនានេះ

ចែករំលែក៖

ភ្នំពេញ៖ លោកសាស្ដ្រាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ដ្រីក្រសួងសុខាភិបាល បានថ្លែងថា «គិតចាប់ខែមករា ដល់ខែមិថុនានេះ ក្រសួងបានធ្វើតេស្ដរកមេរោគកូវីដ១៩ ដល់អ្នកជំងឺកូវីដ និងអ្នកជាប់ពាក់ព័ន្ធផ្ទាល់ និងប្រយោលប្រមាណជាង ៣ម៉ឺននាក់»

លោកសាស្ដ្រាចារ្យ ម៉ម ប៊ុនហេង ថ្លែងបែបនេះ នៅក្នុងឱកាសអញ្ជើញប្រកាសចូលកាន់តំណែងថ្មី លោកស្រីវេជ្ជបណ្ឌិត គឹម រ័ត្ននា ជាប្រធានមជ្ឈមណ្ឌលជាតិគាំពារមាតា និងទារក ជំនួសលោកស្រីសាស្ដ្រាចារ្យ ទុងរដ្ឋាវី ដែលត្រូវបានចូលនិវត្ដន៍ នៅថ្ងៃទី២៥ ខែមិថុនាឆ្នាំ២០២០នេះ។

រដ្ឋមន្ដ្រីក្រសួងសុខាភិបាល បានបញ្ជាក់ថា គិតចាប់ពីមានការផ្ទុះឡើងនៃជំងឺកូវីដ១៩លើកសកលលោក កម្ពុជាមានករណីឆ្លង១៣០នាក់ជាសះស្បើយ១២៨នាក់ គ្មានករណីស្លាប់ ហើយ២នាក់ទៀតសង្ឃឹមថានឹងជាសះស្បើយឆាប់ៗ។ ដោយអ្នកជំងឺកូវីដ១៩នៅកម្ពុជាកន្លងមកសុទ្ធសឹងតែជាករណីនាំចូលពីក្រៅប្រទេស ដូច្នេះយើងត្រូវតែខិតខំប្រឹងប្រែងរួមគ្នា ធ្វើយ៉ាងម៉េចកាត់បន្ថយកុំឱ្យមានការចម្លងពីខាងក្រៅបើមានករណីនាំចូលកូវីដ១៩នេះ ត្រូវរកឱ្យឃើញភ្លាម ហើយយកមកព្យាបាលនៅមន្ទីរពេទ្យភ្លាម ហើយនឹងតាមដានរកអ្នកដែលប៉ះពាល់ផ្ទាល់ និងប្រយោលយកមកធ្វើតេស្ដ និងចត្ដាឡីស័ក

លោករដ្ឋមន្ដ្រីគូសបញ្ជាក់ថា «មកដល់ពេលនេះ យើងមិនទាន់មានករណីឆ្លងនៅតាមសហគមន៍នោះទេ ហើយយើងនឹងបន្ដកិច្ចការនេះឱ្យកាន់តែមានម៉ត់ចត់ ដើម្បីគ្រប់គ្រង និងធានាបានថា មិនឱ្យចម្លងដល់អ្នកដទៃទៀតនៅតាមមូលដ្ឋាន» ទោះជាយ៉ាង យើងនៅតែបារម្ដព្រោះមិនចង់ឱ្យមានករណីឆ្លងច្រើន ហើយមានអ្នកជំងឺណាម្នាក់ទទួលមរណៈដោយជំងឺកូវីដ១៩នេះខណៈរកមិនទាន់ឃើញវ៉ាក់សាំង និងថ្នាំព្យាបាល»

ក្នុងឱកាសនោះដែរ រដ្ឋមន្ដ្រីក្រសួងសុខាភិបាល បានអំពាវនាវដល់ប្រជាពលរដ្ឋ បន្ដប្រុងប្រយ័ត្នខ្ពស់ កុំធ្វេសប្រហែសជាដាច់ខាតជាពិសេសក្រុមគ្រូពេទ្យ ត្រូវប្រើប្រាស់សម្លៀកបំពាក់, ម៉ាស,របាំងមុខការពារសុវត្ថិភាពពេលកំពុងព្យាបាលអ្នកជំងឺ បង្ការកុំឱ្យឆ្លងនូវជំងឺកូវីដ និងជំងឺផ្សេងៗទៀតព្រោះបើមានករណីឆ្លងនោះ វាអាចនឹងមានលទ្ធភាពចម្លងទៅអ្នកជំងឺកាន់តែច្រើនថែមទៀត៕ដោយ៖ស តារា


ចែករំលែក៖